មកដឹងទិកនិក ដែលអ្នកធ្វើវីឌីអូបែប Primitive នៅខ្មែរកើបលុយរហូតដល់ ១០ម៉ឺនដុល្លារមួយខែពី YouTube

គ្រប់គ្នាសុទ្ធ​តែដឹង​ហើយថា YouTube អាច​រកលុយបាន គ្រាន់តែមិនដឹង​ថារករបៀបណាទើបបានតែប៉ុណ្ណោះ។ អ្វីដែលគ្រប់គ្នា​ភាគច្រើន​នោះ​គឺ បើសិនជាគេបង្ហោះវីឌីអូដែលមានអ្នកមើលច្រើននោះ លុយក៏ហូរចូលច្រើនដូចគ្នា។

មានខ្មែរយើង​ខ្លះគាត់បានរកឃើញពីវិធីដែលធ្វើឱ្យមានអ្នកមើលច្រើន ដោយគាត់បានសម្លឹង​ឃើញពីប្រភេទ Content ដែលធ្វើអំពីរបៀបរស់នៅ ឬសាងសង់នាសម័យបុរាណ ឬរស់នៅក្នុងព្រៃ​ឬគេនិយមហៅថា Primitive នេះ។

ជាមួយគ្នានេះដែរ ពួកគាត់ក៏មានតិកនិកមួយចំនួនផងដែរក្នុងការ​ទាក់ទាញ​អ្នកមើលឱ្យបានច្រើន ដោយយើងអាច​ឃើញថា​ភាគច្រើនវីឌីអូដែលធ្វើឡើង​គាត់ប្រើវិធីសាស្ត្របីធំៗនេះដើម្បីទាក់ទាញ​អ្នកមើល។

១. លេង Thumbnail

រឿង​ដែលធ្វើឱ្យមនុស្សចុចចូលមើលសំខាន់បំផុតគឺ​ Thumbnail នេះហើយ ដោយយើងឃើញថា Thumbnail របស់ពួកគាត់ច្រើនរចនាឱ្យមានលក្ខណៈទាក់ទាញប្លែក ហើយជួនកាលក៏មានលាយយុទ្ធសាស្ត្រស្រីស្អាតខ្លះដែរ ដើម្បី​ទទួលបានការ​ចុចមើលកាន់តែច្រើន។

២.​ Keyword

នៅពេលដែលអ្នកធ្វើការ​វាយពាក្យថា Primitive ទៅក្នុង​ប្រអប់ Search របស់ YouTube អ្នក​អាចនឹង​ឃើញ Channel ខ្មែរ ឬវីឌីអូរបស់ខ្មែរយើង​មួយចំនួនផុសឡើង​មក នេះក៏ដោយសារតែ​ពួកគាត់មានក្បាច់​ក្នុងការ​ដាក់ Keyword ឬពាក្យគន្លឹះដែលត្រូវ​នឹង​ប្រភេទវីឌីអូដែលពេញនិយម។

៣. លក្ខណៈជាសកលរបស់វីឌីអូ

ពិតណាស់ថាការរកលុយច្រើនពី យូធូប​ត្រូវ​ធ្វើវីឌីអូ​ជាលក្ខណៈសកល​ទើបមានបរទេស​នៅលើពិភពលោកមើល។ ហេតុនេះហើយម្ចាស់ឆានែលខ្មែរទាំងនោះ គាត់បានធ្វើវីឌីអូ​ដោយមិន​មាន​ការនិយាយ​អ្វីច្រើននោះទេ ត្រឹមបញ្ចេញសម្លេង​តិច​តួច​ ក្រៅពីនោះព្យាយាម​ស្រូបសម្លេង​ផ្សេងៗវិញ ជួនកាលទៀត​ក៏ធ្វើជាប្រភេទសម្លេង ASMR ជាដើម។

សម្រាប់អ្នកចង់រកលុយពីយូធូបក៏គួរ​ដឹង​ផងដែរថា ត្រូវ​គោរពតាមគោលការ​ណ៍របស់ YouTube ផងដែរ ទើបមានឱកាស​រស់បានក្នុងរយៈពេលយូរ ដោយថ្មីៗនេះ Youtube បានចាត់វិធានការបិទចោល Channel ខ្មែរល្បីៗដែលមានអ្នក Subscribe រាប់ម៉ឺននាក់ មានអ្នកចូលមើលវីដេអូរាប់ម៉ឺន View ប្រមាណជា ៤-៥ Channel ដែលពួកគេបានធ្វើវីដេអូបែប Primitive Technology ឬជីវិតបែបស្រុកជនបទឬនៅក្នុងព្រៃ ។

គួរ​ចៀសវៀង ធ្វើវីដេអូប្រភេទនេះប្រឆាំងនឹងគោលការណ៍របស់ Youtube ដូចជា ថតវីដេអូសិចស៊ីលេចលើលេចក្រោម សម្លាប់សត្វ និងបោកបញ្ឆោតអ្នកមើលដូចជា កាត់តរូបភាពខាងមុខ (Thumbnail) លើសពីធាតុពិតនៃវីដេអូ ។

សម្រាប់ Channel របស់ខ្មែរទាំងនោះ ថ្វីត្បិតតែថតវីដេអូមិនល្អដូច Channel បរទេស ប៉ុន្តែទំហំអ្នកចូលមើលអាចច្រើនជាងវីដេអូរបស់បរទេសផង ជាទូទៅពួកគេទទួលបាន View ខ្ទង់ ១ លាន ដល់២០ លានជាង សមល្មមអាចឲ្យអ្នកធ្វើវីដេអូខ្មែរទាំងនេះ រកចំណូលខ្ទង់ពាន់ដល់ម៉ឺនដុល្លារពី Youtube ។

បើតាមកិច្ចសម្ភាសន៍រវាងសារព័ត៌មានថៃ Coconut ជាមួយម្ចាស់ Channel ខ្មែរ Natural Life TV បង្កើតឡើងដោយប្តីប្រពន្ធពីរនាក់ ដែលសព្វថ្ងៃ Channel ពួកគាត់កំពុងដំណើរការលើ Youtube ។ ម្ចាស់ Channel នេះអះអាងថា បើគិតតាមចំនួនអ្នកចូលមើលជាក់ស្តែងពួកគាត់អាចរកចំណូលខ្ទង់ ៦៩០០​ ដល់ ១១ ០០០០ ដុល្លារអាមេរិកក្នុងមួយខែ ។

លោក ហួង រាទី ម្ចាស់ Channel ខាងលើឲ្យដឹងថា អ្នកមើលវីដេអូភាគច្រើនមកពីឥណ្ឌា និងអាមេរិកក៏ដូចជាប្រទេសផ្សេងៗ លោកថា Channel មួយនេះមិនមានគម្រោងបង្កើតវីដេអូសម្រាប់ខ្មែរទេ ដោយសារវីដេអូដែលបរទេសចូលមើលទទួលបានលុយច្រើនជាង ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ វីដេអូបែប Primitive Technology ជាវីដេអូដែលទាក់ទាញជាងគេ ហើយវាបានក្លាយជានិន្នាការផ្សាយពាណិជ្ជកម្មថ្មីសម្រាប់ Youtube ដោយសារ Youtube បានរុញផ្ទាំងពាណិជ្ជកម្មថ្លៃមកវីដេអូប្រភេទនេះ ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

Contact Writer:

Adtag for Mobile Grow:-
Online

RELATED ARTICLES