បុគ្គលិកមិនចង់ធ្វើការឱ្យគេអស់មួយជីវិត! បើសន្សំលុយបាន៥០០០ដុល្លារគួរទិញដី ឬចូលហ៊ុនរកស៊ី?

ក្នុងការវិនិយោគអាចនឹងមានហានិភ័យដែលកើតឡើងក្នុងលក្ខខណ្ឌណាមួយ ដោយសារតែអ្នកវិនិយោគនោះមិនមានចំណេះដឹងគ្រប់គ្រាន់ អាងតែមានលុយច្រើនមិនបានគិតអំពីហានិភ័យក្នុងការវិនិយោគ ។ ដើម្បីប្រាកដប្រជាថាការវិនិយោគរបស់អ្នកមិនមានហានិភ័យនោះទេ ឬក៏កម្រិតហានិភ័យទាប អ្នកក៏ត្រូវតែមើលលើផលប៉ះពាល់ផ្នែកអវិជ្ជមានដែលកើតមានឡើង ថាតើចំណុចនោះមានភាគរយបរាជ័យប៉ុន្មានក្នុងការវិនិយោគ ។ បន្ទាប់មករកចំណុចវិជ្ជមានក្នុងការវិនិយោគ ថាតើមានប៉ុន្មានភាគរយ  បើសិនអ្នកឃើញហានិភ័យមានភាគរយខ្ពស់ជាង ការវិនិយោគនោះប្រាកដជាមានគ្រោះថ្នាក់ ប៉ុន្តែបើចំណុចហានិភ័យមានទាប នោះអាជីវកម្ម ឬការវិនិយោគនោះអាចទទួលបានភាគរយជោគជ័យខ្ពស់ក្នុងការវិនិយោគ ។ ​

តែទោះជាយ៉ាងណាក៏ដោយអ្នកវិនិយោគមិនត្រូវខ្លាច ឬកំសាកក្នុងការរកស៊ីនោះទេ ត្រូវគិតថាមានមនុស្សដែលខ្លាចក្នុងការវិនិយោគ ឬការចេញរកស៊ីច្រើនណាស់ ។ ត្បិតការវិនិយោគមានហានិភ័យ ប៉ុន្តែក៏មានឱកាសដើម្បីក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ មានសេរីភាពហិរញ្ញវត្ថុ បើសិនយើងហ៊ានចេញរកស៊ីដោយក្លាហាន និងឆ្លាតវៃ ។ 

ក្នុងនេះដែរបើសិនអ្នកសន្សំលុយបាន ៥០០០ដុល្លារ តើអ្នកគួរវិនិយោគលើដីដែរទេ? ឬអ្នកគួរចេញរកស៊ីចាប់ផ្តើមអាជីវកម្មវិញនោះ ។ ជាការពិតណាស់ បើសិនអ្នកសន្សំបានលុយ៥០០០ដុល្លារ អ្នកសួរទៅភ្នាក់ងារលក់ដី តើគួរវិនិយោគលើដីដែរទេ? ពួកគាត់និងប្រាប់អ្នកថា គួរតែវិនិយោគលើដីទើបគ្មានហានិភ័យ ហើយសុវត្តិភាពទៀត ។ ការដែលភ្នាក់ងារលក់ដី គាត់អោយអ្នកវិនិយោគលើដីព្រោះពួកគាត់អ្នករកស៊ីខាងដីធ្លីនិង ពួកគាត់មិនខ្វល់វិនិយោគទៅបានផល ឬមិនបានផលនោះទេ​ ពួកគាត់ខ្វល់តែពីធ្វើមិចលក់ដីអោយដាច់តែប៉ុណ្ណោះ ។ 

ការយកលុយសន្សំ ៥០០០ដុល្លារ​មកវិនិយោគដីប្រាកដជាមានហានិភ័យ ហើយមិនមែនជាអ្នកវៃឆ្លាតក្នុងការវិនិយោគនោះទេ ព្រោះទឹកលុយ៥០០០ដុល្លារមិនអាចវិនិយោគលើដីក្នុងតំបន់ទីក្រុងបានទេ មានតែតំបន់ជាយក្រុង ។ បើសិនតំបន់នោះគ្មានការអភិវឌ្ឍន៍ លុយ៥០០០ដុល្លាររបស់អ្នកនឹងត្រូវកប់ចោល គ្មានលំហូរសាច់ប្រាក់នោះទេ ។ ហើយអ្នកចង់បង្វិលលុយក៏ពិបាកដែរ ព្រោះអចលនទ្រព្យដែលគ្មានសក្តានុពលមិនងាយលក់ចេញនោះទេ បើលក់ចេញក៏ត្រូវលក់តម្លៃក្រោមទីផ្សារនោះដែរ មិនចំណេញនោះទេ ។ ប៉ុន្តែបើសិនអ្នកយកលុយ ៥០០០ដុល្លារមកវិនិយោគដីនៅតំបន់ក្បែរក្រុង ឬតំបន់ក្នុងក្រុង ដោយបង់រំលស់ រឹតតែមានហានិភ័យព្រោះអ្នកមិនមានចំណូលសកម្មនោះទេ លុយរបស់អ្នកជាលុយសន្សំមិនលុយដែលទទួលបានពីការបង្វិលសាច់ប្រាក់នោះទេ រឿងដែលកើតឡើងតើអ្នកមានលុយគ្រប់ទេត្រូវបង់ប្រចាំខែ ព្រមទាំងការប្រាក់ថែមទៀតនោះ ។ ការវិនិយោគបែបនេះមានហានិភ័យណាស់ ព្រោះវាបង្កើតហានិភ័យជាប់គាំងផ្នែកហិរញ្ញវត្ថុ ។ 

ផ្ទុយមកវិញបើសិនអ្នកយកលុយ ៥០០០ដុល្លារមករកស៊ី ឬវិនិយោគលើអាជីវកម្មដែលអ្នកគិតថានិងផ្តល់ផលចំណេញដល់អ្នកវាល្អជាងយកលុយមកវិនិយោគលើដីដែលកប់លុយចោលនោះ ។ រឿងដែលអ្នកត្រូវធ្វើនោះសូមយកលុយសន្សំនោះមកបង្កើតចំណូលប្រាំខែក្នុងអាជីវកម្ម អោយមានសាច់ប្រាក់គ្រប់គ្រាន់សិន ។ នៅពេលដែលអ្នកមានលុយគ្រប់គ្រាន់ពីអាជីវកម្ម នោះអ្នកនឹងមានលំហូរសាច់ប្រាក់ត្រឹមត្រូវ មានលុយដែលនៅសល់ច្រើន អ្នកអាចដកលុយដែលអ្នករកបាននោះមកវិនិយោគលើដីដែលផ្តល់ផលចំណេញដល់អ្នកក្នុងពេលអនាគត ។ ការវិនិយោគលើដីដែលមានសក្តានុពល មានតែតំបន់នៅជាយក្រុង អ្នកត្រូវតែប្រមូលទិញអោយបានច្រើនទៅតាមលទ្ធភាពនៃប្រាក់ចំណេញរបស់អ្នក  បន្ទាប់មករងចាំអោយដីដែលអ្នកវិនិយោគនោះឡើងថ្លៃ ឬនៅពេលដែលតំបន់នោះត្រូវប៉ាន់អ្នកអាចលក់ដីនៅតំបន់នោះមកទិញនៅតំបន់ក្នុងក្រុងវិញ ។ 

ត្រូវចាំថាការវិនិយោគដីនៅតំបន់ជាយក្រុងដែលនៅឆ្ងាយមិនប្រាកដថា ជាតំបន់អវិវឌ្ឍន៍នោះទេ  បើសិនគ្មានផែនការគម្រោងពីរដ្ឋាភិបាល ឬគ្មានដំណឹងពីការវិនិយោគរបស់ក្រុមហ៊ុនធំៗតំបន់នោះមិនឡើងថ្លៃនោះទេ ហើយអ្នកទិញនៅតំបន់នោះប្រាកដជាកប់លុយចោលហើយទទេ ។ ទោះបីជាមានកំណើនតែកំណើននោះមានភាពយឺតយ៉ាវណាស់ ដូច្នោះហើយបើសិនអ្នកទិញដីនៅតំបន់ជាយក្រុងដែលគ្មានកាអភិវឌ្ឍន៍  នោះវាមានផលចំណេញរយះពេលយូរក្នុងការវិនិយោគ ។ ប៉ុន្តែបើអ្នកមានលំហូរសាច់ប្រាក់ច្បាស់លាស់ អ្នកមកវិនិយោគនៅតំបន់អភិវឌ្ឍន៍  ការវិនិយោគនោះប្រាកដជាផលចំនេញលឿន ហើយការវិនិយោគគឺជាការវិនិយោគឆ្លាតវៃ៕

អត្ថបទដោយ៖  សុទផានិត 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES