





បើនិយាយពីជំនួយរបស់ប្រទេសជប៉ុនដែលបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គេប្រាកដជានឹកឃើញទៅដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវជាតិ លេខ៦ ផ្លូវជាតិ លេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុប ២៥៤,៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៩,១លានដុល្លារ អាមេរិក ស្ពានគីហ្សូណា និងស្ពានត្សឹបាសាប្រវែងសរុប ៣៥៧៥ ម៉ែត្រ ចំណាយថវិកាប្រមាណ១៨៦ លានដុល្លារអាមេរិក និងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប១០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក។
ក្នុងនោះផងដែរ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឧត្តមឯកអគ្គរាជទូត MIKAMI Masahiro ក៏បានបង្ហើបពីគម្រោង ៖ បច្ចុប្បន្ននេះ ជប៉ុនកំពុងផ្ដល់ជំនួយឥត សំណងសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់កំពុងប្រឈមនឹងទឹកជំនន់ដែលសាងសង់ស្ពានចំនួន ៧កន្លែងស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ ៣៥លានដុល្លារ អាមេរិក និងផ្លូវជាតិលេខ៥ ប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ក្នុងទំហំថវិកាប្រមាណ៥០០លានដុល្លារ អាមេរិកផងដែរ។
គួរបញ្ជាក់ផងដែរថា បើទោះបីជាពិភពលោករួមទាំងកម្ពុជាផងដែរនោះ ត្រូវបាន យាយីដោយជំងឺកូវី-១៩ ក៏ដោយ ក៏ជំងឺនេះមិនបានរារាំងដល់ការអភិវឌ្ឍឡើយ ជាក់ស្ដែងគ្មានគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធណាដែលអសកម្ម ឬលុបចោលនោះទេ ហើយពិធីប្រគល់-ទទួលថ្ងៃនេះក៏ជាសកម្មភាពការងារក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងជប៉ុនក្នុងការបន្តបេសកកម្មកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតផងដែរ៕
អត្ថបទដោយ៖ នឹម ផានុន (Pranun)