តើពិតទេដែលនេះជាមូលហេតុធ្វើឱ្យអតីតក្រុមហ៊ុន Mfone ដ៏ល្បីល្បាញដួលរលំនោះ?

ក្រុមហ៊ុន Mfone គឺជាអតីតក្រុមហ៊ុនទូរគមនាគមន៍ដ៏ល្បីល្បាញមួយរបស់ប្រទេសថៃដែលចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជាភាគច្រើននិយមហៅថាប្រព័ន្ធទូរស័ព្ទលេខ ០១១ ជាដើម។ ប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួនកើតឡើង ដែលធ្វើឱ្យមានការប៉ះពាល់អាជីវកម្មមួយនេះ រហូតដល់ប្រកាសក្ស័យទុន និងជំពាក់បំណុលរាប់លានដុល្លារ។ ដោយយោងទៅតាមគេហទំព័រហ្វេសប៊ុក CamboFinance បានបង្ហើបពីបញ្ហាមួយចំនួនដែលជាដើមចមធ្វើឱ្យក្រុមហ៊ុននេះដួលរលំយ៉ាងដូច្នេះថា៖ “នរណា មិនចាំប្រព័ន្ធទូរសព្ទ Camshin ឬ Mfone ដែលវាគឺជាគូរប្រជែងដ៏ធំមួយ របស់ក្រុមហ៊ុន Hello Axiata, Mobitel និង Metfone តែត្រូវបានដាក់ពាក្យក្ស័យហ៊ុនទៅវិញ កាលពីដើមឆ្នាំ ២០១៣ ជាមួយបំណុលវ័ន្តក រយលានដុល្លារ។ Mfone ជាបុត្រសម្ព័ន្ធមួយរបស់ Thaicom ហើយកាលនោះ ដោយខ្លួនចង់យកឈ្នះគូរប្រកួត វាបានវិនិយោគយ៉ាងប្លូកទឹកប្លូកដីទៅលើការតម្លើង អង់តែនសេវា នៅគ្រប់ ខេត្ត-ស្រុក និងបង្កើតសេវាកម្មពិសេសៗជាច្រើន។

បញ្ហានោះគឺ Mfone មិនមានប្រាក់សុទ្ធយកទៅវិនិយោគឡើយ ហេតុដូច្នេះ ខ្លួនត្រូវចរចារស្នើសុំកម្ចីជាសម្ភារៈ អង់តែនសេវា ពីក្រុមហ៊ុន Huawei យកមកប្រើសិន និងធ្វើការសងរំលស់ទៅវិញ។ ខ្លួនក៏ចរចារសុំកម្ចីពីក្រុមហ៊ុនជាច្រើនទៀតដែរ ដែលមានខ្ទង់ ៣២៧។

ដោយសារតែ Mfone មិនអាចទាញយកប្រាក់ចំណូលបានច្រើន ហើយខ្លួនត្រូវធ្វើការសងម្ចាស់បំណុលច្រើន ដែលរួមមានទាំងក្រុមហ៊ុន Hello Axiata, Norwegian, Latelz រួមទាំងរដ្ឋផងដែរនោះ ទីបញ្ចប់ Mfone បានសម្រេចចិត្តដាក់ពាក្យក្ស័យហ៊ុននៅខែ មករាឆ្នាំ២០១៣។

បំណុលសរុបដែលខ្លួនត្រូវសងនោះ មានប្រមាណ​ ១៥៩ លានដុល្លារសហរដ្ឋអាមេរិចឯណោះ ខណៈទ្រព្យសម្បត្តិរបស់ Mfone ត្រូវបានប៉ាន់ស្មានថាមានប្រមាណជាង ១០០ លានដុល្លារប៉ុណ្ណោះ។ Mfone ត្រូវបានបង្ខំអោយលក់ទ្រព្យសម្បត្តិឡៃឡុងចោលទាំងអស់ដើម្បីសងម្ចាស់បំណុល តែបញ្ហានៅតែមិនទាន់បានដោះស្រាយនៅឡើយទេ ហើយនេះនៅមិនទាន់គិតអំពីបំណុលជំពាក់ប្រាក់ខែបុគ្គលិកដែលមានជាង ៤ លានដុល្លារសហរដ្ឋអាមេរិច ហើយបានអូសបន្លាយយ៉ាងយូរ ខែ ឆ្នាំ ទាំងនៅមិនទាន់មានដំណោះស្រាយច្បាស់លាស់។

មេរៀននៃបរាជ័យរបស់ក្រុមហ៊ុន Mfone នោះ គឺយើងមិនត្រូវបង្កើតបំណុលដើម្បីទៅរកស៊ីមុខជំនួញដែលមានការប្រកួតប្រជែងខ្ពស់ឡើយ ប្រសិនបើអ្នកមិនអាចធ្វើខ្លួនអោយពិសេសប្លែកពីគូរប្រជែង”។

សរុបមកវិញ គឺនេះគ្រាន់តែជាកត្តារួមផ្សំមួយចំនួន ហើយយោងតាមការខុមមិនពីអ្នកនិយមលេងបណ្ដាញសង្គម គឺអាចនឹងមានកត្តាធំៗផ្សេងៗមួយចំនួនទៀតដូចជា ភាពទន់ខ្សោយនៃការគ្រប់គ្រងដែលធ្វើឱ្យបុគ្គលិកខិលខូចមួយចំនួនអាចកេងប្រវ័ញ្ចធនធានក្រុមហ៊ុន ឬក៏កត្តាថៅកែដែលជាមេធំជាជនជាតិថៃកំពុងមានបញ្ហាផ្ទាល់ខ្លួនជាដើម។ ករណីទាំងអស់នេះ សហគ្រិនកម្ពុជាអាចធ្វើការសិក្សារៀនសូត្រ ដើម្បីអាចជៀសវាងនូវកំហុសឆ្គងនានាដើម្បីអាចដឹកនាំអាជីវកម្មរបស់ខ្លួនឱ្យជៀសផុតពីការដួលរលំ។ 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES