អ្នកជំនាញអចលនទ្រព្យ ប្រាប់តិចនិកទិញផ្ទះសម្រាប់ជួល ដើម្បីបានថ្លៃខ្ពស់

ការទិញផ្ទះសម្រាប់ដាក់ជួលបន្ត គឺជាការវិនិយោគអចលនទ្រព្យពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋខ្មែរយើងចូលចិត្តធ្វើ ព្រោះស្ថានភាពការអភិវឌ្ឍន៍សេដ្ឋកិច្ចតម្រូវការជួលធ្វើអាជីវកម្ម​មានច្រើន ដូចឱកាសបង្កើនចំណូលពីការជួលក៏បានច្រើនទៅតាមនោះដែរ។ ក៏ប៉ុន្តែមិនមែន សុទ្ធតែគ្រប់គ្នាអាចជោគជ័យ ឬទាញបានការជួលត្រឡប់វិញបានខ្ពស់នោះទេ អ្នកខ្លះក៏បរាជ័យ មិនសូវមានអ្នកជួល ឬជួលបានដែលតែក្នុងតម្លៃមិន​សាកសមតម្លៃវិនិយោគ។

ការទិញផ្ទះសម្រាប់ជួល ដើម្បីបានថ្លៃខ្ពស់ មិនមែនជារឿងចៃដន្យពេកនោះទេ តែកើតចេញពីការវិភាគល្អិតល្អន់អំពីហេតុផលសំខាន់ៗជំរុញឱ្យការជួលមានអត្រាខ្ពស់ជាងធម្មតា និងបទពិសោធន៍ធ្លាប់ធ្វើកន្លងមក។

លោក តេង រិទ្ធី ស្ថាបនិកក្រុមហ៊ុនR' Investment Groupថ្លៃងថា បើចង់បានថ្លៃជួលត្រឡប់ខ្ពស់ មុនវិនិយោគត្រូវស្វែងយល់អំពីលំហូរសេដ្ឋកិច្ចតំបន់ និងប្រភេទផ្ទះដែលយើងចង់វិនិយោគ។ ព្រោះតំបន់សេដ្ឋកិច្ចសក្តានុពលខ្លាំង ជាប់ផ្លូវធំៗ ត្រូវមានអាជីវកម្មធំៗឈានជើងចូលតំបន់នោះដែរ បើផ្ទះយើងមិនសាកសមនឹងអាជីវកម្មនោះទេ យើងមិនអាចជួលបានថ្លៃនោះទេ។ ហើយបច្ចុប្បន្ននេះ ផ្ទះអាជីវកម្មត្រូវបានគេមើលឃើញថា មានឱកាសជួលបានថ្លៃ ព្រោះគេសាងសង់សម្រាប់ការប្រកបអាជីវកម្មតែម្តង បង្កការងាយស្រួលសម្រាប់ម្ចាស់អាជីវកម្ម ជាទូទៅគេអភិវឌ្ឍន៍នៅផ្លូវធំៗ។

បន្ថែមពីលើនេះ អ្នកវិនិយោគត្រូវពិនិត្យ តាមដានព័ត៌ពីផែនការអភិវឌ្ឍន៍ នៅតំបន់ទាំងនោះ របស់វិស័យឯកជន និងរដ្ឋាភិបាល ព្រោះគម្រោងទាំងនេះនឹងជំរុញឱ្យមានការអភិវឌ្ឍន៍ច្រើនៗឡើង ទាញឱ្យការជួលមានតម្លៃខ្ពស់ផងដែរ។ យើងមិនអាចមើលតែរយៈពេលខ្លីនោះទេ ត្រូវមើលក្នុងរយៈពេលវែងនៅថ្ងៃអនាគត ព្រោះភ្លាមៗផ្ទះអាចជួលបានទាប តែ៣ ឬ៤ឆ្នាំក្រោយអាចថ្លៃជាងនេះ។

ត្រង់ចំណុចនេះ បើយើងចង់ចំណេញកាន់តែច្រើន គួរតែទិញនៅតំបន់អភិវឌ្ឍន៍ថ្មី ពោលគឺតំបន់លំហូរសេដ្ឋកិច្ចថ្មីដែលមិនទាន់មានការសាងសង់អគារច្រើន ដូច្នេះបើយើងបានបោះជំហ៊ានទៅមុន នោះឱកាសនៃការទាក់ទាញអ្នកជួលនឹងមានច្រើន ហើយឱកាសជួលបានថ្លៃទៅតាមការរីកចម្រើននោះដែរ។ ហើយផ្ទះនៅតំបន់ថ្មីយើងគួរតែទិញផ្ទះប្រកាសលក់លើកដំបូងដែលមិនទាន់​សាងសង់ ព្រោះតម្លៃនៅធូរថ្លៃ ឱកាសចំណេញច្រើនបើចង់លក់ចេញ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

 

RELATED ARTICLES