នៅថ្ងៃនេះ សន្ទស្សន៍ ផ្សារហ៊ុនកម្ពុជា ឡើងដល់ជាង ៧ម៉ឺនពិន្ទុ ខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ

សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា (ផ្សារហ៊ុនកម្ពុជា) នៅថ្ងៃនេះបានបិទនៅចំនួន ៧១៤,៤៨ពិន្ទុ ដែលជាតួលេខខ្ពស់បំផុតគិតចាប់ពីដើមឆ្នាំ២០១៣។ សន្ទស្សន៍ ផ.ម.ក. ដែលតំណាងឲ្យបម្រែបម្រួលថ្លៃជារួមរបស់ភាគហ៊ុនចុះបញ្ជីទាំងអស់ បានកើនឡើងជាង ១០០% គិតចាប់ពីត្រីមាសទី៤ ឆ្នាំ២០១៨។ នេះបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនទៅលើក្រុមហ៊ុនចុះបញ្ជីក្នុង ផ.ម.ក. ដែលស្តែងតាមរយៈការកើនឡើងនូវតម្រូវការលើភាគហ៊ុនរបស់កុ្រមហ៊ុនចុះបញ្ជីទាំងនោះ។

សូមរម្លឹកថា សន្ទស្សន៍ ផ.ម.ក. បានចាប់ផ្តើមជាមួយភាគហ៊ុនត្រឹមចំនួនមួយប៉ុណ្ណោះក្នុងឆ្នាំ២០១២ ដែលមានពិន្ទុចំនួន ១០០០។ សន្ទស្សន៍នេះ ក៏បានធ្លាក់ចុះជាលំដាប់មកនៅក្រោម ៧០០ ពិន្ទុ និងបន្តធ្លាក់ចុះដល់ចំនុចទាបបំផុត ដែលមានតួលេខត្រឺមតែ ៣០៩ពិន្ទុ ក្នុងឆ្នាំ២០១៦ ហើយរក្សាពិន្ទុក្រោម ៤០០ រហូតដល់ចុងឆ្នាំ ២០១៨។ បន្ទាប់មក សន្ទស្សន៍នេះ ក៏បានកើនមកវិញយ៉ាងគួរអោយកត់សំគាល់ដល់៥០០ពិន្ទុនៅដើមឆ្នាំ២០១៩ និងបន្តកើនឡើងជាលំដាប់ដល់ ៧១៤,៤៨ ពិន្ទុនៅថ្ងៃនេះ។

ការកើនឡើងដ៏គួរឲ្យកត់សំគាល់នេះ អាចបណ្តាលមកពីកត្តាមួយចំនួនដូចខាងក្រោម៖

  • ទំនុកចិត្តនៃវិនិយោគិន៖ ការកើនឡើងដ៏គំហុកនៃចំនួនគណនី និងសកម្មភាពជួញដូរ​ក្នុងកំឡុងពេល ១២ខែចុងក្រោយនេះ បង្ហាញថា វិនិយោគិនមានទំនុកចិត្តមកលើទីផ្សារច្រើនជាងមុន។​ កត្តានេះ បានបង្កើនតម្រូវការនៃការការវិនិយោគលើភាគហ៊ុន ជាពិសេសការវិនិយោគលើក្រុមហ៊ុនដែលមានស្ថានភាពអាជីវកម្មល្អប្រសើរ ដែល​       បណ្តាលឲ្យតម្លៃនៃភាគហ៊ុនកើនឡើង។
  • ស្ថានភាពក្រុមហ៊ុន៖ អនុបាតចំណេញសុទ្ធ ជាមធ្យមនៃក្រុមហ៊ុនចុះបញ្ជីទាំងអស់ ក្នុងឆ្នាំ ២០១៨​ មានតួលេខលើស ២០% ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និង លទ្ធផលល្អរបស់ក្រុមហ៊ុនចុះបញ្ជី។ ភាគហ៊ុនភាគច្រើន បានផ្តល់ទិន្នផលភាគលាភខ្ពស់ ដែលបង្កើនភាពទាក់ទាញនៃការវិនិយោគក្នុង ផ.ម.ក.។ លទ្ធផលទាំងនេះជាចំនុចវិជ្ជមាន ដែលទាក់ទាញ   វិនិយោគិនថ្មីៗ មកវិនិយោគក្នុងផ្សារ​ និង ធ្វើឲ្យតម្លៃភាគហ៊ុនកើនឡើង។
  • ការបណ្តុះបណ្តាលវិនិយោគិន៖ ផ.ម.ក.បាន និងកំពុងផ្តល់នូវការជួយជ្រោមជ្រែងដល់វិនិយោគិនថ្មី និងវិនិយោគិនសក្តានុពលទាំងអស់ តាមរយៈការរៀបចំសិក្ខាសាកា វគ្គបណ្តុះបណ្តាល និងតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ ដើម្បីបង្ហាញអំពីឱកាស និងសក្តានុពលនៃការវិនិយោគក្នុង ផ.ម.ក.។

ជារួម កំណត់ត្រាថ្ងៃនេះ ជាជំហានថ្មីមួយទៀតសំរាប់ ផ.ម.ក. ក្រុមហ៊ុនចុះបញ្ជី ក៏ដូចជាទីផ្សារមូលបត្រទាំងមូលផង   ដែរ។

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES