តើចំណូលកាន់តែច្រើន ចាយកាន់តែធំ បញ្ជាក់ថា អ្នកជាមនុស្សចាយលុយខ្ជះខ្ជាយឬ?

ខ្ញុំតែងតែលឺមនុស្សមួយចំនួននិយាយពាក្យមួយឃ្លាថា” ទូកធំក្ដោងធំ”។ តាមពិតទៅឃ្លានេះ គឺពួកគាត់ចង់សំដៅការចាយលុយពោលគឺមានន័យថា ចំណូលកាន់តែច្រើនចំណាយក៏ឡើងតាមកម្រិតចំណូលនោះដែរ។ 

ជាការពិតណាស់ ការតំឡើងចំណាយទៅតាមកម្រិតចំណូល​កើតមានចំពោះ​មនុស្សគ្រប់រូប ហើយនេះក៏ព្រោះតែមនុស្សមានចំណង់ តណ្ហា មហិច្ឆតាមិនចេះចប់មិនហើយ។ ឧទាហរណ៍ជាក់ស្ដែង ពីមុនអ្នកចង់បានម៉ូតូធំជិះ តែពេលបានម៉ូតូ អ្នកក៏ចាប់ផ្ដើមចង់បានឡានទំនើបជិះម្ដង។ 

ការតំឡើងចំណាយទៅតាមទឹកលុយនេះមិនមែន មានន័យថា អ្នកជាមនុស្សចាយលុយខ្ជះខ្ជាយនោះទេ ព្រោះជាធម្មតាមនុស្ស​កើតមកត្រូវតែធ្វើការផ្លាស់ប្ដូរ ឋានៈមុខមាត់ក្នុងការរស់នៅ ដូច្នេះ ពេលពួកគាត់រកចំណូលបានច្រើនជាងមុនក៏ចាប់ផ្ដើមចំណាយលុយក្នុងការរស់ឲ្យកាន់តែប្រសើរជាងមុន។

អ្នកទាំងអស់គ្នារាល់ថ្ងៃ ខំធ្វើការ ធ្វើជំនួញ រកស៊ី គឺដើម្បីរកចំណូល។ ​ទោះមានមនុស្សមួយចំនួននិយាយថា”ខ្ញុំចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនព្រោះចង់បង្កើតការងារឲ្យប្រជាជនខ្មែរ” តែក៏ស្ថិតក្រោមហេតុផលចង់រកចំណូលបានច្រើនជាងមុនដែរ។ ដូច្នេះពេលរកលុយបានអ្នកត្រូវចំណាយក្នុងការរស់នៅឲ្យសមស្រប់នឹងចំណូលរកបាននោះវាមិនមែនជារឿងអាក្រក់នោះទេ។

យ៉ាងណាមិញ ក៏មានអ្នកខ្លះរកចំណូលបានកាន់តែច្រើន តែអាចរក្សាការចំណាយដូចកាលពីពួកគាត់រកបានតិច ក៏ព្រោះតែពួកគាត់មានគោលដៅហិរញ្ញវត្ថុទៅលើអ្វីមួយដែលពួកគាត់គិតថាចាំបាច់។ 

ជាក់ស្ដែង មនុស្សមួយចំនួន រកបានកាន់តែច្រើនតែចាយសន្សំសំចៃដូចមុន ព្រោះពួកគាត់សន្សំលុយសម្រាប់ចំណាយលើអ្វីមួយនាពេលអនាគត់។ អាចថាពួកគាត់ សន្សំសំចៃលុយសម្រាប់ធ្វើជាគ្រាប់ពូជ សម្រាប់ចាប់ផ្ដើមអាជីវកម្ម ឬវិនិយោគជាដើម ឬក៏ ពួកគាត់គោលដៅទិញផ្ទះផ្ទាល់ខ្លួនរស់នៅ។

មនុស្សខ្លះ លៈបង់ជីវិតជាយុវ័យ ដោយពួកគាត់រកលុយបានសម្រាប់តែចំណាយទៅលើអ្វីដែលចាំបាច់ មិនសូវបានចំណាយលើការកម្សាន្តសប្បាយ ដូច្នេះពេលអាយុច្រើន ពួកគាត់អាចសល់លុយជាប់ខ្លួន សម្រាប់សម្រេចនូវគោលដៅហិរញ្ញវត្ថុធំៗក្នុងជីវិត ហើយពេលចាស់ជីវិតពួកគាត់ល្អប្រសើរ។ 

ចំណែកមនុស្សមួយចំនួនទៀត ស្ដាយជីវិតយុវ័យ ដូច្នេះពេលរកលុយបានគិតតែពីចំណាយលើការកម្សាន្តសប្បាយក្នុងជីវិតយុវ័យពួកគេ តែពេលពេលអាយុកាន់តែច្រើន ពួកគាត់នឹងមិនសល់លុយជាប់ខ្លួនជាដុំកំភួនឡើយ ព្រមទាំងមិនសម្រេចបាននូវគោលដៅសំខាន់ក្នុងជីវិតទៀត។ ម្យ៉ាទៀតទម្រាំតែពួកគេភ្ញាក់ខ្លួនចេះចាយវាយឲ្យមានប្រសិទ្ធភាពគឺស្ទើរតែហួសពេលហើយ៕

អត្ថបទដោយ៖ ទឿយ ហុង, Financial editor

Facebook: Toeuy Hong 

 

USNews Logo

RELATED ARTICLES