ល្អណាស់! ឃើញទឹកលិចនៅភ្នំពេញពេក ជប៉ុនចំណាយលុយរាប់លានដុល្លារដាក់ប្រព័ន្ធលូប្រើបច្ចេកវិទ្យាម្ដង

ដូចធ្លាប់បានដឹងរួចមកហើយថា ជប៉ុនធ្លាប់បានជួយកម្ពុជាយើងច្រើនមកហើយ សាលារៀន ទីតាំងលក់ផលិតផលកសិកម្ម និង ផ្ដល់គ្រឿងបច្ចេកវិទ្យាដូចជា ឡានក្រុងដែលកំពុងបម្រើប្រជាពលរដ្ឋកម្ពុជាសព្វថ្ងៃនេះជាដើម ។

មិនត្រឹមតែប៉ុណ្ណោះ បើយោងតាម JICA Cambodia នាព្រឹកថ្ងៃអង្គារ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ តំណាងមកពីមន្ទីរសាធារណៈការនិងដឹកជញ្ជូន ស្ថានទូតជប៉ុន ទីភ្នាក់ងារ JICA ក្រុមហ៊ុនប្រឹក្សានិងម៉ៅការសំណង់ បានចូលរួម បើកការដ្ឋានដាក់ប្រព័ន្ធលូដោយប្រើបច្ចេកទេសខួង ស្ថិតក្រោម “គម្រោងការពារទឹកជំនន់ជំហានទី៤”។

ការដាក់ប្រព័ន្ធលូដោយបច្ចេកទេសខួងត្រូវបានប្រើប្រាស់ជាយូរណាស់មកហើយនៅក្នុងប្រទេសជប៉ុនហើយប្រទេសជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលបានប្រើប្រាស់នូវបច្ចេកវិជ្ជាដ៏ទំនើបបំផុតនេះ។

បច្ចេកវិជ្ជានេះអាចដាក់ប្រព័ន្ធលូដោយមិនធ្វើឲ្យមានផលប៉ះពាល់ដល់បរិក្ខាផ្សេងៗ ដែលមានស្រាប់នៅក្រោមដី។ 

ការដាក់ប្រព័ន្ធលូដោយប្រើបច្ចេកទេសខួងដែលមានប្រវែងសរុប ១,៥៦០ម៉ែត្រ និងជម្រៅ ៨ម៉ែត្រ នឹងត្រូវធ្វើឡើងនៅជុំវិញតំបន់វត្តភ្នំផ្នែកខាងជើង។

បច្ចេកទេសមួយនេះត្រូវបានយកមកប្រើប្រាស់ជាលើកដំបូងសម្រាប់ការដាក់ប្រព័ន្ធលូ នៅក្នុងរាជធានីភ្នំពេញ។ 

ជាទូទៅ តំបន់ការដ្ឋាននៅក្នុងទីក្រុងមានលក្ខណៈតូចចង្អៀតដូច្នេះគេប្រើប្រាស់បច្ចេកទេសនេះដើម្បីបញ្ជៀសការរំខាននិងការកកស្ទះដល់ការធ្វើដំណើរគ្រប់ប្រភេទ។

គួរបញ្ជាក់ផងដែរថា សម្រាប់គម្រោងនេះដែរគឺចំណាយទឹកប្រាក់ប្រមាណ ៣០ លានដុល្លារដែលជាជំនួយឥតសំណងរបស់ជប៉ុន ហើយគ្រោងធ្វើបញ្ចប់នៅត្រឹមខែ តុលា ឆ្នាំ ២០២១ ៕

អត្ថបទដោយ ៖ ឆាំ មករា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES