បទពិសោធន៍រកស៊ីអចលនទ្រព្យល្អបំផុតសម្រាប់ខ្មែរយើង ជាពិសេសអ្នកទើបចេញរកស៊ីថ្មីៗ

សហគ្រិនអចលនទ្រព្យជោគជ័យធំៗភាគច្រើន មានការខិតខំប្រឹងប្រែងខ្លាំងណាស់ លើការចេញរកស៊ីរបស់ខ្លួន មិនសូវមានពេលទំនេរច្រើននោះទេ រហូតធ្វើការភ្លេចទឹក ភ្លេចបាយក៏មាន ទម្រាំទទួលបានសម្រេចគោលដៅដែលខ្លួនបានគ្រោងទុក។ ការសម្រេចបានជោគជ័យ មិនមែនជារឿងងាយស្រួលនោះទេ ត្រូវពឹងផ្អែកលើយុទ្ធសាស្ត្រឆ្លាតវៃ សមស្របតាមស្ថានភាពទីផ្សារអាជីវកម្មផ្ទាល់។

លោកច្រឹក សុខនីម ជាស្ថាបនិកក្រុមហ៊ុនCentury 21 Mekongធ្លាប់បានលើកឡើងថា សម្រាប់ភាពជោគជ័យលើការរកស៊ីវិស័យអចលនទ្រព្យ ដូចជាការធ្វើដំណើររាប់ពាន់ជំហ៊ាន ត្រូវតែចាប់ផ្តើមជំហ៊ានទី១ ទី២ទៅ យ៉ាងណាមិញអាជីវកម្មជោគជ័យធំបាន លុះត្រាតែជោគជ័យចំណុចតូចៗទៅ ទើបសម្រេចការងារធំបាន។ ជាក់ស្តែងបើយើងរកស៊ីវិស័យអចលនទ្រព្យយើងចាប់ផ្តើមModel តូចសិនអាចនៅបុរីណាមួយ ដើម្បីធ្វើតេស្ត ឬអនុវត្តការងារជាក់ស្តែង ហើយការចំណាយមិនច្រើន បើខាតក្នុងកម្រិតមួយតិចតួច។

បើModelតូចនេះជោគជ័យហើយ យើងអាចពង្រីកច្រើនកន្លែងហើយទទួលបានជោគជ័យ ការដើរតាមទម្រង់បែបនេះ ធ្វើឱ្យយើងមានភាពច្បាស់លាស់ និងរឹងមាំខ្លាំង។ ត្រូវផ្តើមធ្វើរឿងតូច ច្បាស់លាស់សិន ទើបពង្រីកការងារ បន្ថែមក្រុមការងារទៅតាមសក្តានុពលជាក់ស្តែង មិនអាចចាប់ផ្តើមពីចំណុចធំ ទាំងយើងមិនទាន់រឹងមាំនោះទេ។

ចំណែកលោកខាត់ សុវណ្ណ មានប្រសាសន៍ថា ចាប់តាំងពីចេញរកស៊ីចំណេញ ឈានដល់រកស៊ីខាតបិទក្រុមហ៊ុននៅឆ្នាំ២០០៨ បានចាប់ផ្តើមឡើងវិញនៅចុងឆ្នាំ២០១១ ខាតផងចំណេញ ចំណេញផង ទម្រាំឈរជើងរឹងមាំដល់សព្វថ្ងៃនេះ លោកតស៊ូខ្លាំងណាស់ បើមិនអត់ធ្មត់ទេម្ល៉េះឈប់រកស៊ី ងាកទៅធ្វើការងារឱ្យគេវិញបាត់ទៅហើយ។ ដោយសារតែលោកមានគោលដៅ និងឆន្ទៈរកស៊ីច្បាស់លាស់ និងមានគោលការណ៍មិនបោះបង់ការរកស៊ីរបស់ខ្លួនចោល ទោះស្ថិតក្នុងកាលៈទេសៈបែបណាក្តី ទើបធ្វើឱ្យលោកអាចជម្នះរាល់បញ្ហាលំបាកៗបាន ធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើនជាងមុន និងបន្តរីកចម្រើនទៀតនៅពេលអនាគត។

មូលហេតុដែលជួបបញ្ហាច្រើន ខាតបង់ច្រើន តែនៅតែមិនបោះបង់អាជីវកម្មនេះចោល ទោះបីជាខ្លួនឯង និងមនុស្សជុំវិញខ្លួន ក្នុង១ថ្ងៃ តែងចោទសួរលោក ៥ ទៅ៦ដង នៅរកស៊ីធ្វើអី បើធ្វើការឱ្យគេបានប្រាក់ខែច្រើន រកស៊ីមិនបានចំណូល ថែមទាំងយកលុយពីផ្ទះបន្ថែមទៀត ព្រោះតែលោកមានគោលដៅ និងឆន្ទៈ ទោះមានចំណេះដឹងតិចក្តី តែជឿលើខ្លួនឯងថា អាចធ្វើបាន ហើយមិនព្រមបោះបង់ចោលការរកស៊ីនេះដាច់ខាត។

លោកបញ្ជាក់ថា ដោយសារតែខិតខំប្រឹងប្រែងកសាងក្រុមហ៊ុនឡើងវិញ ដោយស្មារតីរឹងមាំ ប្រើបេះដូង មិនបោះលុយវិនិយោគបន្ត បានធ្វើឱ្យគ្រោងឆ្អឹងសំខាន់ៗរបស់ក្រុមហ៊ុនមានភាពរឹងមាំ រហូតអាចឈរជើងបានរឹងមាំលើទីផ្សារបានដូចសព្វថ្ងៃនេះ។ ជាការពិតណាស់ សហគ្រិនមុននឹងបោះទុនវិនិយោគបន្ថែម ត្រូវតែស្គាល់ស្ថានភាពខ្លួនឯងឱ្យបានច្បាស់ បើមិនចឹងទេនោះ អាចខាតប់ងទុនកាន់តែច្រើន៕

 

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី»

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES