លោក ង៉ែត ជូ៖ ទម្លាប់៧យ៉ាងនេះ នឹងធ្វើឲ្យអ្នកក្លាយជាអ្នកមានក្នុងថ្ងៃអនាគត

ទម្លាប់ គឺជាកិរិយានៃការប្រព្រឹត្តជាដដែរៗ តាមការហ្វឹកហាត់ ចំណេះដែលមាន និងបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ ហើយវាពិតជាមានឥទ្ធិពលណាស់មកជីវិតរបស់យើង។ យើងអាចនឹងទទួលបានជិវិតល្អប្រសើរ ឬលំបាកគឺអាស្រ័យទៅលើទម្លាប់ដែលយើងមាននេះឯង។ 

ពាក់ព័ន្ធនឹងរឿងទម្លាប់នេះដែរ លោក ង៉ែត ជូ ជាអ្នកវិនិយោគលើដីធ្លី និងគម្រោងបុរីធម្មជាតិមួយរូប ដែលបានបោះជំហានយ៉ាងលឿនទៅលើវិថីជំនួញនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះលោកក៏ជាទីព្រឹក្សានៃក្រុមហ៊ុនពិគ្រោះយោបល់ Emerging Markets Consulting ហើយលោកក៏ជាអ្នករកស៊ីដែលមានចក្ខុវិស័យវែងឆ្ងាយផងដែរ។ ជាមួយគ្នានោះដែរ លោកក៏បានចែករំលែកនៃគន្លឹះ៧យ៉ាង ដែលជាទម្លាប់ល្អសម្រាប់ជំរុញឲ្យជីវិតរបស់អ្នកជោគជ័យ និងក្លាយជាអ្នកមានស្តុកស្តម្ភ ដែលទម្លាប់ទាំងនេះមានដូចខាងក្រោម៖

១. មានចិត្តធំ

ប្រសិនបើអ្នកចង់រីកចម្រើនជាងមុន អ្នកត្រូវហានធ្វើអ្វីដែលធំជាងអ្វីដែលអ្នកកំពុងធ្វើនៅពេលនេះ។ ជាឧទារហណ៍ អ្នកត្រឹមតែជាគ្រូបង្រៀនកម្រឹតបឋមសិក្សា តែអ្នកត្រូវហានដាក់អាហារូបករណ៍រៀនមហាវិទ្យាល័យ ដើម្បីឲ្យមានឱកាសធ្វើការងារនៅក្រុមហ៊ុន ឬអង្គការក្រៅរដ្ឋាភិបាលជាដើម កុំឲ្យអ្នកដាក់ចិត្តដាក់កាយថាអ្នកត្រូវតែធ្វើជាគ្រូបឋមជារៀងរហូត។ ព្រោះជាក់ស្តែងអ្នកមិនត្រូវគិតថាអ្នកមិនអាចធ្វើអ្វីបាននោះទេ ឬយល់ថាក្នុងមួយជីវិតរបស់អ្នកបានត្រឹមតែប៉ុណ្ណឹងនោះឡើយ។​​ ចូលកុំគិតដូច្នេះអី ព្រោះឱកាសរបស់អ្នកនឹងមានកាន់តែច្រើននៅពេលដែលការគិតរបស់អ្នកកាន់តែធំ។

លោក ង៉ែត ជូ បានលើកឡើងថាកាលពីដប់ឆ្នាំមុន លោកក៏ជាអ្នកទិញដីឡូត្តិ៍ដូចគេដូចឯងដែរ ប៉ុន្តែបន្ទាប់មកលោកក៏ហានវិនិយោគធំជាងមុនរហូតដល់ច្រើនម៉ឺនដុល្លារ ក្រោយពីទទួលបានការរៀនសូត្រនិងដកបទពិសោធន៍ក្នុងមុខជំនួញ។ នេះសបញ្ជាក់ថា ការគិតរបស់អ្នកកាន់តែធំ អ្នកនឹងមានឱកាសរីកចម្រើនកាន់តែខ្លាំងដូចគ្នា។

២. ចេះសន្សំសន្ចៃ

ទម្លាប់ក្នុងការចេះសន្សំសន្ចៃ មិនខ្ជះខ្ជាយចំណាយទៅលើអ្វីដែលមិនចាំបាច់ ពោលគឺមិនចំណាយទៅលើសម្ភារៈដែលហួសសមត្ថភាពរបស់ខ្លួន។ លោក ង៉ែត ជូ បានលើឧទាហរណ៍ថា លទ្ធភាពអាជីវកម្មរបស់អ្នកត្រឹមពីរទៅបីម៉ឺនដុល្លារ តែអ្នកខំប្រឹងបង់រំលោះឡានតម្លៃដល់ទៅដប់ទៅម្ភៃម៉ឺនដុល្លារ ដើម្បីបង្ហាញអំនួតនៅលើបណ្តាញសង្គម។

ជាមួយគ្នានោះដែរ បុគ្គលជោគជ័យទូទៅគេតែងយកការចំណាយបែបនេះប្តូរទៅជាចាប់យកឱកាសវិញ ឬធ្វើជំនួញផ្សេងៗ។ បើអ្នកយកលុយទាំងនោះទៅចំណាយលើការទិញឡានដែលហួសលទ្ធភាព វានឹងធ្វើឲ្យអ្នកបាត់បង់ឱកាសវិនិយោគ។ ដោយឡែកចំពោះការចំណាយចាំបាច់មានដូចជា ការរស់នៅ សម្លៀកបំពាក់ អាហារ សុខភាព ជម្រកសមរម្យ និងមធ្យោបាយធ្វើដំណើរសមរម្យជាដើម។ អ្នកគួរតែធ្វើការចំណាយទៅលើវាជាមធ្យមបានហើយ ដើម្បីជាចំណែកមួយធ្វើឲ្យអ្នកអាចមានលទ្ធភាពក្នុងការសល់ប្រាក់បន្ថែមទៀត។

៣. មានចក្ខុវិស័យសម្រាប់អនាគត

ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវតែជាមនុស្សដែលអាចមើលឃើញ និងមានប្រាជ្ញាខ្ពស់នៅក្នុងការកំណត់វាសនាខ្លួនឯង។ ព្រោះការដែលមានចក្ខុវិស័យសម្រាប់អនាគតខ្លួនឯង វានឹងធ្វើឲ្យមានភាពរឹងមាំកាន់តែខ្លាំងទាំងផ្លូវចិត្តនិងផ្លួវការ រួមទាំងមានគោជំហរច្បាស់លាស់ថែមទៀតផង។

៤. ធ្វើអ្វីឲ្យប្រាកដ

ដើម្បីក្លាយជាអ្នកមាន ទម្លាប់មួយដែលអ្នកចាំបាច់ត្រូវតែមាននោះគឺហានបដិសេដន៍នូវអ្វីដែលប្រាសចាយពីគោលដៅរបស់អ្នក។ វាជាទម្លាប់មួយដែលនឹងនាំអ្នកឲ្យក្លាយទៅជាមនុស្សប្រាកដនិយម មានការតាំងចិត្តខ្ពស់ និងមានភាពច្បាស់លាស់ចំពោះអ្វីដែលអ្នកធ្វើ។ វាក៏ជាកត្តាចលករមួយផងដែរដែលនឹងមិនធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលា និងមានភាពស្មោះត្រង់ចំពោះគោលដៅរបស់ខ្លួន។

៥. ប្រើធនធានដែលអ្នកមានបង្កើតប្រភពចំណូលនានា

ទម្លាប់ក្នុងការប្រើធនធានដែលអ្នកមានដើម្បីបង្កើតប្រភពចំណូលនានា ពោលគឺមិនត្រូវពឹងផ្អែកទៅលើប្រាក់ខែរហូតនោះទេ។ ប្រាក់ខែគឺជាលទ្ធភាពដែលម្ចាស់ក្រុមហ៊ុនអាចកំណត់បាន ដូច្នេះបុគ្គលមិនអាចក្លាយជាអ្នកមានស្តុកស្តម្ភមុនម្ចាស់ក្រុមហ៊ុនបានឡើយ។

៦. សេពគប់ (រាប់អាន) មនុស្សជោគជ័យឲ្យបានច្រើន

ជាធម្មតា មនុស្សដែលរស់នៅជុំវិញខ្លួនយើងមានការជះឥទ្ធិពលខ្លាំងណាស់សម្រាប់យើង ដូច្នេះយើងគួរចំណាយពេលជាមួយមនុស្សដែលមានការគិតបែបវិជ្ជមាន ឬអ្នកដែលធ្វើការសម្រេចបានលទ្ធផលជាដុំគុំភួនឲ្យបានច្រើនដើម្បីមានឱកាសអាចរៀនសូត្រពីពួកគេ។

៧. ទទួលយកនូវគំនិតរិះគន់ដើម្បីស្ថាបនា

ការទទួលយកនូវគំនិតរិះគន់ដើម្បីស្ថាបនា គឺជាគំនិតដែលមានចេតនាកែលម្អដោយបង្ហាញពីហេតុផលនិងចំណុចខ្វះខាត់ និងដើម្បីកែប្រែឲ្យមានភាពរីកចម្រើន។ ប្រសិនបើអ្នកមានទម្លាប់បើកចិត្តឲ្យទូលាយទទួលយកនូវគំនិតរិះគន់ដើម្បីស្ថាបនា អ្នកនឹងអាចអភិវឌ្ឍន៍ខ្លួនបានលឿន និងកាន់តែពូកែជាងមុន៕

អត្ថបទដោយ៖ កាន់ ដារ៉ា

Facebook: https://web.facebook.com/dear.ex.90

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES