ទិញផ្ទះបែបណា ទើបលក់ចេញចំណេញច្រើន?

ការវិនិយោគលើអចលនទ្រព្យអាចមានឱកាសទទួលបានផលចំណេញខ្ពស់ ហើយក៏មានហានិភ័យខ្ពស់ផងដែរ ដោយសារការវិនិយោគនេះតម្រូវឲ្យមានដើមទុនច្រើន មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងកំណើនសេដ្ឋកិច្ចថយ ឬចុះ និងការវិនិយោគលើគម្រោងអភិវឌ្ឍន៍នានាជាដើម។ សម្រាប់ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគអលចនទ្រព្យ ព្រោះតែវិស័យនេះកំពុងមានការរីកចម្រើនខ្លាំង និងតម្រូវការខ្ពស់។

លោកសុត វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យCPL មានប្រសាសន៍ថា ការវិនិយោគយកប្រាក់ចំណេញពីផ្ទះ សម្រាប់ដំណាក់កាលទិញយើងគួរតែទិញផ្ទះមុនគម្រោង ឬកំពុងបុកគ្រឹះទៅ ព្រោះបើយើងរងចាំផ្ទះសាងសង់រួច តម្លៃវានឹងឡើងថ្លៃបន្ថែមទៀត។

លោកវីរៈបន្តថា យើងត្រូវពិនិត្រមើលគម្រោងណា ដែលអត់ការប្រាក់ ឬមានអត្រាការប្រាក់ទាប ព្រោះបើខ្ពស់ពេកយើងពិបាកលក់យកចំណេញណាស់។ ព្រោះបើផ្ទះនឹងអត្រាការប្រាក់១%ក្នុងមួយខែ ទម្រាំបង់ផ្តាច់ វាស្មើតម្លៃផ្ទះគុណនឹង២ហើយនឹង យើងអត់ចំណេញទេ។ ដូច្នេះ ​ឱកាសល្អ ត្រូវជ្រើសរើសយកបង់តាមដំណាក់កាល បង់ក្នុងអត្រាការប្រាក់ទាប ឬគ្មាន និងទីតាំងល្អ។

ការវិនិយោគលើផ្ទះ ត្រូវតែជ្រើសរើសតំបន់ក្បែរក្រុង ប្លង់រឹងស្របច្បាប់ត្រឹមត្រូវ គម្រោងមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ ជាពិសេសផ្លូវចេញចូលមានទំហំធំ បង្កភាពងាយស្រួលសម្រាប់ការធ្វើដំណើរ។ ព្រោះបើគេទិញតពីយើងគេនឹងប្រៀធៀបផ្ទះរបស់យើង និងគម្រោងផ្សេងៗ បើផ្ទះយើងមានហេដ្ឋារចនាសម្ព័ន្ធ ការធ្វើដំណើរចំណាយពេលតិច តម្លៃសមរម្យច្បាស់ជាគេទិញរបស់យើងហើយ។ អ្នកជិតខាងល្អ ក៏ជាចំណុចមួយដែលយើងត្រូវពិចារណាផងដែល ព្រោះបើរស់នៅអ្នកជិតខាងមានភាពអនាធិបតេយ្យ រញ៉េរញ៉េគេមិនចូលចិត្តរស់នៅនោះទេ ហើយផ្ទះយើងក៏មិនងាយលក់ដាច់ដែរ។

ចំណែកលោកគាម សៀកឡុង ស្ថាបនិកក្រុមហ៊ុន Century21 Dream Propertyបានថ្លែងថា ចំណុចទី១៖គឺការជ្រើសរើសតំបន់ដែលមានសក្តានុពល។ តំបន់ដែលមានសក្តានុពលនឹងជួយឲ្យអចលន​​ទ្រព្យឡើងថ្លៃខ្ពស់ទៅថ្ងៃអនាគត។ ដូច្នេះការជ្រើសរើសទីតាំងណាដែលល្អ ពិតជាមានសារៈសំខាន់ សម្រាប់អ្នកទិញផ្ទះសម្រាប់បើកអាជីវកម្ម ឬលក់ចេញបន្ត។ បើតំបន់ល្អក៏តម្លៃថ្លៃទៅតាមនោះដែល តែបើយើងចេះព្យាករណ៍តំបន់អភិវឌ្ឍថ្មីៗ កន្លែងត្រូវវិនិយោគរយៈពេលខ្លី ឬវែងនៅពេលខាងមុខ ហើយអាចទិញមុនឡើងថ្លៃ នោះឱកាសចំណេញមានច្រើន ហើយក្នុងស្ថានភាពអចលនទ្រព្យប្រទេសកម្ពុជាសព្វថ្ងៃ ឱកាសបែបនេះមានច្រើន ដោយសារវិស័យនេះកំពុងពង្រីក និងអភិវឌ្ឍនជាបន្តបន្ទាប់។

ចំណុចមួយទៀត គឺលទ្ធភាពជាក់ស្តែង លំហូរសាច់ប្រាក់ ប្រភពថវិកា ឬហិរញ្ញវត្ថុរបស់អ្នក​ទិញ ឬអ្នកវិនិយោគ។ ជាការពិតណាស់អចលនទ្រព្យមានតម្លៃថ្លៃ ត្រូវការមានដើមទុនច្រើន ឬទុនបម្រុងផងដែរ ដើម្បីចៀសវាងហានិភ័យក្នុងការបង្វិលលុយ។ តែបច្ចុប្បន្នទោះមិនមានដើមទុនជាទឹកប្រាក់សុទ្ធគ្រប់ ដើម្បីទិញតែម្តង តែយើងអាចជ្រើសរើសយកផ្លូវបង់រំលស់ប្រចាំខែក៏បាន តែត្រូវគិតឲ្យបានម៉ត់ច្មត់លើបញ្ហាបង្វិលហិរញ្ញវត្ថុ ឬប្រភពចំណូលដែលយើងអាចរកបាន និងលទ្ធភាពបង់ប្រចាំខែ ជាពិសេសត្រូវធានាថាមានប្រភពដើមទុន ដែលអាចបង្វិលបានភ្លាមៗ មិនឲ្យរាំងស្ទះហិរញ្ញវត្ថុ។

លោកបន្ថែមថា តម្លៃផ្ទះ និងលក្ខខណ្ឌបង់ប្រាក់ យើងត្រូវពិចារណាឲ្យបានល្អផងដែរ។​ តើតម្លៃកំពុងដាក់លក់ជាតម្លៃទីផ្សារ​​ ឬទាបជាងទីផ្សារ? ការឡើងថ្លៃប្រចាំឆ្នាំរបស់អចលនទ្រព្យ លក្ខខណ្ខនៃការបង់ប្រាក់ (មានប្រាក់ត្រឹមតែ១០% ឬ២០% និងរយៈពេលអនុគ្រោះក្នុងការបង់ប្រាក់បន្ទាប់ ឬបង់ផ្តាច់លើកចុងក្រោយ)។​ លក្ខខណ្ខល្អក្នុងការបង់ប្រាក់ក៏ជាចំណុចពិសេសដែលអាចធ្វើឲ្យអចលនទ្រព្យមួយមាន​​ប្រៀបលើសអចលនទ្រព្យមួយផ្សេងទៀត ដែលធ្វើឲ្យអ្នកទិញមានពេលវេលាគ្រប់គ្រាន់ក្នុងការបង្វិលលក់អចលនទ្រព្យរបស់ខ្លួនដោយគ្រាន់តែប្រើលុយកក់ប៉ុណ្ណោះក្នុងករណីលក់វិញភ្លាមៗ ឬមានពេលល្មមគ្រប់គ្រាន់ក្នុងការបង់ប្រាក់គ្រប់ចំនួន។

លោកបានបញ្ជាក់ថា ភាពស្របច្បាប់ ឬមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវរបស់ផ្ទះ ជាចំណុចមួយសំខាន់ណាស់សម្រាប់អ្នកវិនិយោគ។យើងត្រូវជ្រើសរើសទិញ​គម្រោងណា​ដែលស្របច្បាប់ មានអជ្ញាប័ណ្ណសាងសង់ អជ្ញាប័ណ្ណអភិវឌ្ឍគម្រោង អជ្ញាប័ណ្ណលក់ត្រឹមត្រូវ​ដែលចេញ​ដោយ​ក្រសួងពាក់ព័ន្ធ។​ អ្នក​ទិញគួរ​ធ្វើ​ការ​សិក្សា​អំពីប្រវត្តិ និងកេរ្តិ៍ឈ្មោះម្ចាស់គម្រោងដើម្បី​ធានា​ថា​គម្រោង​ដែល​កំពុង​ដំណើរ​ការ និង​ធ្វើ​ការអភិវឌ្ឍ​នោះ​អាចទុកចិត្ត​បាន​ ជាពិសេសគឺអាចផ្ទេរកម្មសិទ្ធិប្លង់រឹងបាន។ ប្រសិនបើផ្ទះដែលបានសាងសង់រួច ឬកំពុងរស់នៅ ត្រូវតែមានកម្មសិទ្ធិស្របច្បាប់។

លោកបានបន្ថែមចំណុចចុងក្រោយថា អ្នកវិនិយោគត្រូវគិតលើគុណភាពសំណង់រឹងមាំ សម្ភារៈប្រើប្រាស់ដើម្បីសាងសង់មានគុណភាព មានសន្តិសុខល្អ ការគ្រប់គ្រងថែទាំអចលនទ្រព្យ(Property Management) ដើម្បីរក្សាបាននូវសោភណ្ឌភាព និង ភាព​ស្រស់ស្អាតនៃទីធ្លាសាធារណៈ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES