សហគ្រិនអចលនទ្រព្យជំនាន់ថ្មី ត្រូវចេះតិចនិកយកលុយពីធនាគារ

ជាទូទៅប្រភពទុនដែលសំខាន់ សម្រាប់សហគ្រិនអចលនទ្រព្យ ឬមហាសេដ្ឋីធំៗ មានធនាគារមួយដែរក្នុងចំណោមប្រភពទុនប្រើប្រាស់ សម្រាប់ការរកស៊ី។ តាមពិតទៅការខ្ចីលុយធនាគារ មិនពិបាកពេកនោះទេ តែ​មានសហគ្រិនជោគជ័យខ្លះ ពេលចេញរកស៊ីដំបូងៗ សូម្បីខ្ចីលុយធនគារក្នុង​ទំហំតិចតួច ក៏ធនគារមិនហ៊ាន​ឱ្យខ្ចីលដែរ ព្រោះគ្មានទំនុកចិត្ត​ ដោយសារ​មិនធ្លាប់ខ្ចី និងគ្មានរបស់ធានាត្រឹមត្រូវជាដើម។ ត្រង់ចំណុចនេះហើយ​ បានជាសហគ្រិនជោគជ័យមួយចំនួន តែងពោលថា បើមិនចេះខ្ចីលុយធនាគារទេ កុំ​អាលចេញរកស៊ីអី ដូច្នេះបើមិនទាន់មានបទពិសោធន៍ រៀនខ្ចី ដើម្បីដឹងតិចនិកខ្លះ ងាយស្រួលពេលត្រូវការចាំបាច់។

ដើម្បីខ្ចីលុយធនាគារ ខ្ទង់រាប់ពាន់លានដុល្លារបាន មិនអាចខ្ចីលើកទី១បានភ្លាមៗនោះទេ មានបែបផែននៃការខ្ចី ហើយធនាគារចង់ខ្លាំងណាស់ ក្នុងការបញ្ចេញកម្ចីដល់អតិថិជន ព្រោះគេជាអ្នករកស៊ី ចង់បង្កើន​ចំណូលដែរ។ ត្រង់ចំណុចនេះ ខ្ញុំផ្តោតសំខាន់លើកត្តា២សំខាន់២៖ ប្រវត្ថនៃការខ្ចីលុយ និងកេរ្តិ៍ឈ្មោះល្អរបស់សហគ្រិននៅក្នុងសង្គម ហើយជាទូទៅដើម្បីខ្លីបានត្រូវមានទ្រព្យបញ្ចាំភ្ជាប់ជាមួយ។

ខ្ចីលុយធនាគារ មិនខុសពីការចាប់ផ្តើមអាជីវកម្មនោះទេ ត្រូវចាប់ផ្តើមរៀនខ្ចីពីតូចទៅធំ ចង់បានពាន់លានដុល្លារ លុះត្រាតែធ្លាប់ខ្ចីលានដុល្លារ បើចង់បានលានដុល្លារ លុះត្រាតែធ្លាប់ខ្ចីសែនដុល្លារ។ ដូច្នេះត្រូវរៀនខ្ចីធនាគារពីតិនតួចទៅ ព្រោះបើមិនធ្លាប់ខ្ចីទេ ហើយចង់បានទំហំទឹកប្រាក់ធំតែម្តង ច្បាស់ណាស់ថា ធនាគារនឹងពិចារណាយូរ ហើយអត្រាបានតិចបំផុត ព្រោះវាប្រថុយសម្រាប់ធនាគារ។ ដូច្នេះត្រូវរៀនខ្ចីពីតូច កសាង​ប្រវត្ថកម្ចីឱ្យល្អជាមួយធនាគារ មិនបោកប្រាស់ នោះគេនិងរីករាយផ្តល់កម្ចីជាបន្តបន្ទាប់បាន។ ហើយវាគ្មានរឿងអ្វី ដែលយើងត្រូវខ្លាចរអាល ក្នុងការខ្ចីលុយមករកស៊ីនោះទេ ឱ្យតែយើងច្បាស់លាស់ តែចៀសវាង​ពេលចេញរកស៊ីដំបូងៗ ហើយចៀសវាងខ្លាំងបំផុតក្នុងការប្រព្រឹត្តណ៍កំហុស​ណាមួយ នាំឱ្យ​ធនាគារលេងទុកចិត្ត​ហ៊ានឱ្យខ្ចី ព្រោះបើមានបញ្ហា ធនាគារផ្សេងក៏គេមិនហ៊ានឱ្យខ្ចីដែរ ពេលនោះយើង​អាចមានបញ្ហាធំដល់​ដំណើរការអាជីវកម្មរបស់យើង។

កេរ្តិ៍ឈ្មោះសហគ្រិន គឺសំខាន់ខ្លាំងណាស់សម្រាប់អ្នករកស៊ី មិនគ្រាន់តែជំរុញឱ្យ​អាជីវកម្មជោគជ័យនោះទេ សូម្បីរកទុនវិនិយោគពីធនាគារក៏ងាយស្រួលដែរ។ មានសហគ្រិនច្រើនណាស់ ពេលចេញរកស៊ីដំបូងខ្ចីលុយធនាគារមិនបាន ដោយសារតែមិនទាន់មានកេរ្តិ៍ឈ្មោះគេស្គាល់ច្រើន ដូច្នេះទើបពិបាកខ្ចី ត្រង់នេះហើយ ដែលសហគ្រិនត្រូវគិត ចេះកសាង​ក្រេឌីតខ្លួនឯង​ឱ្យបានល្អគ្រប់មជ្ឈដ្ឋាន​ទាំងអស់ ព្រោះខ្ចីបានតិចច្រើន អាស្រ័យលើកេរ្តិ៍ឈ្មោះ ពេលខ្លះមិនត្រូវការក៏ធនាគារ​ទាក់ទងមកដែរ ដោយសារ​យើងមានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម ផ្តល់ទំនុកចិត្តខ្ពស់​ដល់គេ ហើយ​ជាអតិថិជនគោលដៅដែលគេចង់បាន៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

USNews Logo

RELATED ARTICLES