អស្ចារ្យ !!!! អ្នកដំណើរអាចជិះរថភ្លើងពីកម្ពុជា ដល់សិង្ហបុរី ចាប់ពីចុងខែមេសានេះ

 ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងដំណើរចុះពិនិត្យសា្ថនីយរថភ្លើងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាពេលថ្មីៗកន្លងទៅនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ផ្លូវដែកកម្ពុជាបានតភ្ជាប់ជាមួយផ្លូវដែកថៃហើយ ប៉ុន្តែភាគីទាំងពីរមិនទាន់បានបើកឱ្យដំណើរការនៅឡើយទេ ដោយសារកម្ពុជា និងថៃមិនទាន់ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកជាមួយគ្នា។

នៅពេលផ្លូវដែកមួយនេះ បើកដំណើរការជាផ្លូវការ ទាំងការដឹកទំនិញ ទាំងអ្នកដំណើរ និងអ្នកទេសចរ អាចធ្វើដំណើរឆ្លងកាត់ពី​ប្រទេសមួយទៅប្រទេសមួយ តាមរយៈការជិះរថភ្លើងតែម្តងក៏បាន។ ដោយក្នុងនោះ“ប្រជារាស្ត្រ និង កម្មករ កម្មការិនីអាចធ្វើដំណើរពីបាងកកមកដល់កម្ពុជា ចំណែកអ្នកធ្វើដំណើរតាមរថភ្លើងពីខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញដល់ប៉ោយប៉ែត អាចបន្តដំណើរតាមរថភ្លើងដល់បាងកក រហូតដល់ម៉ាឡេស៊ី ឬសិង្ហបុរីក៏បាន”។ លោក ស៊ុន ចាន់ថុល បន្ថែម ។ 

លោក​ទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកខាងលើនេះ បានរៀបចំរួចរាល់អស់ហើយ ដោយរង់ចាំតែថ្ងៃប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះកិច្ចព្រម​ព្រៀង​ថ្ងៃបើកសម្ពោធផ្លូវដែកឆ្លងកាត់ប្រទេសកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែមេសាឆ្នាំ២០១៩ ខាងមុខប៉ុណ្ណោះ។ 

សូមបញ្ជាក់ថា ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវដែកនេះ ក្រុមហ៊ុនវិនិយោគ Royal Railway  ដែលបានទទួលសិទ្ធិវិនិយោគផ្លូវដែកកម្ពុជា បានបញ្ជាទិញរថភ្លើងពីប្រទេសម៉ិកស៊ិកចំនួន ៣ គ្រឿងបន្ថែមទៀត ដោយក្នុងនោះ ១គ្រឿងមានតម្លៃ ២លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ កាលពីម្សិលមិញ ៕ 

អត្ថបទដោយ៖ Lee

0 មតិ

បញ្ចេញមតិ

RELATED ARTICLES