Huawei ធ្លាប់ព្រមានអាមេរិកថា គ្មានថ្ងៃដើរទាន់បច្ចេកវិទ្យា 5Gនឹងគេទេ បើអត់ឱ្យខ្លួនចូលទីផ្សារវិញ

ក្រុមហ៊ុន​ខាង​បច្ចេក​វិទ្យា​យក្សរបស់​ប្រទេសចិន Huawei ធ្លាប់បាន​ប្រាប់​ទៅកាន់​សហរដ្ឋអាមេរិក​កាល​ពីឆ្នាំមុនថា សហរដ្ឋអាមេរិកអាច​នឹង​មិនក្លាយ​ជាអ្នកនាំមុខ​ទៅលើ​បច្ចេកវិទ្យាអ៊ីនធឺណេត​តាម​ទូរស័ព្ទ 5G ទេបើ​អាមេរិក​នៅតែ​បិទជិត​មិន​ឱ្យ​ក្រុមហ៊ុន​មក​ពីក្រៅចូល​ក្នុង​ទីផ្សារ​របស់​ខ្លួន​នោះ។

ក្រុមហ៊ុន Huawei ដែលមិនត្រឹម​តែ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​តែ​ប៉ុណ្ណោះទេ ដោយមាន​ផលិត​ផលនិង​សេវា​កម្មផ្សេងៗទៀត​ជា​ច្រើន ជាពិសេស​ខាង​ឧបករណ៍បរិក្ខា​ប្រព័ន្ទទូរគមនាគមន៍ ត្រូវ​បានរារាំង​មិន​ឱ្យ​រកស៊ីនៅសហរដ្ឋអាមេរិក​តាំង​តែ​ពីឆ្នាំ ២០១២​មក​ម្លេះ ជាមួយ​នឹង​ក្រុមហ៊ុន ZTE ក្រោម​ហេតុ​ផល​ថា​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ជាតិ។

បើ​តាម​លោក Eric Xu ក្នុង​បទសម្ភាសន៍មួយជាមួយនឹង​ CNBC កាលពីឆ្នាំ២០១៨កន្លងទៅ បាន​ឱ្យ​ដឹង​ថា៖ “ទីផ្សារ​សហរដ្ឋអាមេរិក​ជាទីផ្សារ​ដែល​ពុំមាន​ការប្រកួត​ប្រជែង​ពេញលេញ​ ខណៈ​ដែល​ខ្លួន​នៅតែ​បិទ​ជិត​មិនឱ្យ​អ្នកដែល​នាំមុខ​គេ​ចូលរួម​។ ឥឡូវ​នេះ ខ្ញុំមិន​ប្រាកដចិត្ត​ថា​ពួកគេ​អាច​នឹង​សម្រេច​គោលដៅរបស់​ពួក​គេក្លាយទៅជា​ជើងឯកលេខ ១លើ​បច្ចេកវិទ្យា 5G នោះទេ”។

បន្ថែម​ពីលើ​នេះ Australia ក៏បាន​ក្លាយ​ទៅជាប្រទេសដែល​ហាម​ប្រាម​មិន​ឱ្យ​ Huawei លក់​ឧបករណ៍ទាក់​ទងនឹង​សេវា​ទូរស័ព្ទ​នៅក្នុង​ប្រទេស​របស់​ខ្លួន​ដែរ​ ហើយ​ New Zealand ឯណោះធ្លាប់​បដិសេធសំណើរ​ក្រុមហ៊ុន​ទូរគមនាគមន៍មួយដែល​ប្រុង​នឹង​ប្រើប្រាស់​ឧបករណ៍​របស់ Huawei។

សម្រាប់​លោក Eric Xu គាត់​យល់​ថាការដែល​មិន​ឱ្យ​ Huawei ចូល​ក្នុង​ទីផ្សារ​មិនមានផល​ល្អ​អ្វីឡើយ ដោយ​ហេតុ​តែ​វា​នឹង​ធ្វើ​ឱ្យ​តម្លៃ​សម្រាប់​អ្នកប្រើប្រាស់ និង ក្រុមហ៊ុន​ខាង​ប្រព័ន្ធ​ទូរស័ព្ទ​ថ្លៃដោយហេតុ​តែ​នៅលើ​ទីផ្សារ​ខ្វះដៃ​គូរ​ប្រកួត​ប្រជែង។

គូស​បញ្ជាក់​ផងដែរ​ថា 5G ជា​បច្ចេក​វិទ្យា​អ៊ីនធឺណេត​ទំនើប​ជំនាន់​ចុង​ក្រោយដែលមាន​ល្បឿនលឿនខ្លាំង​ជាង 4G ឆ្ងាយ ដែលអាច​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ទាញយក​និង​បញ្ចូន​ទិន្នន័យ​រហ័ស ជាមួយ​នឹងការភ្ជាប់​ទៅនឹង​ឧបករណ៍ឆ្លាត​វៃជាច្រើន និង​មាន​សក្តានុពល​សម្រាប់​ពេលអនាគតជាមួយនឹង​បច្ចេកវិទ្យាដែលគេនិយាយថា Internet of Things។

អត្ថបទដោយ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES