រោងចក្រវេចខ្ចប់ចេកនៅកំពតតម្លៃ ៣២ លានដុល្លារ សម្ភោធជាផ្លូវការ

នាព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកអំបូងលឿងស្រស់របស់ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក ទៅកាន់ទីផ្សារប្រទេសចិនដែលមានទីតាំងស្ថិតនៅស្រុកឈូក ខេត្តកំពត។

ក្នុងនោះលោកអគ្គនាយកក្រុមហ៊ុន ឧកញ៉ា ផែ ហុកឈួន បាននិយាយអំពីប្រវត្តិសង្ខេបនៃដំណើរការរៀបចំចំការចេកលើផ្ទៃដីសរុប១,០០០ហត ដែលត្រូវប្រើប្រាស់ទុនវិនិយោគជាង៣២លានដុល្លារ។ បច្ចុប្បន្ន ផ្ទៃដីជាង៤០០ហត កំពុងប្រមូលផល វេចខ្ចប់ និងដំណើរការនាំចេញដោយសង្ឃឹមថាក្នុងឆ្នាំ២០១៩ ចេកស្រស់ប្រមាណជាង ២,២ម៉ឺនតោន នឹងត្រូវធ្វើការនាំចេញ ហើយឆ្នាំ២០២០ រំពឹងថាបរិមាណនេះនឹងកើនឡើងដល់ជាង ៣ម៉ឺនតោន។ 

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានស្រូបយកកំលាំងពលកម្មក្នុងស្រុកជាង៨០០នាក់ ហើយឆ្នាំ២០២០ ត្រូវការពលកម្មបន្ថែមជាង១០០០នាក់ទៀតផងដែរ។

បន្ទាប់មក ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មក៏បានឡើងរាយការណ៍អំពីដំណើរការនៃការចរចារ នីតិវិធី បែបបទ ឯកសារចាំបាច់សំខាន់ៗទាំងច្បាប់ និងបច្ចេកទេស ជាពិសេសឯកសារអនាម័យ និងភូតគាមអនាម័យជាមួយភាគីចិនមុនឈានទៅចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ស្តីពីការនាំចេកស្រស់ចេញជាមួយអគ្គនាយកដ្ឋានគយនៃសាធារណ:រដ្ឋប្រជាមានិតចិន។

នាឱកាសនេះ ឯកឧត្តម ជាវ តាយ ក្នុងនាមឲ្យអាជ្ញាធរដែនដី លោកបានសម្តែងនូវអំណរគុណជូនចំពោះក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគដាំចេកនាំចេញ ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជាការប្រើប្រាស់ដីតំបន់នេះដែលជាអតីតដីសមរភូមិឲ្យអស់លទ្ធភាព បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។ លោកក៏ណែនាំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បន្តផ្តល់ការគាំទ្រ និងសហការជាមួយក្រុមហ៊ុនឲ្យបានកាន់តែល្អប្រសើរថែមទៀត ប្រយោជន៍ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងប្រមូលផលរបស់ក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារ និងជំនះបាននូវរាល់បញ្ហាប្រឈមនានា រហូតសម្រេចបានជោគជ័យដែលស្តែងចេញឲ្យឃើញនូវលទ្ធផល និងសមិទ្ធផលនាថ្ងៃនេះ។

លោកក៏បានសម្តែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលចិន តាមរយ:អគ្គនាយកដ្ឋានគយនៃសាធារណ:រដ្ឋប្រជាមានិតចិនដែលបានវាយតម្លៃលើគុណភាពចេកកម្ពុជា និងបានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន០៥ អាចនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារចិន។ អ្វីដែលសំខាន់នោះគឺ នាយកដ្ឋានគយចិនក៏បានវាយតម្លៃកន្លែងវេចខ្ចប់ផ្លែចេករបស់ក្រុមហ៊ុនថាមានស្តង់ដារគុណភាព និងសុវត្ថិភាពល្អជាងគេក្នុងតំបន់អាស៊ាន។ ភ្ជាប់ទៅនឹងការវិនិយោគនេះ ។

ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រ និងវិនិយោគលើគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ 

លើសពីនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសំណូមពរបន្តរក្សាកិច្ចសហប្រតិបត្តិការឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយគ្រប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។

ជាទីបញ្ចប់ ជាមួយនឹងការអបអរសាទរ និងគាំទ្រដល់ពិធីសម្ពោធរោងចក្រវេចខ្ខប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឲ្យវិស័យឯកជនដែលមានលទ្ធភាព ពិនិត្យនិងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើមដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើនតម្លៃបន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ប្រែសម្រួលដោយ ៖ កឹម ប៊ុនធឿន

0 មតិ

បញ្ចេញមតិ

RELATED ARTICLES