ចៀសវាងរងគ្រោះ ដោយគម្រោងដីឡូតិ៍ខ្យល់ អ្នកជំនាញឱ្យវិធីសាស្រ្ត គេចផុតពីការបោកប្រាស់

ចរន្ដនៃការពុះដីឡុតិ៍លក់ ហាក់ធ្លាក់សកម្មភាពតិចតួច បើធៀបនឹងឆ្នាំមុននិងនាពេលដើមឆ្នាំ ក៏ប៉ុន្ដែការវិនិយោគលើដីឡូតិ៍នៅតែជាជម្រើសមួយដ៏ល្អសម្រាប់អ្នកដែលរកស៊ីថ្មីថ្មោង និងចង់ចំណេញពីវិស័យនេះ។

តាមពិតទៅ ការពុះដីឡុតិ៍លក់ មិនមែនមានគ្រឹះរឹងមាំប៉ុន្មានទេ ដូច្នេះចន្លោះខ្វះខាតនៅមានច្រើន ពីព្រោះការអភិវឌ្ឍនៅថ្មីៗ ម្ចាស់គម្រោងមួយចំនួនមានបទពិសោធន៍នៅស្ទើរ មិនត្រឹមតែប៉ុណ្ណោះបញ្ហាដែលចោទខ្លាំងនោះគឺមានជនខិលខូចចូលមកបន្លំខ្លួនចង់កេងចំណេញ ស្របពេលដែលអ្នករកស៊ីមួយចំនួននៅមានកម្រិតយល់ដឹងតិចតួចងាយនឹងចាញ់បោកគេ ពីព្រោះពួកគេតែងតែមានល្បិចថ្មី ដើម្បីចងជើងអតិថិជនបានជានិច្ច។ដូច្នេះ អ្នកទិញមួយចំនួនតែងតែហួសចិត្តនិងនឹកស្មានមិនដល់នូវល្បិចបោកទាំងនោះ។

តាមការលើកឡើងពីលោកឧកញ៉ាគីម ហ៊ាងបានសង្កត់ធ្ងន់ថា ដីឡូតិ៍ដែលត្រូវបានចាត់ទុកជាដីឡូតិ៍ខ្យល់ គឺជាដីដែលប្រកាសលក់មានតែគម្រោង ពោលគឺមានប្លង់គោលច្បាស់លាស់ ដើរផ្សព្វផ្សាយ តែភាពជាក់ស្ដែងគឺគ្មានសកម្មភាពសាងសង់ឡើយ។ដូច្នេះអ្នកទិញគួរតែពិនិត្យមើលឱ្យបានច្បាស់លាស់ ពុំគួរជឿលង់តាមតែការនិយាយ ដោយទៅមើលផ្ទាល់ពីសកម្មភាពនានាតែម្ដង ចាំសម្រេចចិត្តទិញទើបប្រសើរ។

តាមបទពិសោធន៍របស់លោកជាក់ស្ដែង ក៏បានជួបម្ចាស់គម្រោងដីឡូតិ៍ខ្យល់ ដោយប្រកាសលក់ ស្របពេលខ្លួនមិនមែនជាម្ចាស់កម្មសិទ្ធពេញលេញ តែហ៊ានដាក់ផ្លាកលក់ជាដើម ជាហេតុធ្វើឱ្យអ្នកទិញជួបប្រទះហានិភ័យធ្ងន់ធ្ងរ ពេលទិញរួចតែគ្រប់យ៉ាងជាការលួចបន្លំតែប៉ុណ្ណោះ។ដូច្នេះ ដើម្បីជាជម្រើសល្អគួរតែសាកសួរព័ត៌មានឱ្យបានច្បាស់លាស់ ជាពិសេសស្វែងរកពីប្រវត្តិម្ចាស់ដី តាមរយៈអាជ្ញាធរដែនដីផ្ទាល់តែម្ដង។

ចំពោះ ការពុះដីឡូតិ៍នេះទៀតសោត គឺម្ចាស់ដីឡូតិ៍ ចេះតែពុះដីឡូតិ៍លក់ ដែលធ្វើឱ្យអតិថិជន ប្រឈមនឹងការពិបាក ពេលរៀបនឹងសាងសង់ឬចូលទៅរស់នៅ។ដោយសារតែម្ចាស់គម្រោងមួយចំនួន ពុំបានគិតដល់អ្វីដែលសំខាន់ដល់ការរស់នៅ គឺមានត្រឹមតែដី ប៉ុន្ដែពុំមានប្រព័ន្ធលូត្រឹមត្រូវ ដែលធ្វើឱ្យមានផលពិបាកតាមក្រោយ ពេលអតិថិជនទិញរួច។

ចំណែកប្រព័ន្ធទឹកភ្លើង ក៏ពុំបានភ្ជាប់ត្រឹមត្រូវ ដែលធ្វើឱ្យកង្វះខាត ពេលអតិថិជនចូលទៅសាងសង់សម្រាប់តម្រូវការជាដើម។ដូច្នេះអ្នកអភិវឌ្ឍលំនៅឋាន គួរចេះប៉ាន់ប្រមាណឱ្យច្បាស់លាស់ពីសាងសង់នានា ដើម្បីឱ្យដីឡូតិ៍ដែលខ្លួនពុះលក់មានលក្ខណៈត្រឹមត្រូវតាមស្ដង់ដា ជាពិសេសត្រូវសម្គាល់ទៅលើអ្វីដែលមនុស្សត្រូវការជាប្រចាំ ដូចជាទឹកភ្លើង ផ្លូវថ្នល់នេះឯង។ជាពិសេសអ្នកជំនាញរូបនេះក៏បានសំណូមពរដល់ក្រសួងពាក់ព័ទ្ធ រឹតបង្ដឹងច្បាប់ជុំវិញការពុះដីឡូតិ៍នេះផងដែរ៕

អត្ថបទដោយ៖ នឹម ផានុន

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES