របៀបទិញដីលើកដំបូងដ៏វៃឆ្លាត ទោះគ្មានបទពិសោធន៍ ក៏មិនចាញ់បោកគេឡើយ

ការវិនិយោគលើដីធ្លីគឺពេញនិយមបំផុតក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ដោយសារតែដីនៅសល់ច្រើន ហើយគម្រោងវិនិយោគអភិវឌ្ឍន៍សំណង់អគារ​មានច្រើនឡើងៗ ធ្វើឱ្យតម្លៃដីធ្លី​ចាប់ផ្តើមឡើងថ្លៃ​ទៅតាមតំបន់​សក្តានុពល និងតំបន់គោលដៅអភិវឌ្ឍន៍។ សម្រាប់អ្នកមិនទាន់មានបទពិសោធន៍សោះ ហើយចង់ប្រឡូកការវិនិយោគ​ដី អាចជាឱកាសល្អ បើសិនបើដើរតាមក្បួន​វិនិយោគ តែបើដើរគ្មានក្បួនអត្រាបរាជ័យអាចមានច្រើន។

លោកឈៀវ សុខ​វណ្ណនី ប្រធានផ្នែកទីផ្សារក្រុមហ៊ុនកប់ស្រូវលែន&ហូម ថ្លែងប្រាប់ Business Camboia ថា បើយើងគ្មានបទពិសោធន៍ទាល់តែសោះ ហើយចង់វិនិយោគលើអចលនទ្រព្យ ឬដីធ្លី ត្រូវតែ​ស្វែងរកអ្នកជំនាញអចលនទ្រព្យដើម្បី​ប្រឹក្សាយោបល់​ តើគួរវិនិយោគអចលនទ្រព្យប្រភេទណា តំបន់ណា ហើយចៀសវាងចំណុចណាខ្លះ? យើងនឹងទទួលអត្ថប្រយោជន៍ បើទទួលបានការប្រឹក្សាយោបល់អំពីអ្នកជំនាញ ហេតុអ្វី ព្រោះបើ​យើងចង់វិនិយោគដី ត្រូវទៅជួបអ្នកជំនាញដីធ្លី នោះ​គេប្រាកដជាដឹងថា តំបន់ណាដែលល្អបំផុតសម្រាប់វិនិយោគដីដែលសាកសមបំផុត​សម្រាប់យើង។

លោកបន្តថា ដែលអាចក្លាយជាអ្នកជំនាញអចលនទ្រព្យបានយ៉ាងហោចណាស់ ក៏ត្រូវមានបទពិសោធន៍៥ឆ្នាំផងដែរ  ដោយធ្វើការផ្នែកណាមួយនៃអចលនទ្រព្យ ទើបអាចមានសមត្ថភាពចង្អុល និងផ្តល់យោបល់​ មិនងាយបរាជ័យនោះទេ តែបើទិញតាមចិត្តឯង ឬផ្នែកលក់អចលនទ្រព្យធម្មតាអត្រាបរាជ័យអាចកើតមានច្រើន ដោយសារតែយើងគ្មានពិសោធន៍ច្បាស់។

បន្ថែមពីលើនេះ មុនសម្រេចចិត្តវិនិយោគលើដី កត្តាសំខាន់ចម្បងត្រូវគិត គឺតំបន់ភូមិសាស្រ្ត តើតំបន់នោះបច្ចុប្បន្នអភិវឌ្ឍន៍បែបណា ជាគោលដៅ​អភិវឌ្ឍន៍​របស់សាលាក្រុងដែលទេ ព្រោះព័ត៌មានគម្រោងទាំងនេះធ្វើឱ្យ​ការវិនិយោគដីធ្លី​ទទួលបានប្រាក់ចំណេញខ្ពស់។ ឧទាហរណ៍​៖ បើយើងចង់វិនិយោគដី សម័យនេះដែលល្អ ធូរថ្លៃ គួរតែស្ថិតនៅតំបន់ភ្នំបាសិត ភ្នំរាប និងផ្លូវ៥១ ព្រោះតំបន់ទាំងនេះអនាគតគេនឹងធ្វើការអភិវឌ្ឍន៍ ហើយផ្លូវ៥១ក៏ជាទីតាំង​ដែលត្រូវរើរោងចក្រពីក្រុងភ្នំពេញផងដែរ ដូច្នេះវិនិយោគសម្រាប់ថ្ងៃអនាគត គឺល្អ។

មុននឹងសម្រេចចិត្តវិនិយោគលើដី ជាពិសេសដីឡូត៍ ត្រូវសិក្សាលើ​តំបន់ភូមិសាស្ត្រ ក្រុមហ៊ុនអភិវឌ្ឍន៍ ប្រវត្តម្ចាស់ក្រុមហ៊ុន ប្រវត្តដីឱ្យបានច្បាស់លាស់ និងកត្តាផ្លូវច្បាប់ បើចំណុចទាំងនេះល្អហើយ វិនិយោគចុះមិនខុសទេ អត្រាចំណេញនឹងមានច្រើន​។

ប្រធានផ្នែកទីផ្សាររូបនេះបានបញ្ជាក់ថា ដីដែលយើងមិនគួរទិញ ឬវិនិយោគ គឺដីប្រភេទព្រៃ ដីភ្នំ ដីអនុក្រឹត្យស ជ ណរបស់រដ្ឋ ជាពិសេសដី​ខ្យល់ ដីដែលម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍មិនទាន់ឱ្យលុយម្ចាស់ដីដើមគ្រប់​ ដូច្នេះមុននឹងទិញត្រូវសិក្សាឱ្យច្បាស់ ជាពិសេសួរអាជ្ញាធរមូលដ្ឋាន មានមេឃុំ មេភូមិ តើដីនេះគួរទិញ ឬវិនិយោគបានអត់ បើគាត់ថា ល្អ យើងវិនិយោគមិនសូវខុសទេ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី»

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES