ដង្ខៅត្រីឆ្ដោ បង្ហើបពីបទពិសោធន៍ចិញ្ចឹមត្រីឆ្ដោក្នុងស្រះ ចាយពេលតែ ៧ ខែអាចកើបប្រាក់ចំណេញជាង ២ ម៉ឺន$

 

ក្រោយពីរដ្ឋាភិបាលអនុញ្ញាតិឲ្យប្រជាកសិករប្រកបរបរចិញ្ចឹមត្រីឆ្ដោវិញ យើងឃើញថាមានកសិករមួយចំនួនបានកំពុងតែកាក់កបខ្លាំងជាមួយការចិញ្ចឹមត្រីឆ្ដោនេះ។ 

ជាក់ស្ដែង លោក នី ប្រុស កសិករ រស់នៅស្រុកស្អាង ខេត្ដ កណ្ដាល បានឲ្យដឹងថាជីវភាពរបស់គ្រួសារលោកបានធូរធាមួយកម្រិតទៀត ក្រោយពីលោកបានប្រកបរបរចិញ្ចឹមត្រីឆ្ដោនេះ។ កសិកររូបនេះបានបន្ដថា តាមរយៈបទពិសោធន៍ចិញ្ចឹមត្រីឆ្ដោជាង ១០ ឆ្នាំ ក្នុងកូនត្រីឆ្ដោជាង ២០០០០ ក្បាល ចំណាយតែពី ៧ ទៅ ៨ ខែ អាចប្រមូលផលត្រីឆ្ដោបានប្រមាណពី ១០ តោនទៅ ១៥ តោន នេះបើក្នុងករណីដែលមិនមានកូនត្រីឆ្ដោងាប់នៅក្នុងអំឡុងពេលដែលវានៅតូចៗទេនោះ។ លោក នី ប្រុស បានបញ្ជាក់ទៀតថា ប្រសិនបើលោកប្រមូលផលត្រីឆ្ដោបានពី ១០ តោន ទៅ ១៥ តោន លោកអាចទទួលបានប្រាក់ចំនេញពី ២ ទៅ ៤ ម៉ឺនដុល្លារទៅតាម ហាងឆេងនៃតម្លៃត្រីតាមឆ្នាំ។

សម្រាប់ទីផ្សារលក់ចេញត្រីឆ្ដោវិញ លោក នី ប្រុស បានបញ្ជាក់ថា គឺច្រើនប្រភពខ្លាំងណាស់ ប៉ុន្ដែបើនរណាហ៊ានឲ្យតម្លៃខ្ពស់ លោកលក់ឲ្យអ្នកនោះហើយ។ ការចិញ្ចឹមត្រីឆ្ដោនេះ មិនត្រឹមតែទីផ្សារទូលាយ អ្នកទិញនាំគ្នាដេញថ្លៃគ្នាប៉ុណ្ណោះទេ គឺពួកឈ្មួញកណ្ដាលបានទៅសួរទិញ ចុះចាប់ដល់ទីកន្លែងថែមទៀតផង។ 

ដង្ខៅត្រីឆ្ដោរូបនេះ បានបន្ថែមទៀតថា រូបលោកមិនដែលពិបាកទៅដើរទីផ្សារនោះទេ ឲ្យបានត្រីលក់ គឺថាគេមកចាប់ នឹងដឹងដល់កន្លែងចិញ្ចឹមតែម្ដង។ ចំពោះការចិញ្ចឹមត្រីឆ្ដោនេះ បញ្ហាចម្បងដែលកសិករតែជួបប្រទៈគឺកូនត្រីច្រើនតែងាប់ បន្ទាប់ដាក់ចូលក្នុងស្រះ ក្នុងនោះក៏មានបញ្ហាផ្សេងៗទៀតដែរ ប៉ុន្ដែលោក នី ប្រុស បានទប់ស្កាត់វាទាន់ ព្រោះលោកបានចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រីឆ្ដោពីមន្ដ្រីជលផលខេត្ដកណ្ដាល។ ដូចេ្នះ ទើបលោកអាចការពារត្រីឆ្ដោ របស់លោកពីជំងឺផ្សេងៗ។

គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំនេះលោក នី ប្រុស អាចប្រមូលផលត្រីពីស្រះរបស់គាត់បានប្រមាណជាង ១០ តោន ដូច្នេះលោកអាចទទួលបានប្រាក់់ចំណេញប្រមាណជាង ២ ម៉ឺនដុល្លារ។ នៅឆ្នាំបន្ទាប់ៗលោកមានគម្រោងនឹងជីកស្រះចិញ្ចឹមត្រីបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះលោកមានស្រះចិញ្ចឹមត្រីតែមួួយប៉ុណ្ណោះ តែទទួលបានទិន្នផលច្រើនគួរសម៕

អត្ថបទដោយ៖ សារ ធូរ៉ា

Adtag for Mobile Grow:-
Online

RELATED ARTICLES