ក្បួនរកដើមទុនសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មដំបូង ដែលខ្វះលុយមិនដឹងត្រូវដើរផ្លូវណា

មានមនុស្សមួយចំនួនចង់ចាប់ផ្តើមធ្វើអាជីវកម្ម ប៉ុន្តែជាបញ្ហាប្រឈមក្នុងការចាប់ផ្តើមដំណើរការអាជីវកម្មដំបូងនោះ គឺភាគច្រើនពួកគេតែងជួបបញ្ហារឿងខ្វះដើមទុន។ ហើយការខ្វះដើមទុនទៀតសោត គឺពួកគេច្រើនតែសំដៅលើរឿងលុយដែលជាឧបសគ្គដ៏ធំមួយក្នុងការរារាំងមិនអាចឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឈានជើងបើកទំព័ថ្មីក្នុងវិថីអ្នករកស៊ី។

 ជុំវិញបញ្ហានេះ Business Cambodia សូមលើកយកនូវទស្សនៈរបស់បុគ្គលជោគជ័យមួយចំនួនដែលនិយាយអំពី ក្បួនរកដើមទុនសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មដំបូង ដែលខ្វះលុយមិនដឹងត្រូវដើរផ្លូវណា ដែលរួមមានដូចខាងក្រោម៖

១. លោកឧញ្ញ៉ា គួច ម៉េងលី

  លោកបានលើកឡើងថា ដើមទុនដំបូងមានប្រាំយ៉ាងគឺ ទុនធម្មជាតិ ទុនធនធានមនុស្ស ទុនសង្គម ទុនទ្រព្យសម្បត្តិ ហើយទុនចុងក្រោមបង្អស់គឺយកទុនទាំងអស់បូកបញ្ចូលគ្នា។ បើយើងដើរតាមដំណាក់កាលនេះនឹងទទួលបានជោគជ័យ ប៉ុន្តែប្រសិនបើយើងព្យាយាមដើរផ្លូវកាត់ភាគច្រើនតែងបរាជ័យ។

លោកបន្តថា លោកមិនបាននិយាយអំពីមហាសេដ្ឋីភាគច្រើនដូចជា Bill Gates ឬក៏ស្ថាបនិកហ្វេសប៊ុកនោះទេ ព្រោះវាមានភាគរយតិចណាស់។ យើងត្រូវនិយាយពីភាគជោគជ័យភាពច្រើនដែលកើតចេញពីការខិតខំប្រឹងប្រែងដោយពឹងលើការចេះដឹង ការព្យាយាមជាដើម។ 

តួយ៉ាង នៅប្រទេសកម្ពុជាបច្ចុប្បន្នមិនទាន់មានទុនណាពិតប្រាកដទេចំពោះទុនទាំងប្រាំនេះ ប្រសិនបើអ្នកមិនទាន់មានទុនទាំងនេះទេ អ្នកត្រូវសួរខ្លួនឯងថាធ្វើយ៉ាងណាទើបអាចមានទុនទាំងនេះ ហើយប្រសិនបើយើងគ្មានទុនទាំងប្រាំនេះទេភាគរយនៃការទទួលបានភាពជោគជ័យគឺមានតិចបំផុត។ 

លោកឧញ្ញ៉ាបន្ថែមទៀតថា លោកពិតជាមានការព្រួយបារម្ភណាស់ចំពោះយុវជនកម្ពុជា ដែលភាគច្រើនពួកគេខំដោយគ្មានគោលដៅ គ្មានទស្សនៈវិស័យ គ្មានអ្នកចង្អុលបង្ហាញផ្លូវ ខំដោយគ្មានដើមទុន ខំដោយគ្មានអ្នកគាំទ្រ ដូច្នេះនៅពេលដែលពួកគេដើទៅងាយនឹងជួបឧបសគ្គនិងគ្រោះថ្នាក់ខ្លាំងណាស់។ ត្រង់ចំណុចនេះលោកចង់បញ្ជាក់ថាអ្នកដែលចង់រកស៊ី សូមកុំព្យាយាមធ្វើតាមគេ កុំដើរផ្លូវកាត់ត្រូវដើរតាមដំណាក់កាលៗ ត្រូវរៀនឲ្យចេះ ធ្វើការយកពិសោធន៍ឲ្យច្បាស់សិនចាំចេញរកស៊ី មិនមែនឃើញគេនៅក្មេងរកស៊ីជោគជ័យហើយចង់រកស៊ីតាមគេនោះទេ។

២. លោកឧញ្ញា សេរី សុភ្រ័ក្ត       

            លោកបានមានប្រសាសន៍ថា ដើមទុនដំបូងដែលយើងត្រូវមាននោះគឺ គំនិត ចំណេះដឹង កម្លាំងកាយនិងកម្លាំងចិត្ត ដើមទុន និងធនធានមនុស្ស។ ប៉ុន្តែសរុបចំណុចទាំងប្រាំនេះគឺយើងត្រូវរៀនវិនិយោគមកលើខ្លួនឯង មូលហេតុដែលយើងត្រូវវិនិយោគមកលើខ្លួនឯងដោយសារតែយើងមិនស្គាល់ខ្លួនឯង មិនទាំងមានសមត្ថភាពគ្រប់គ្រាន់ផងតែយើងអាចធ្វើអ្វីបាន។ 

លោកឧញ្ញ៉ាបានបញ្ជាក់ថា ភាពជោគជ័យរបស់មនុស្សម្នាក់គឺស្ថិតនៅលើខ្លួនយើងជាអ្នកកំណត់។ លោកឧញ្ញ៉ាបានបន្តថា លោកចាប់ផ្តើមចេញរកស៊ីនៅអាយុ១៦ឆ្នាំ ហើយដើម្បីទុនដំបូងរបស់លោកគឺគំនិតមិនមែនលុយនោះទេ។ លោកបានបញ្ជាក់ថា ទោះមានលុយមួយលានដុល្លារក៏ដោយមិនប្រាកដថារកស៊ីជោគជ័យនោះទេ ហើយក៏មិនចាំបាច់មានលុយដល់មួយលានដុល្លាទើបអាចរកស៊ីបាននោះដែរ។

៣. លោក ឌិន សុមេធារិទ្ធ

 លោកបានលើកឡើងថា ដើមទុនរបស់លោកគឺកើតចេញពីការសន្សំផ្ទាល់ខ្លួន និងរួមជាមួយសហការី។ លោកបានបញ្ជាក់ថា ដើរទុនទីមួយដែលលោកចាប់ផ្តើមគឺកើតចេញពីខ្លួនឯង។ ដូច្នេះយើងត្រូវយកខ្លួនឯងធ្វើជាដើមទុន ប្រសិនបើយើងមិនទាន់មានលុយជំហានដំបូងយើងត្រូវខិតខំរៀនសូត្រ បន្ទាប់មកធ្វើការឲ្យមានប្រាក់ខែច្រើនដើម្បីសន្សំ ប៉ុន្តែបើមានប្រាក់ខែច្រើនហើយតែយើងអ្នកឥតមានគំនិត ក៏យើងមិនៅមានលទ្ធភាពក្នុងការសល់ដែរ។ 

លោកបានបន្តថា ដើមទុនទីពីរគឺការខ្ចីលុយពីអ្នកនៅជុំវិញខ្លួន តែវាក៏ទាមទាឲ្យយើងពឹងលើកេរ្តិ៍ឈ្មោះរបស់ខ្លួនឯង និងទំនុកទុកចិត្តដែលយើងផ្តល់ឲ្យអ្នកដែលយើងចង់ខ្ចីលុយនោះដែរ។ ចំណែកឯដើមទុនទីបីគឺការខ្ចីធនាគារ សម្រាប់ធនាគារគឺគេមិនចង់បានអ្វីពីយើងទេគ្រាន់តែធ្វើតាមនិតិវិធីមានការវាយតម្លៃទៅបានហើយ។ ដូច្នេះដើម្បីមានភាពងាយស្រួលក្នុងការខ្ចីធនាគារ យើងត្រូវខ្ចីបន្តិចម្តងៗដើម្បីងាយស្រួលក្នុងការខ្ចីបន្ត។

៤. លោក ជា សិលា

  អ្នកចង់ចេញរកស៊ីលើកដំបូងតែងតែគិតថាខ្លួនមានបញ្ហារឿងដើមទុន និងមានដើមទុនតិចតួចទើបមិនទាន់ហានចេញរកស៊ី។ ច្បាស់ណាស់ថាការរកស៊ីត្រូវតែមានដើមទុនទើបបង្កើតអាជីវកម្មបាន តែចំណុចពិសេសក្នុងការបង្កើតអាជីវកម្មបានច្បាស់ជាសំខាន់ជាងដើមទុនទៅទៀត។ ត្រង់ចំណុចនេះលោក ជា​ សិលា ចេញរកស៊ីដំបូងមានដើមទុនត្រឹម៥០០ដុល្លារតែប៉ុណ្ណោះ លោកធ្លាប់លើកឡើងថា មិនចាំបាច់ដល់មានលុយរាប់ម៉ឺនដុល្លារទើបអាចចេញរកស៊ីបាននោះទេ សំខាន់ឲ្យតែមានគំនិតចង់រកស៊ីច្បាស់លាស់។

លោកបានបន្តទៀតថា បានពន្យល់ថាការចាប់ផ្តើមរកស៊ីដំបូងឲ្យតែមានគំនិត មិនចាំបាច់ដល់មានដើមទុនច្រើននោះទេ ក៏ប៉ុន្តែវាក៏តម្រូវឲ្យអ្នកមានដើមទុនខ្លះដែរ។ ការចង់ក្លាយជាសហគ្រិនអ្នកត្រូវតែមានគំនិតគិតគ្រោងឲ្យហើយ មានទស្សនៈច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ មិនចាំបាច់មានលុយរាប់ម៉ឺនដុល្លារទើបអាចបង្កើតមុខរបរមួយនោះទេ។

អត្ថបទដោយ៖ កាន់ ដារ៉ា(Financial Writer)

Facebook: https://www.facebook.com/dear.ex.90

 

 

 

 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES