ខណៈក្រុមហ៊ុនដឹកម្ហូបចិន E-Gets កំពុងឡើងកូដខ្លាំង ក្រុមហ៊ុនខ្មែរបង្ហើបសាច់រឿងពីក្រោយខ្នងទាំងនេះ

មួយរយៈចុងក្រោយនេះស្រាប់តែលេចមុខម៉ូតូដឹកម្ហូបដែលមានឈុតសម្លៀកបំពាក់និងកន្ទ្រកដាក់ម្ហូបពណ៌ទឹកក្រូចកំពុងរត់ព្រោងព្រាតពេញផ្លូវ ក្រោមយីហោ E-Gets ដែលទំនងជាចាប់ជនជាតិចិនធ្វើជាអតិថិជន ប៉ុន្តែនៅពីក្រោយការឡើងកូដមួយប្រ៉ាវនេះ វាសុទ្ធតែមានសាច់រឿងនៅក្រោយខ្នង ។

មិនដឹងថា E-Gats ចូលមកក្រឡុកទីផ្សារដឹកម្ហូបស្រុកខ្មែរដែលបង់ថ្លៃមួយជើង ១ ដុល្លារឬយ៉ាងណា ប៉ុន្តែស្ថាបនិក Nham24 បានប្រាប់ Business Cambodia ថា ភាគច្រើន E-Gets វាយលុកអតិថិជនចិន ហើយវាជារឿងធម្មតាទេដែលក្រុមហ៊ុននេះជះលុយធ្វើទីផ្សារ ព្រោះក្រុមហ៊ុនណាក៏ធ្វើទីផ្សារដែរ ក្នុងនោះថ្ងៃអនាគតក្រុមហ៊ុនក្នុងស្រុកខ្មែរជៀសមិនផុតពីបាត់ចំណែកទីផ្សារខ្លះទេ ព្រោះយើងជាក្រុមហ៊ុន Start-up ។

ចំណែកឯលោក Maxime Rosburger នាយកប្រតិបត្តិក្រុមហ៊ុនដឹកម្ហូបខ្មែរមួយទៀតយីហោ Meal Temple ឲ្យដឹងថា ធម្មតាទេ មុខរបរដឹកម្ហូបមួយជើង ១ ដុល្លារនេះ ការពិតមិនអាចធ្វើឲ្យក្រុមហ៊ុនរីកលឿនបានទេ ។ “ខ្ញុំជឿថា ក្រុមហ៊ុនដឹកម្ហូបផ្សេងក៏មិនទាន់ចំណេញច្រើនដែរ ដោយសារទីផ្សារស្រុកខ្មែរនៅតូចមែនទែន ប៉ុន្តែហេតុអ្វី E-Gets ហាក់ដូចជារីកលឿនម្លេះ” ។

លោក Maxime ថា ដោយសារក្រុមហ៊ុនចិននេះសម្បូរលុយចាយ ដូចនេះយុទ្ធសាស្ត្រទីផ្សាររបស់គេគឺជួលអ្នកដឹកម្ហូបឲ្យជិះម៉ូតូដើរលេងពេញក្រុងភ្នំពេញ មិនប្រាកដថាម៉ូតូដឹកម្ហូបរបស់ E-Gets ដែលអ្នកឃើញសុទ្ធតែមានម្ហូបនោះទេ ។

យុទ្ធសាស្ត្រនេះជារឿងធម្មតាទេ មិនខុសអ្វីពី The Pizza Company បានធ្វើទេ គឺជួយក្បូនម៉ូតូ ឲ្យគេជិះមួយខ្សែតកន្ទុយគ្នា ធ្វើដូចជាកំពុងដឹកភីហ្សាឲ្យអតិថិជន ប៉ុន្តែនេះគ្រាន់តែជាយុទ្ធសាស្ត្រពង្រីកយីហោតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា មុខរបរដឹកម្ហូបនៅស្រុកខ្មែរសព្វថ្ងៃនេះមិនមានសំទុះខ្លាំងនៅឡើយទេ ខណៈក្រុមហ៊ុនក្នុងស្រុកដូចជា Nham24 បញ្ជាក់ថា មិនទាន់រកផលចំណេញឃើញនៅឡើយទេ គ្រាន់តែបានពង្រីកក្រុមហ៊ុន ហើយថ្លៃដឹកម្ហូបនេះគ្រាន់តែគ្រប់សម្រាប់ទូទាត់ថ្លៃបុគ្គលិកប៉ុណ្ណោះ អ្វីដែលធ្វើឲ្យក្រុមហ៊ុននៅរស់គឺលុយវិនិយោគ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES