ជប៉ុន ចាប់ផ្តើមដាំ និងធ្វើអាជីវកម្មស្មៅមួយប្រភេទ នៅខេត្តបាត់ដំបង ខណៈតម្លៃទីផ្សារថ្លៃគួរសម

ប្រទេសជប៉ុន បានចាប់ផ្តើមធ្វើការដាំដុះ និងធ្វើអាជីវកម្មប្រភេទស្មៅចំណី Sorghum Silage ដែលគម្រោងនេះទទួលបានការជួយឧបត្ថម្ភគាំទ្រពីអង្គការ JICA សម្រាប់រយៈពេល០២ឆ្នាំ អនុវត្តដោយក្រុមហ៊ុន Applied Natural Products Co., Ltd (ANP) សហការនិងសម្របសម្រួលជាមួយអង្គការ CMAC និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្តបាត់ដំបង។

គម្រោង​ដាំ​ស្មៅ​ចំណី Sorghum Silage នេះ ត្រូវបាន​លើកឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក Yuji SEGOSHI ​ទីប្រឹក្សា និង​ជាអ្នក​សម្រប​សម្រួល​គម្រោង​នៃ​អង្គការ JICA លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយកមជ្ឈមណ្ឌល​ជាតិ​កំចាត់​មីន​កម្ពុជា កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម។

នាឱកាសនោះ លោក Yuji SEGOSHE បានឱ្យដឹងថា កាលពីឆ្នាំ ២០១៨ ការដាំស្មៅ ផលិតបានជាចំណីសត្វបានប្រមាណជា ២១១តោន សម្រាប់ផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយ នៅរាជធានីភ្នំពេញ ដោយក្នុង ០១តោន ទទួលបានតម្លៃពី ៧០-៨០ ដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុនគ្រោងនឹងបង្កើនការផលិតឲ្យបានដល់ ៤៥០តោន។ 

លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នផលិតកម្មនៅមានកម្រិត ការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ បញ្ហាចំបងក្នុងពេលបច្ចុប្បន្នគឺមធ្យោបាយ និងតម្លៃនៃការដឹកជញ្ជូន រួមជាមួយការកង្វះប្រភពទឹកស្រោចស្រព។ ដោយឡែក ដោយពិនិត្យឃើញអំពីសក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា ក្រុមហ៊ុនក៏មានបំណងបោះទុនវិនិយោគយកស្មៅប្រភេទនេះ មកផលិតជាជីកុំប៉ុស្តិ សម្រាប់បម្រើឲ្យវិស័យកសិកម្ម នាពេលអនាគត ផងដែរ។

ពាក់ព័ន្ធនឹងគម្រោងដាំស្មៅចំណី Sorghum Silage នេះ លោករដ្ឋមន្ត្រីបានធ្វើការគាំទ្រ និងលើកទឹកចិត្តដោយលោកបានបញ្ជាក់ថា បច្ចុប្បន្នបច្ចេកវិទ្យាកសិកម្មមានការរីកចម្រើន ការប្រើប្រាស់គ្រឿងយន្តកសិកម្មស្ទើរតែទាំងអស់ បានធ្វើឲ្យកសិករបង្វែរគោលដៅពីការចិញ្ចឹមគោ ក្របីសម្រាប់ជាកំលាំងអូសទាញ មកចិញ្ចឹមដើម្បីធ្វើពាណិជ្ជកម្មវិញ ដែលការផ្លាស់ប្តូរនេះ បានជួយដល់ពួកគាត់រកបានចំណូលបន្ថែមបានយ៉ាងល្អ ទន្ទឹមនឹងក្រសួងកំពុងជំរុញផលិតកម្មសត្វ និងចំណីសត្វបន្ថែមដែរ។

ជាមួយគ្នានេះ ក្នុងបរិបទថ្មីនៃកំណើនសេដ្ឋកិច្ច ប្រជាជន ទេសចរណ៍ និងជាពិសេសការប្រែប្រួលអាកាសធាតុ បានតម្រូវឲ្យក្រសួងផ្លាស់ប្តូរយុទ្ធសាស្រ្ត និងគោលដៅរបស់ខ្លួនពីការផលិត ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុកមកផលិត កែច្នៃ និងធ្វើការនាំចេញវិញ ៕

អត្ថបទដោយ៖ Lee

Adtag for Mobile Grow:-
Online

RELATED ARTICLES