ង៉ែត ជូ៖ ប្រាប់ពីគន្លឹះសំខាន់២ធ្វើឱ្យយុវជនធ្វើការងារអាចក្លាយជាអ្នកវិនិយោគក្នុងរយៈពេលខ្លី

ដើម្បីអាចក្លាយជាសហគ្រិន ឫជាវិនិយោគិនដ៏ជោគជ័យមួយរូបក្នុងរយៈពេលខ្លី យុវជនកម្ពុជាគួរជ្រើសរើស ឬចាប់យកការងារណាដែលផ្តល់នូវឱកាសពង្រឹងសមត្ថភាព និងទទួលបានប្រាក់ខែខ្ពស់។ នេះបើតាមការលើកឡើងរបស់លោក ង៉ែត ជូ ដែលជាសហគ្រិន និងអ្នកជំនាញហិរញ្ញវត្ថុដ៏ឆ្នើមមួយនៅកម្ពុជា។

លោកបានលើកឡើងនូវគន្លឹះសំខាន់២ចំណុចដែលអាចធ្វើឱ្យយុវជនធ្វើការងារឱ្យគេអាចក្លាយជាអ្នករកស៊ី ឬអ្នកវិនិយោគបានក្នុងរយៈពេលខ្លី ទាំងវ័យក្មេង។

ចំណុចទី១ គឺការជ្រើសរើសយកការងារដែលផ្តល់ឱកាសឱ្យអ្នកអាចអភិវឌ្ឍសមត្ថភាព និងផ្តល់បទពិសោធន៍ល្អៗជាជាងជ្រើសរើសយកការងារដែលមានលំនឹង ឬ ការងារដែលមានកុងត្រារយៈពេលវែង។ ពោលគឺផ្តោតលើការងារណាដែលអាចជួយឱ្យអ្នកមានសមត្ថភាពពេញលេញអាចក្លាយខ្លួនជាអ្នកធ្វើជំនួញ ឬជាអ្នកវិនិយោគបាននាពេលអនាគត។ 

លោកបន្ថែមថា៖ អ្នកមិនគួរផ្តោតលើការងារដែលមានលំនឹងហើយគ្មានឱកាសរៀនសូត្រ ឬមានឱកាសរៀនសូត្រតិចតួចនោះទេ ព្រោះអ្វីដែលអ្នកត្រូវការគឺសមត្ថភាព ដើម្បីអាចឱ្យខ្លួនឯងប្រែក្លាយជាម្ចាស់ជំនួញ ឬអ្នកវិនិយោគដ៏មានសមត្ថភាពម្នាក់។

ចំណុចសំខាន់មួយទៀតគឺការជ្រើសរើសការងារដែលផ្តល់ប្រាក់ខែខ្ពស់ជាជាងការងារដែលផ្តល់កញ្ចប់ផលប្រយោជន៍ច្រើន។ អ្នកធ្វើការងារបណ្តើរឆ្លៀតធ្វើជំនួញ ឬវិនិយោគបណ្តើរដើម្បីទទួលបានបទពិសោធន៍ ដូច្នេះអ្នកគួរផ្តោតយកការងារណាដែលមិនត្រឹមតែផ្តល់ឱកាសឱ្យអ្នកបានទទួលបានទាំងបទពិសោធន៍ល្អៗនោះទេ អ្នកក៏គួរផ្តោតលើការងារណាដែលទទួលបានប្រាក់ខែច្រើនផងដែរ ព្រោះបើទទួលបានប្រាក់ខែច្រើន អ្នកក៏អាចខ្ចីប្រាក់ពីធនាគារយកមកធ្វើជាដើមទុនបានច្រើនដែរ។ 

អ្នកជំនាញហិរញ្ញវត្ថុមាឌល្អិតរូបនេះបានគូសបញ្ជាក់បន្ថែមថា៖ ពេលវាយតម្លៃកម្ចី ធនាគារគេមើលតែលិខិតបញ្ជាក់ប្រាក់ខែប៉ុណ្ណោះ គេមិនខ្វល់ថាក្រុមហ៊ុន ឬស្ថាប័នដែលអ្នកធ្វើការផ្តល់ធានារ៉ាប់រងសុខភាព ប្រាក់សោហ៊ុយធ្វើដំណើរ ឬចំណាយបេសកកម្ម របបសាំង ឬឯកសណ្ឋានប៉ុន្មានកុំប្លេក្នុង១ឆ្នាំនោះទេ៕

 

អត្ថបទដោយ៖ MENG SONGHUA

ប្រធាននិពន្ធផ្នែកវិនិយោគ

 

Adtag for Mobile Grow:-
Online

RELATED ARTICLES