រឿងសំខាន់៣ ពលករចំណាក់ស្រុកខំរកលុយយ៉ាងលំបាកគួរពិចារណាល្អិតល្អន់មុនដកលុយចំណាយ

ការខិតខំព្យាយាមចាក់ចោលស្រុកកំណើតទៅធ្វើការងារនៅក្រៅប្រទេសនាមជាពលករចំណាក់ស្រុក ប្រឹងប្រែងធ្វើការងាររកលុយយ៉ាងលំបាក គឺប្រាថ្នាចង់បានជីវិតដែលល្អប្រសើរ និងសង្ឃឹមថាត្រឡប់មកស្រុកកំណើតវិញ មានលុយរកស៊ី មានលុយប្រើការ មានលុយជួយគ្រួសារ និងមានលុយបំពេញក្តីស្រមៃណាមួយ។

ថ្ងៃនេះ Business Cambodia ចង់ធ្វើការចែករំលែកនូវចំណុចសំខាន់ចំនួន៣ គ្រាន់ជាសារដាស់តឿនដល់ពលករចំណាក់ស្រុកទាំងឡាយឱ្យមានការប្រុងប្រយ័ត្នចៀសវាងចំណាយដែលមិនសមរម្យ មិនចំគោលដៅ ធ្វើបាបខ្លួនឯងឱ្យនៅបន្តធ្វើការងារជាពលករស្រុកគេយូរឆ្នាំ។​

១. ចំណាយខុសគោលដៅ

ពលករចំណាក់ស្រុកដែលបានទៅធ្វើការងារនៅក្រៅប្រទេសមួយចំនួន ដោយលង់នឹងប្រាក់ខែរកបានច្រើន ខិតខំចំណាយលើការតុបតែង គ្រឿងលម្អ សម្ភារៈនិយម និងចំណាយតាមចំណង់ផ្សេងទៀតដែលមិនមែនជាចំណាយចាំបាច់ នាំឱ្យប្រាក់ខែបើកមកគ្រាន់តែសម្រាប់ចាយវាយត្រឡប់ទៅវិញប៉ុណ្ណោះ។​

ទម្លាប់មិនចេះសន្សំ ចំណាយតាមចំណង់ទាំងនេះ នឹងធ្វើឱ្យពួកគាត់ខំធ្វើការ ចំណាយពេលច្រើនឆ្នាំដល់ចប់អាណត្តិត្រឡប់មកវិញ គ្មានលុយនៅនឹងខ្លួន ហើយខិតខំប្រឡង រកឱកាសត្រឡប់ទៅធ្វើការងារឱ្យគេបន្តទៀត ដែលទីបំផុតទៅជីវិតរបស់ពួកគាត់នឹងចំណាយពេលកាន់តែយូរទៅៗ ពិបាកនឹងឯករាជ្យ ពិបាកនឹងឈប់ធ្វើការងារឱ្យគេបានណាស់ ហើយក៏ពិបាករួចផុតពីភាពក្រីក្រដែរ។​

២. ជួយខុសគោលដៅ

ពលករចំណាក់ស្រុកភាគច្រើនជាមនុស្សមានចិត្ត ជាកូនកត្តញ្ញូ ជាបងប្អូនដែលចេះជួញគ្នា ហើយក៏ជាមនុស្សដែលខិតខំចំណាយយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែអ្វីដែលសំខាន់គឺពួកគាត់ភាគច្រើនជួញខុសគោលដៅ ចង់ធ្វើល្អ ចង់ជួយគេតែមិនចេះជួញ។​

ជាក់ស្តែងមានឧទាហរណ៍មិនតិចទេពីបងប្អូនពលករចំនួនដែលផ្ញើលុយជូនបងប្អូន ជូនម្តាយឪពុក ដើម្បីតែសង់ផ្ទះធំ សម្រាប់តែហូបចុក ដែលការជួយនេះមិនអាចជួយឱ្យទាំងសងខាងរីកចម្រើននោះទេ។ លុយបានមកសង់ផ្ទះ មិនមែនអាចបង្កើតប្រភពចំណូលនោះទេ លុយដែលផ្គត់ផ្គង់តែការហូបចុក និងសម្ភារៈប្រើប្រាស់ដូចជាម៉ូតូថ្មី ទូរស័ព្ទទំនើបថ្មីមិនអាចបង្កើតប្រភពចំណូលបានទេ។ ទាំងអស់នោះគ្រាន់តែជាការចំណាយដែលគ្មានចំណូលមកវិញប៉ុណ្ណោះ។ 

ប្រសិនបើចង់ជួយគ្រួសារ បងប្អូន សាច់ញាត្តិពិតមែន អ្នកគួរតែរកវិធីជួយឱ្យពួកគាត់បង្កើតចំណូលចិញ្ចឹមជីវិតដោយខ្លួនឯង អាចរស់នៅដោយខ្លួនឯងបាន ការចំណាយបែបនេះជាការចំណាយដ៏សាកសមបំផុត។ 

ប្រការគួរប្រុងប្រយ័ត្ន កុំផ្តល់លុយទៅកាន់មនុស្សដែលមិនចេះចំណាយលុយឱ្យកើតចំណូល និងអ្នកដែលសុំលុយទៅរកស៊ីទាំងដែលគេមិនធ្លាប់រកស៊ី មិនចេះរកស៊ី និងមិនច្បាស់លាស់ពីការរកស៊ី ព្រោះវានឹងបង្កឱកាសខាតលុយអស់ពីខ្លួនដោយគ្មានបានអ្វីមកវិញឡើយ។​

៣. វិនិយោគខុសគោលដៅ

ពលករចំណាក់ស្រុកភាគច្រើនសប្បាយចិត្ត និងអារម្មណ៍ពុះកញ្ជ្រោលចង់វិនិយោគណាស់ ពិសេសនៅពេលដែលមាននរណាម្នាក់ដុតអារម្មណ៍ប្រាប់ពួកគាត់ថា ការវិនិយោគចំណេញនេះចំណេះនោះ ការវិនិយោគជួយឱ្យពួកគាត់មានសេរីភាពហិរញ្ញវត្ថុ ការវិនិយោគទោះជាកំពុងធ្វើការងារឱ្យគេក៏អាចវិនិយោគបាន។ សារទាំងអស់នេះហើយ ធ្វើឱ្យពួកគាត់ងាយនឹងចាញ់បោកគេ ងាយនឹងត្រូវបានគេកេងចំណេញ ព្រោះតែចិត្តលោភលន់ និងព្រោះតែការខ្វះខាតចំណេះដឹង ប្រភពព័ត៌មានលម្អិត។​

ការសម្រេចចិត្តចំណាយលុយទៅលើការវិនិយោគគឺជារឿងល្អ ប៉ុន្តែទាមទារឱ្យអ្នកគ្រប់គ្នាសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅជាមុនសិន ចៀសវាងចាញ់បោកទេ មិនថាវាជាការវិនិយោគក្នុងវិស័យអចលនទ្រព្យ វិស័យមូលបត្រ វិស័យរូបិយបណ្ណ ឬវិនិយោគជាមួយនឹងលុយអេឡិចត្រូនិកនោះទេ។ 

គួរជម្រាបផងដែរថា៖ ថ្ងៃទី១៣ ខែកញ្ញាខាងមុននេះ សម្រាប់ពលករកូរ៉េនឹងមានឱកាសចូលរួមវគ្គខ្លីនិយាយពីប្រធានបទ “មាគ៌ាផ្លាស់ប្តូរខ្លួនដ៏រឹងមាំពីពលករទៅជាសហគ្រិន” ដែលមានវាគ្មិនលោក សំ កុសល ស្ថាបនិក Business Cambodia កញ្ញា សែក ហត្ថា អ្នកនិពន្ធសៀវភៅ “វិញ្ញាសាជីវិត” និងលោក ម៉េង សុងហោរ CEO ផ្សារខ្មែរ និងជាអ្នកនិពន្ធសៀវភៅ “ត្រៀមចេញរកស៊ីឱ្យចំគោលដៅ”

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES