តើវ៉ាក់សាំងកូរ៉ូណា ត្រូវការពេលប៉ុន្មានដើម្បីអាចដាក់ឲ្យប្រើប្រាស់ជាផ្លូវការបានទូទាំងពិភពលោក?

 

គិតមកដល់ពេលនេះវ៉ាក់សាំងការពារវីរ៉ុសកូរ៉ូណាត្រូវបានចិន ហុងកុង ជប៉ុន និងសហរដ្ឋអាមេរិក ខិតខំស្រាវជ្រាវនឹងបង្កើតគម្រូបានហើយ ប៉ុន្តែអ្វីដែលជាចម្ងល់របស់មនុស្សទូទៅនោះថាតើ វ៉ាក់សាំងនេះអាចនឹងដាក់ឲ្យប្រើនៅពេលណា?

បើតាមការបកស្រាយរបស់គេហទំព័រផ្លូវការវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឲ្យដឹងថា ការបង្កើតវ៉ាក់សាំងនេះត្រូវការចាយលុយខ្ទង់ពាន់លានដុល្លារ និងចំណាយពេលរាប់ខែឆ្នាំដើម្បីធ្វើតេស្តវា ។

ថ្វីត្បិតថាបច្ចេកវិទ្យាថ្មីអាចបង្កើតវ៉ាក់សាំងបានលឿនពិតមែន ប៉ុន្តែយ៉ាងណាអ្នកវិទ្យាសាស្ត្រនៅតែត្រូវការយកវាទៅធ្វើតេស្តឲ្យបានច្រើនបំផុតជាមួយប្រព័ន្ធ​ភាពស៊ាំរបស់មនុស្ស ។

របាយការណ៍ដដែលបានបញ្ជាក់ថា វ៉ាក់សាំងដែលយើងប្រើកន្លងមកនេះ ត្រូវការពេលចន្លោះ ៥ ទៅ ១៥ ឆ្នាំដើម្បីធ្វើវាឲ្យល្អឥតខ្ជោះ និងអាចប្រើបានលើគ្រប់ប្រភេទមនុស្ស ។ ជាក់ស្តែងវាក់សាំងការពារវីរ៉ុសហ្ស៊ីកាកាលពីឆ្នាំ ២០១៦ ពេលនេះត្រូវបានអង្គការសុខភាពពិភពលោកដាក់ក្នុងការធ្វើតេស្តនៅឡើយទេ ។

បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជន និងវិទ្យាស្ថានចំនួន ៣៩ លើពិភពលោកកំពុងស្រាវជ្រាវបង្កើតវ៉ាក់សាំង ប៉ុន្តែស្ថាប័នទាំងនោះសុទ្ធស្ថិតក្នុងដំណាក់កាលតេស្តលើសត្វនៅឡើយទេ ។

នេះជាដំណាក់កាលក្នុងការដាក់វ៉ាក់សាំងឲ្យប្រើសាកល្បង ៖

១- តេស្តលើមនុស្សពេញវ័យមួយចំនួនតូចដែលមានសុខភាពល្អ

២- តេស្តលើមនុស្សពេញវ័យចំនួនធំដែលរស់នៅក្នុងតំបន់ឆ្លងវីរ៉ុស

៣- តេស្តលើមនុស្សពេញវ័យទូទៅក្នុងតំបន់ឆ្លងវីរ៉ុស

គ្រប់ជំហាននីមួយៗត្រូវការចំណាយពេល ៦ ទៅ ៨ ខែ ដោយជំហានខាងលើមិនរាប់បញ្ចូលទាំងពេលស្រាវជ្រាវផលិត និងតេស្តលើសត្វទេ ក្នុងនោះដែលប្រសិនបើដំណាក់កាលនីមួយៗមិនជោគជ័យ នោះការបញ្ចេញវ៉ាក់សាំងឲ្យប្រើនឹងចំណាយពេលកាន់តែយូរ ។

ក្នុងនោះដែរអ្នកជំនាញផ្នែកវេជ្ជសាស្ត្រនៅអាមេរិកបញ្ជាក់ថា ចំពោះវ៉ាក់សាំងកូរ៉ូណានេះ អាចនឹងចំណាយពេលប្រមាណ ១ ឆ្នាំដើម្បីដាក់ឲ្យប្រើសាកល្បង ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES