ទំពាំងបាយជូរជាដំណាំមិនរើសដី!តោះទៅដឹងវិធីដាំទំពាំងបាយជូរថាស្រួលឬលំបាក បានជាមិនសូវមានអ្នកដាំ

 

ខណៈដែលទំពាំងបាយមានលក់យ៉ាងច្រើនហូរហែរនៅតាមបណ្ដាលទីផ្សារនានាក្នុងប្រទេសកម្ពុជា ប៉ុន្ដែទំពាំងបាយជូទាំងនោះសុទ្ធតែបាននាំចូលពីបណ្ដាលប្រទេសជិតខាង ព្រោះនៅក្នុងប្រទេសយើងមិិនសូវមានអ្នកដាំនោះទេ។

បើយោងតាមបទពិសោធន៍ជាច្រើនឆ្នាំរបស់ម្ចាស់ចំការទំពាំងបាយជូរស្រុកបាណន់ ខេត្ដបាត់ដំបង លោក ថៃឈឿង បានមានប្រសាសន៍ថា “តាមបទពិសោធន៍ជាង ១៨ ឆ្នាំ របស់ខ្ញុំ ទំពាំងបាយជូរដំណាំដែលងាយស្រួលដាំ មិនរើសដី និងមិនរើសអាកាសធាតុ មិនដូចដែលបងប្អូនប្រជាកសិករមួួយចំនួនបានលើកឡើងថា ពិបាកដាំនោះទេ”។

ប្រសិនបើលោកអ្នកមានបំណងចង់ដាំទំពាំងបាយជូ លោកអ្នកគួរស្វែងយល់ពីបច្ចេកទេសដាំជាមុនសិន ដូចខាងក្រោម៖

១.ការជ្រើសរើសទីតាំងសម្រាប់ដាំ

  • ដីដែលដាំបានល្អ ជាប្រភេទ​ដី​ទួល ដី​មិន​លិច​ទឹក ឬ​ជាំ​ទឹក​
  • ទីតាំង​ស្រឡះ ​មាន​ខ្យល់ និង​ពន្លឺ​ថ្ងៃ​ចាំង​ចេញចូល​គ្រប់គ្រាន់។
  • ដី​ដែល​គ្មាន​សត្វ​កណ្ដៀរ​រស់នៅ ដី​ជ្រាបទឹកបានល្អ ដី​ធូរ​ខាងក្រោម​ដី​សំបូរ​ជាតិ​ផូស្វ័រ​
  • បើ​ដី​ហាប់​ពេក ឬ​គ្មាន​ជាតិ​ផូស្វ័រ គេ​អាច​ដុត​ឆ្អឹង​គោ សំបកខ្យង ឬ​បាច​កំបោរ បង្កើន​ជាតិ ផូស្វ័រ​ទៅក្នុង​ដី​នោះ ដើម្បី​ឲ្យ​ដី​នោះ​ធូរ ​ទើប​អាច​ដាំ​ទំពាំងបាយជូរ​បានយូរ​ឆ្នាំ ។

២.ការរៀបចំដីសម្រាប់ដាំ

  • ការរៀបចំ​ដីសម្រាប់ដាំគឺក្នុងអំឡុង ​ខែវិច្ឆិកា ឬ​ខែធ្នូ
  • ត្រូវភ្ជួរដី​ឲ្យ​បាន​ច្រើន​លើក  ដើម្បីអោយ​ដី​កាន់តែ​សុះ​ល្អ
  • រៀបចំ​ទ្រើង​ឲ្យ​ដើម​ទំពាំងបាយជូរ​វា​តោង​ឡើង
  • រៀបចំ​ប្រព័ន្ធ​ទឹក​តាម​រណ្ដៅ​ដែល​បានកាយ​ដាំ​ទំពាំងបាយជូរ​នោះ ។​

៣.របៀបរៀបចំទ្រើងឲ្យទំពាំងបាយជូរ

  • ប្រវែង​ទ្រើង​គឺ ១,៩០ ម៉ែត្រ​នៅ​ពីលើរងដាំ
  • នៅពេលដែល​រៀបចំ​ដី ទ្រើង និង​ដំណក់ទឹក​រួច ត្រូវជីករណ្ដៅសំរាប់ដាំកូនទំពាំងបាយជូរ ជំរៅ ៣០ សង់ទីម៉ែត្រ និងទំហំមុខកាត់ប្រវែង ៥០ សង់ទីម៉ែត្រ។ 

៤.ការរៀបចំប្រព័ន្ធទឹក

  • បណ្ដាញទឹករៀបចំសំរាប់បន្តក់ទឹកតាមគុម្ពដែលបានដាំរួច ពីព្រោះកូនទំពាំងបាយជូរដែល បានដាំរួចត្រូវបន្តក់ទឹកវាឲ្យបានរាល់ថ្ងៃ និងទៀងពេល
  • ទំពាំងបាយជូរត្រូវការបន្តក់ទឹកបន្តិចម្ដងៗតែប៉ុណ្ណោះ ក្នុងមួយគុម្ព។
  • ប្រភេទដីកណ្ដេង ត្រូវការដំណក់ទឹក ១០ លីត្រ
  • ប្រភេទដីខ្សាច់ត្រូវការទឹក ១៥ លីត្រ ។

៥.របៀបដាំទំពាំងបាយជូ

  • ត្រូវជីករណ្ដៅសំរាប់ដាំកូនទំពាំងបាយជូរ ជំរៅ ៣០ សង់ទីម៉ែត្រ និងទំហំមុខកាត់ប្រវែង ៥០ សង់ទីម៉ែត្រ។ 
  • គំលាត​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ប្រវែង ១ ម៉ែត្រ និង​ពី​រង​មួយ​ទៅ​រង​មួយទៀត មាន​ប្រវែង ២ ម៉ែត្រ។
  • រៀបចំ​បណ្ដាញទឹក​តាម​គល់ ឬ​គុម្ព​ដែល​បំរុង​ដាំ​កូន​ទំពាំងបាយជូរ​អោយបាន​គ្រប់​រណ្ដៅ។

៦.របៀបដាក់ជី

  • យក​ជី​លាមក​សត្វ (​បើ​មាន​អាចម៍​ប្រចៀវ​កាន់តែ ប្រសើ​) មក​ដាក់​ក្នុង​រណ្ដៅ រួច​លាយ​ជាមួយ​ដី​អោយបាន​សព្វ​ស្រទាប់​លើ ចាំ​យក​កូន​ទំពាំង បាយ​ជូរ​មក​កប់​ដាំ។
  • រង់ចាំ​រយៈពេល​មួយ​សប្ដាហ៍ កូន​ទំពាំងបាយជូរ​នឹង​លូតលាស់​បែកមែក​ច្រើន​ត្រួយ ជា​ពេល​យើង​ត្រូវ​គ្រៀវ​ដើម​វា​ចេញ ។​

៧.របៀបគ្រៀវដើម

  • ប្រ​លះ​ត្រួយ​ចេញ​ទុក​តែ​ត្រួយ​ណា​ដែល​លូត​ធំជាងគេ​ឲ្យ​វា​លូត​តែឯង​បាន​ហើយ ដើម្បី​ឲ្យ​ដើម ធំ​លូតលាស់​ល្អ
  • ប្រវែងដើម ៧ សង់ទីម៉ែត្រ ត្រូវ​គ្រៀវ បំបែក​មែក ដើម្បី​ឲ្យ​បែកមែក​ទៅ​ឆ្វេង​ទៅ​ស្ដាំ ហើយ យើង​ត្រូវការ​តែ​ពីរទង​នេះ​ទេ ។​

៨.ការប្រមូលផល

  • ក្រោយពេលដាំ រយៈពេលប្រមាណ ៨​ទៅ ​៩ ខែ​អាច​ចេញ​ផ្កា​ចេញ​ផ្លែ​តាម​ការដែល​យើង​កាត់​បំបែក​ត្រួយ។
  • ត្រូវ​ឧស្សាហ៍​បេះ​ស្លឹក​ចាស់ៗ​ចោល ដើម្បី​ការពារ​ជំងឺ​យាយី​ដំណាំ ឬ​ត្រួយ​ស្លឹក​ដែល​ទើប​លូត លាស់​ថ្មី។
  • ក្នុង​មួយ​គុម្ព​ទំពាំងបាយជូរ​អាច​ផ្លែ​បាន ៣​គីឡូ គិត​ជា​មធ្យម នៅ​ឆ្នាំ​ដំបូង៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES