ជប៉ុនកំពុងលោតផ្លោះទៅវិនិយោគនៅអង់គ្លេសខណៈផ្ទះខ្មោចនៅប្រទេសខ្លួនកើនដល់៨.៤៦លានខ្នងមិនទាន់មានដំណោះស្រាយ

កាលពីពេលថ្មីៗនេះរដ្ឋាភិបាលអង់គ្លេសបានសហការជាមួយក្រុមហ៊ុនSekisuiដែលជាក្រុមហ៊ុនសំណង់ផ្ទះដ៏ធំមួយរបស់ ប្រទេសជប៉ុនក្នុងការបណ្ដាក់ទុនវិនិយោគសាងសង់សំណង់ផ្ទះជាច្រើននៅចក្រភពអង់គ្លេសដើម្បីបំពេញតម្រូវការ ឲ្យបានគ្រប់គ្រាន់។

ដោយក្រុមហ៊ុនSekisui ប្រើប្រាស់បច្ចេកទេសសំណង់ផ្ទះទំនើបៗ ហើយត្រឹមតែខែមករា ឆ្នាំ ២០១៩ មាន​គម្រោង​សាងសង់​ជាច្រើន ដែលត្រូវបានក្រុមហ៊ុននេះបានសាងសង់ហើយលក់បានជាង ១៨.៩៧ ពាន់លានដុល្លារ ជាមួយប្រាក់ចំណេញ ១.១៤ ពាន់លានដុល្លារបាត់ទៅហើយ។

ដោយសារភាពជោគជ័យ និងបទពិសោធន៍ល្អបែបនេះហើយទើប រដ្ឋាភិបាលអង់គ្លេស បានសម្រេច​សហការជា​មួយ​ក្រុមហ៊ុន Sekusui ដើម្បីត្រៀមសាងសង់ផ្ទះតូចៗជាច្រើននៅចក្រភពអង់គ្លេស ដោយយកបច្ចេកទេសជប៉ុន សាងសង់​ឲ្យបានលឿន ប៉ុន្តែរចនាបទរបស់អង់គ្លេសដដែល។

ជាមួយការសហការមួយនេះគឺមានការបណ្ដាក់ទុន ៣៧.៩៥ លានដុល្លារ ពីក្រុមហ៊ុន Urban Splash , លោក Noel McKee អគ្គនាយកក្រុមហ៊ុន We Buy Any Car ក៏បណ្ដាក់ទុន ៥% ក្នុងសំណង់នោះដែរ រួមទាំងរដ្ឋាភិបាលអង់គ្លេស ក៏បានបោះទុន ៤៤.២៧ លានដុល្លារ និងក្រុមហ៊ុន Sekusui ក៏បានបណ្ដាក់ទុន ២៨.៤ លានដុល្លារទៅលើគម្រោងនេះផងដែរ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអង់​គ្លេសឆក់ទាញក្រុមហ៊ុនសំណង់​ដ៏ធំរបស់ជប៉ុនឱ្យទៅវិនិយោគនោះ​គឺខណៈប្រទេស​ជប៉ុនកំពុងជួបវិបត្តិនៃការកើនឡើងផ្ទះខ្មោចដែលគ្មានអ្នកនៅរហូតដល់៨.៤៦លានខ្នង។

ចំពោះបញ្ហានេះ ជប៉ុននៅមិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយហេតុថារដ្ឋបាលប្រចាំតំបន់ ពុំមាន​សិទ្ធិ​គ្រប់​គ្រាន់តាមផ្លូវច្បាប់ក្នុងការលក់ផ្ទះទាំងនោះចោល ដើម្បីយកប្រាក់ ឬយកទៅអភិវឌ្ឍន៍បន្តនោះទេ រួមទាំង​ចំនួន​ប្រជាជនជប៉ុនកំពុងមានការធ្លាក់ចុះទៀតនោះ បានធ្វើឲ្យមានការផ្ទុះឡើងនូវការបារម្ភយ៉ាងខ្លាំង រួមទាំងមាន​ការរំពឹងទុកទៀតផងដែរថា ឆ្នាំ 2065 ប្រជាជនជប៉ុនសរុបនឹងធ្លាក់ចុះទៅចំនួន 88 លាននាក់ ខណៈបច្ចុប្បន្ន​ប្រជាជនជប៉ុនមានចំនួន 126 លាននាក់។

អត្ថបទ៖ទួន កែវពិសី

Adtag for Mobile Grow:-
Online

RELATED ARTICLES