ឯកឧត្តមថង​​ សាវុន ស្នើឱ្យអូស្ត្រាលី វិនិយោគលើវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី

ឯកឧត្តម ថង សាវុន បានស្នើរដ្ឋាភិបាលអូស្ត្រាលីឱ្យជំរុញការគាំទ្របន្ថែមលើគម្រោងនានា និងអូសទាញអ្នកវិនិយោគ ដើម្បី ធ្វើឲ្យប្រសើឡើងគ្រប់វិស័យនៅខេត្តរតនគិរី ពិសេសគឺវិស័យទេសចរណ៍ដែលកំពុងមានតម្រូវការកាន់ តែខ្លាំងក្នុង តំបន់នេះ។

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី  បានទទួលជួបជាមួយលោក Luke Arnold ដែលជាអនុប្រធានបេសកកម្មរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តគម្រោងនានាដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ខេត្តរតនគិរីនេះ។

ក្នុងឱកាសនោះ ឯកឧត្តមថង សាវុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបេសកកម្មរបស់លោក Luke Arnold នៅខេត្តរតនគិរី ដែលនេះជាការឱកាសនៃការសិក្សាស្វែងយល់បន្ថែមទៀតលើកិច្ចសហការតាមរយៈការផ្តល់គម្រោងនានា ក៏ដូចជាជំរុញការវិនិយោគ។ 

នាវេលានោះផងដែរ ឯកឧត្តម ថង សាវុន បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី ជួយពង្រីកការគាំទ្រគម្រោងឱ្យ បានទូលំទូលាយនិងច្រើនវិស័យថែមទៀត ព្រមទាំងឱ្យជួយគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដើម្បីធ្វើឱ្យប្រសើរឡើងផ្នែកសុខាភិបាល និងវិស័យអប់រំផងដែរ។បន្ថែមពីនេះគឺជួយជំរុញអ្នកវិនិយោគអូស្ត្រាលី ចូលមកវិនិយោគលើវិស័យនានានៅខេត្តរតនគិរី ពិសេសវិស័យទេសចរណ៍។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងការសោកស្តាយជាមួយប្រជាជនអូស្ត្រាលី ដែលជួបមហន្តរាយភ្លើងឆេះព្រៃកាលពីពេលកន្លងមក។ចំពោះលោក Luke Arnold ក៏បានសម្តែងនូវការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត ហើយលោកពិតជាមានក្តីត្រេកអរដែលបានមកបំពេញបេសកកម្មនៅខេត្តរតនគិរី ដែលជាខេត្តដ៏ស្រស់ស្អាងមួយនៅភាគឥសាន្ត។

គួរកត់សម្គាល់ផងដែរ ខេត្តរតនគិរី មានកន្លែងកំសាន្តជាច្រើនសម្រាប់ភ្ញៀវទេសចរទៅទស្សនាកំសាន្ត ដែលភាគច្រើនជាតំបន់ធម្មជាតិមានទឹកជ្រោះព្រៃភ្នំ ហើយក្នុងនោះមានតំបន់មួយចំនួនត្រូវបានក្លាយជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរចូលទៅលេង។ ក្នុងនោះមានដូចជា៖ ទឹកជ្រោះចាអ៊ុង  បឹងយក្សឡោមទឹកជ្រោះអូរស៊ិនលែរ៍ទឹកជួរតាតតៃ  និងទឹកជ្រោះកាចាញ។ហើយតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តរតនគិរីនាពេលថ្មីៗនេះ នៅភ្នំឥសីបតមៈ ហៅភ្នំស្វាយ ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង កំពុងមានភ្ញៀវទេសចរណ៍អន្តរជាតិ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តជាច្រើនបាន ឡើងទៅលំហែរអារម្មណ៍ ស្រូបយកខ្យល់អាកាសបរិសុទ្ធធម្មជាតិ និងគយគន់ទេសភាពនៅទីនោះ ពិសេសគឺនាពេលរសៀលរៀបអស្តង្គត។ ហើយបច្ចុប្បន្នភ្នំនេះ ក៏កំពុងសាងសង់ព្រះពុទ្ធរូបដ៏ធំមួយព្រះអង្គ ដើម្បីជាទីសក្ការៈបូជាផងដែរ។ 

គួរជម្រាបផងដែរថា ខេត្តរតនគិរី ជាខេត្តមួយស្ថិតនៅភូមិភាគឦសាន្តនៃប្រទេសកម្ពុជាយើង មានចម្ងាយ៥៨៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ហើយក៏ជាខេត្តមួយដែលជាប់នឹងព្រំដែនប្រទេសឡាវផងដែរ។

អត្ថបទ៖ ភោគ ម៉ារី

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES