ខ្លាំងអីតែ Toyota Prius ឆ្នាំនេះ Honda Insight ចេញមុខថ្មីស៊ីសាំងតែ ៤ លីត្រកន្លះប៉ុណ្ណោះ

Honda Insight ឆ្នាំនេះតម្លៃស្តង់ដារចាប់ផ្តើមពី ២២០០០ ដុល្លារ ធូរថ្លៃជាង Toyota Prius ហើយវាបានក្លាយជាគូប្រកួតធំសម្រាប់ Toyota Prius ដោយសារឡានមួយនេះស៊ីសាំងប្រហែលគ្នាតែ ៤ លីត្រកន្លះប៉ុណ្ណោះក្នុងការបើកបរ ១០០ គីឡូម៉ែត្រ ។

ប្រភពពី Motor Trend ឲ្យដឹងថា Honda Insigh 2019 បានចេញមុខជាមួយការរចនាថ្មី និងមុខងារពិសេស ដែលមើលទៅស្រដៀងគ្នានឹងបងប្អូនវា Honda Civic ដែរ ។

Honda Insight 2019 បំពាក់ម៉ាស៊ីនតូចល្មម ១.៥ លីត្រ ៤ ស៊ីឡាំង មានម៉ូទ័រអគ្គីសនី ធ្វើឲ្យវាក្លាយជាឡានកូនកាត់អាចផលិតកម្លាំងបាន ១៥១ សេះ ។ វាមិនសូវជាស្ទុះលឿនប៉ុន្មានទេ ដោយចាយពេល ៧.៧ វីនាទីដើម្បីចេញល្បឿនដើមពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែវាល្អត្រង់ថា មាន Sport Mode ជំនួយឲ្យឡានកាន់តែស្ទុះខ្លាំង គ្រាន់តែស៊ីសាំងបន្តិចបើប្រើមុខងារនេះ ។

បើតាមការធ្វើតេស្តរួចបញ្ជាក់ថា ប្រព័ន្ធម៉ាស៊ីនកូនកាត់របស់ Honda Insight ខុសពីឡានកូនកាត់ផ្សេងទៀត ត្រង់ថាម៉ូទ័រអគ្គីសនីនេះមិនបានជំនួយល្បឿនឡានឲ្យខ្លាំងទេ ប៉ុន្តែវាបានជួយសន្សំសាំងឡានបានច្រើន ។ សម្រាប់មុខងារផ្សេងទៀតដូចជា start/stop ដែលបញ្ជាម៉ូទ័រអគ្គីសនីឲ្យដំណើរការឬឈប់ដោយស្វ័យប្រវត្តិនោះគឺវាធ្វើបានដូចគេដូចឯងដែរ​។

ចំពោះកម្រិតស៊ីសាំង ជាមធ្យម ៥ លីត្រកន្លះក្នុង ១០០ គីឡូម៉ែត្រនៅលើផ្លូវធំ ចំពោះការបើកបរក្នុងក្រុង ស៊ីសាំងត្រឹមតែ ៤ លីត្រកន្លះប៉ុណ្ណោះក្នុង ១០០ គីឡូម៉ែត្រ ។

ការរចនាខាងក្នុងដូចជាកៅអីអង្គុយជាដើម វាបានចម្លងពីបងប្អូនវាតែម្តង (Honda Civic) និយាយទៅវាមានមាឌតូច ជាពិសេសអ្នកដែលខ្ពស់ៗប្រហែលពិបាកជិះឡាននេះបន្តិចដោយសារវាទាប ។

គួរបញ្ជាក់ថា Honda Insight ចេញឆ្នាំ ២០១៩ នេះ ជាឡានដែលកាត់ទៅរក Honda Civic និង Accord ហើយបើធៀបតម្លៃ វាធូរថ្លៃជាង Toyota Prius បន្តិច ថ្វីត្បិតតែមានមុខងារមួយចំនួននៅលោតមិនទាន់រួចជាមួយ Prius ក៏ដោយ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

USNews Logo

RELATED ARTICLES