គន្លឹះវិនិយោគដីធ្លី កំឡុងពេលជួបវិបត្តិអចលនទ្រព្យ ដើម្បីលក់ចេញចំណេញច្រើន

គិតដល់ត្រឹមឆ្នាំ២០១៩នេះ មានរយៈពេល១១ឆ្នាំមកហើយដែលពិភពលោកបានងើបចេញពីវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏អួរអាប់កាលពីអំឡុងឆ្នាំ ២០០៧-២០០៨។ ការធ្លាក់ចូលនៃវិបត្តិសេដ្ឋកិច្ចសកលនេះទៀតសោត វាមិនត្រឹមតែបណ្តាល់ឲ្យប្រទេសធំៗជួបបញ្ហាដ៏ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែប្រទេសកំពុងអភិវឌ្ឍជាច្រើនទៀត ក៏ត្រូវរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលផងដែរ។ តួយ៉ាងបើយើងក្រលេកត្រលប់ក្រោយទៅកាលពីឆ្នាំ២០០៨ ប្រទេសកម្ពុជាក៏ធ្លាប់ធ្លាក់ចូលទៅក្នុងភាពដាំក្បាលចុះនៃវិបត្តិសេដ្ឋីកិច្ចផងដែរ ដោយសារតែការនាំចេញទៅក្រៅប្រទេសនិងការវិនិយោគក្នុងប្រទេសមានការធ្លាក់ចុះ ហើយវាវិបត្តិសេដ្ឋកិច្ចកាលពី១១ឆ្នាំមុន គឺបានធ្វើឲ្យវិស័យផ្សេងៗជាច្រើនទៀត ត្រូវប្រឈមមុខនឹងបញ្ហាទំរាំអាចស្តារងើបឡើងវិញបាន។

កំឡុងពេលជួបវិបត្តិសេដ្ឋកិច្ចទីផ្សារអចលនទ្រព្យ ក៏រងផលប៉ះពាល់ផងដែរ ធ្វើឱ្យ​ដំណើរការអភិវឌ្ឍន៍ និង​ការទិញលក់​មានការកក់ស្ទះ គ្មានចរន្តសកម្ម ធ្វើឱ្យ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​មានបញ្ហាចោទផងដែរ ជាពិសេស​អ្នកដែលជាប់បំណុល​ធនាគារ និងកំពុងបង់រំលស់អចលនទ្រព្យ អាចមាន​ហានិភ័យខ្ពស់ ព្រោះចំណូលធ្លាក់ចុះ ហើយណាមួយ​អត្រាទិញអចលនទ្រព្យត្រឡប់ទៅវិញមានទាប បង្ខំចិត្តល្អក្នុងតម្លៃទាបក្រោមទីផ្សារ។

ត្រង់ចំណុចនេះអ្នកជំនាញអចលនទ្រព្យខាងខុនដូលោកង៉ែត តារា ហាក់មើលផ្ទុយពីសាធារណៈជនទូទៅថា ប្រសិនបើ​ជួបវិបត្តិអចលនទ្រព្យមែន វាជា​ឱកាសល្អសម្រាប់​អ្នកវិនិយោគទៅវិញទេ។ ដោយសារតែពេលមានវិបត្តិអចលនទ្រព្យភាគច្រើន អ្នកកំពុងជាប់បំណុលនៅធានាគារ ឬកំពុងបង់រំលស់ បង្ខំចិត្តលក់អចលនទ្រព្យរបស់ខ្លួនចេញជាបន្ទាន់ ដើម្បីបានលុយដោះទាល់ ឬបំណុល​នៅចំពោះមុខ បង្វិលអាជីវកម្ម ហើយបង្ខំចិត្តលក់ក្រោមទីផ្សារ ជាឱកាសល្អសម្រាប់អ្នកមានលុយបញ្ចេញកញ្ចប់វិនិយោគទិញក្នុងតម្លៃថោក លក់ចេញនៅពេលអចលនទ្រព្យឡើងថ្លៃ។ 

បន្ថែមពីលើនេះ នៅពេលកៀកបោះឆ្នោតតម្លៃអចលនទ្រព្យអាចធ្លាក់ថ្លៃ ហើយជាឱកាសសម្រាប់វិនិយោគលើអចលនទ្រព្យនានាដែលយើងយល់ថាល្អ ព្រោះជាទូទៅក្រោយបោះឆ្នោត​តម្លៃអចលនទ្រព្យចាប់ផ្តើមឡើងថ្លៃជាស្វ័យប្រវត្តិ។

ហើយកត្តាសំខាន់ៗដែលជះឥទ្ធិពលដល់វិបត្តិអចលនទ្រព្យ មានការវិនិយោគបរទេសមកកម្ពុជា កំណើនសេដ្ឋកិច្ច និងកត្តានយោបាយផ្ទៃក្នុងរបស់យើង។ ហើយជាទូទៅតម្លៃអចលនទ្រព្យឡើងចុះមានវដ្តប្រាំឆ្នាំម្តង ដើរស្របពេលជាមួយការបោះឆ្នោត។

ទាក់ទងនឹងការវិនិយោគនេះ តាមរយៈបទពិសោធន៍ផ្ទាល់របស់អ្នកជំនាញខាងវិនិយោគម្នាក់ទៀត លោកង៉ែត ជូ ធ្លាប់បានផ្តល់បទសម្ភាសថា កន្លងមកនៅចុងឆ្នាំ២០០៧ ដើមឆ្នាំ២០០៨កំឡុងពេលជួបវិបត្តិហិរញ្ញវត្ថុដែលប៉ះពាល់ដល់​អចលនទ្រព្យ ធ្វើឱ្យស្ថានភាពទីផ្សារ ឬតម្លៃអចលនទ្រព្យធ្លាក់ចុះ ម្ចាស់អចលនទ្រព្យមួយចំនួន​បានលក់ក្នុងតម្លៃថោក ហើយលោកក៏បានទិញដីឡូត៍តម្លៃក្រោមទីផ្សារ ហើយជាលទ្ធផលដីនោះបានឡើងថ្លៃនៅពេល​ប៉ុន្មានឆ្នាំក្រោយ។

យោងតាមអ្នកជំនាញខាងលើ យើងអាច​ដឹងយ៉ាងច្បាស់ថា នៅពេលគេចង់លក់អចលនទ្រព្យ ហើយមានតម្លៃថោក គឺជាឱកាសល្អបំផុត សម្រាប់ការវិនិយោគយកផលចំណេញ នៅពេលជួបវិបត្តិណាមួយកើតឡើង អាចមានវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬអចលនទ្រព្យ។ តែអ្វីដែលសំខាន់ តើយើងវៃឆ្លាតក្នុងការ​​ប្រើប្រាស់ហិរញ្ញវត្ថុ និងជ្រើសរើស​អចលនទ្រព្យ​បែបណា​ ដែលអាចឱ្យយើង​ទទួលបានផលចំណេញខ្ពស់​។

សម្រាប់ការវិនិយោគដីធ្លីទុកចំណេញរយៈពេលវែងលោកភិរម្យ វិចិត្រដារ៉ា អ្នកមានបទពិសោធន៍ផ្ទាល់លើវិស័យនេះបានថ្លែងថា ចំណុចសំខាន់ត្រូវគិតលើទីតាំងដែលនឹងមានសក្តានុពលនៅថ្ងៃអនាគត ជាក់ស្តែង តាមរយៈបទពិសោធន៍ផ្ទាល់ លោកបានទិញដីនៅតំបន់អន្លង់វែងបច្ចុប្បន្ននៅតម្លៃទាប ហើយនៅពេលអភិវឌ្ឍន៍នៅតំបន់ប៉ោយប៉ែតចេះតែរីកធំៗឡើង និងបន្តពង្រីកមកដល់តំបន់អន្លង់វែង ពេលនោះហើយឱកាសដីនិងឡើងខ្ពស់។ ប្រសិនបើយើងទិញ ៥កាក់ក្នុងមួយម៉ែត្រការ៉េ យើងរំពឹងថា នៅពេល៣ឆ្នាំក្រោយ មានផ្លូវ មានការអភិវឌ្ឍន៍ផែនការមេរបស់រដ្ឋតាមបទពិសោធន៍កន្លងមក នោះវាអាចឡើងថ្លៃដល់៥ដុល្លារ អត្រាចំណេញ១០០០ភាគរយឯណោះ។

ដូច្នេះទីតាំងភូមិសាស្ត្រសក្តានុពល ឬគម្រោងអភិវឌ្ឍន៍ផែនការមេ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកចង់វិនិយោគដីធ្លីរយៈពេលវែង ដើមទុនសមលម្ម ព្រោះការរីកចម្រើនអចលនទ្រព្យដូចប្រព័ន្ធទឹកអញ្ចឹង វាអាចហៀរទៅកន្លែងណាខ្លះ ជាក់ស្តែងដូចនៅប៉ោយប៉ែតមិនអាចហៀរទៅថៃទេ វានឹងហៀរមកខ្មែរ តាមខ្សែបន្ទាត់ព្រំដែន ដែលជំរុញឱ្យដីតំបន់ក្បែរនោះឡើងថ្លៃ។

ហើយកត្តាសំខាន់មួយទៀត គឺភាពស្របច្បាប់នៃដីដែលយើងវិនិយោគត្រូវមានប្លង់រឹងច្បាស់លាស់ ព្រោះអាចកើតមានវិវាទពេលតម្លៃដីឡើងថ្លៃនៅពេលក្រោយ។

អ្នកជំនាញរូបនេះ បានបញ្ជាក់ថា ដោយសារតែកម្ពុជាយើងមានសក្តានុពលខ្លាំងលើការអភិវឌ្ឍន៍ នៅថ្ងៃអនាគតនឹងមានការសាងសង់ព្រលានយន្តហោះ ផ្លូវហាយវេដ ជាដើម ជាឱកាសល្អសម្រាប់យើងទិញដីទុកចំណេញរយៈពេលវែងនៅតំបន់ដែលត្រូវសាងសង់ តែទាមទារឱ្យយើងចេះវិភាគភូមិសាស្ត្រ និងសក្តានុពល​ប្រភេទអចលនទ្រព្យដែលនឹងត្រូវប៉ាន់ ស្របតាមគម្រោងអភិវឌ្ឍន៍របស់រដ្ឋ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES