មានផែនការរកស៊ីល្អតែអត់លុយ គួរខំសន្សំលុយ ឬប្រើកម្ចីពីធនាគារ

បញ្ហាដ៏ធំបំផុតមួយដែលធ្វើឲ្យមនុស្សជាច្រើនមានគំនិតហើយ មានក្តីស្រមៃហើយ តែមិនហ៊ានចេញរកស៊ីនោះ គឺបញ្ហាដើមទុន។ ដើមទុននៅកន្លែងនេះសំដៅដល់លុយកាក់សម្រាប់ចាប់ផ្តើមអាជីវកម្ម និងពង្រីកសក្តានុពលអាជីវកម្ម ហើយតើគួរប្រើប្រាស់លុយដែលខ្លួន​ឯងមាន ឫខ្ចីលុយពីធនាគារ?

រឿងដែលខ្ញុំតែងតែហាមកូនសិស្សដែលបានមករៀនជាមួយខ្ញុំខ្លាំងបំផុត គឺកម្ចីពីធនាគារ ដើម្បីចាប់ផ្តើមអាជីវកម្ម ព្រោះវាប្រឈមមុខនឹងហានិភ័យខ្ពស់ពេក ខណៈភាគច្រើនការចាប់ផ្តើមដំណើរការអាជីវកម្មដំបូងៗ ឱកាសទទួលបានជោគជ័យមានភាគរយតិចពេក។

ឧទាហរណ៍ ប្រសិនបើអ្នកចង់បើកហាងកាហ្វេទំនើបមួយកន្លែង ដែលអាចនឹងចំណាយជាង១០ម៉ឺនដុល្លារអាមេរិក ស្របពេលជាមួយគ្នាអ្នកមានលុយតែ៥ម៉ឺនដុល្លារអាមេរិក ហើយត្រូវទៅកម្ចីធនាគារប្រមាណជាង៥ម៉ឺនដុល្លារបន្ថែមទៀត។ តើនឹងមានអ្វីកើតឡើង? ពេលដែលអ្នកចុះហត្ថលេខាទទួលលុយពីធនាគារភ្លាម វិនាទីការប្រាក់ក៏ចាប់ផ្តើមរត់ភ្លាមដែរ ខណៈពេលដែលហាងរបស់អ្នកមិនទាន់ទាញចំណូលនៅឡើយ ឬត្រូវចំណាយពេលដល់ទៅជាង១ខែ ដើម្បីរៀបចំហាង ទម្រាំអាចបើកជាផ្លូវការបាន។ នោះមានន័យថា អ្នកដល់ពេលចាប់ផ្តើមសង់លុយទៅធនាគារជាមួយនឹងការប្រាក់វិញបណ្តើរៗហើយ។ ចុះបើហាងកាហ្វេអ្នកដើរបានតែ៥ខែ ឬ១ឆ្នាំក៏ត្រូវបិទទ្វារ ឬមានបញ្ហាធំណាមួយកើតឡើងធ្វើឲ្យអ្នកត្រូវការលុយជាចាំបាច់ នោះអ្នកអាចនឹងត្រូវសេងហាងហើយ ហើយត្រូវចាំថា គ្រប់ពេលដែលអ្នកដាក់សេងហាង អ្នកត្រូវត្រៀមចិត្តខាតពី ៣០ ទៅ ៦០ភាគរយឲ្យហើយ។ 

ដូចនេះ ក្រោយបរាជ័យអាជីវកម្ម មិនមែនត្រឹមតែគ្មានការងារធ្វើ គ្មានប្រាក់ចំណូលប្រចាំខែនោះទេ ថែមទាំងជំពាក់បំណុលគេថែមទៀតផង។ តើអ្នកនឹងចំណាយពេលប៉ុន្មានឆ្នាំ ដើម្បីដោះបំណុលខ្ចង់៥ម៉ឺនដុល្លារអាមេរិកនោះ? តើអ្នកនឹងដោះបំណុលដោយរបៀបណា?

ប្រាកដណាស់ គ្រប់អាជីវកម្ម ក្រុមហ៊ុនធំតូច សុទ្ធតែចៀសមិនផុតពីការខ្ចីលុយពីធនាគារឡើយ ប៉ុន្តែគ្រប់ពេលដែលគេខ្ចី គេមានកម្រិតក្នុងការខ្ចី និងមានអ្នកជំនាញហិរញ្ញវត្ថុទូទាត់ផលចំណេញល្អិតល្អន់ពីកម្ចីធនាគារនោះរួចស្រេចទៅហើយ។

មនុស្សជាច្រើនទាស់ចិត្តនឹងបញ្ហារកអ្នកវិនិយោគ ព្រោះមិនដឹងថាទៅរកនៅឯណា ហើយធ្វើម៉េចគេព្រមដាក់លុយរកស៊ីជាមួយយើង។ ហេតុដូចនេះហើយ ទើបខ្ញុំតែងបានបញ្ជាក់ប្រាប់ថា អ្នកត្រូវរៀនមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ធ្វើខ្លួនជាមនុស្សដែលច្បាស់លាស់ ស្មោះត្រង់ សកម្មនឹងការងារ និងមានទំនួសខុសត្រូវខ្ពស់ ពិសេសជួបមនុស្សថ្មីៗ ដែលពូកែជាងអ្នកឲ្យបានច្រើន។ តើទៅរកពួកគាត់នៅឯណា? ចម្លើយគឺចំណាយពេលចុងសប្តាហ៍ចូលរួមកម្មវិធីបណ្តុះបណ្តាល សិក្ខាសារលា និងរៀនស្គាល់មិត្តភក្តិដែលជាមិត្តភក្តិរបស់ខ្លួនឲ្យបានច្រើន ព្រោះបើអ្នកមានមិត្តភក្តិ១០នាក់ នោះអ្នកនឹងអាចស្គាល់មនុស្ស១០ផ្សេងទៀតពីមិត្តភក្តិរបស់អ្នក បន្តគ្នារហូត មិនខ្វះមនុស្សដែលអ្នកត្រូវជួបឡើយ។

តើធ្វើម៉េចទើបគេព្រមដាក់ទុនជាមួយអ្នក?ចម្លើយគឺ ការបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សច្បាស់លាស់ ស្មោះត្រង់ សកម្មនឹងការងារមិនមែនជាមនុស្សដែលធ្វើការងារឲ្យរួចតែពីដៃ មិនមែនជាមនុស្សដែលយកលុយជាធំ និងមានទំនួលខុសត្រូវខ្ពស់ ពិសេសអ្នកមានសមត្ថភាពសមល្មមអាចធ្វើជាអ្នកដឹកនាំគេបាន។ ជាងនេះទៅទៀត គឺការរៀបចំផែនការលម្អិតពីអាជីវកម្មរបស់អ្នករួមទាំងផលចំណេញត្រឡប់ទៅវិញពីការវិនិយោគរបស់អ្នកបណ្តាក់ទុនវិនិយោគជាមួយអ្នក។ កត្តាទាំងនេះហើយ ដែលអ្នកវិនិយោគ អ្នកមានលុយចង់រកស៊ី មើលអ្នកក្នុងភាពសំខាន់ ធ្វើឲ្យពួកគាត់ទុកចិត្តហ៊ានឲ្យអ្នកចាយលុយរបស់ពួកគេ៕

 

អត្ថបទនេះ ដកស្រង់ពីសៀវភៅ “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ” និពន្ធដោយលោក ម៉េង សុងហោរ អ្នកជំនាញចាប់ផ្តើមអាជីវកម្ម និងវិនិយោគ និងជាCEO ហាងផ្សារខ្មែរ។

អត្ថបទដោយ៖ Meng Songhua

អ្នកជំនាញចាប់ផ្តើមអាជីវកម្ម និងវិនិយោគ

 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES