
យោងតាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះបានឱ្យដឹងថាអាល្លឺម៉ង់បានផ្ដល់ហិរញ្ញប្បទានសរុបប្រមាណ៧៤លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីលើកស្ទួយវិស័យសំខាន់ៗពីរនៅតាមតំបន់ជនបទ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៦៧,១ លានអឺរ៉ូ (ប្រមាណជា ៧៤ លានដុល្លារអាមេរិក ) កាលពីខែវិច្ឆិកា កន្លងទៅនេះនៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ទី១គឺ កិច្ចព្រមព្រៀងផ្តល់កម្ចីលើគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅតាមទីជនបទ
ទី២គឺកម្ចីលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទដូចគ្នា។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នក៏បានមានប្រសាសន៍ដែរថា រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុបទី២ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង (ប្រទេសបារាំង បានចាប់ផ្តើមផ្តល់ឥណទានសម្បទានទី១ របស់ខ្លួនដល់កម្ពុជា នៅឆ្នាំ២០១៣) ដែលបានផ្តល់ឥណទានសម្បទានដល់កម្ពុជា ដើម្បីរួមចំណែកក្នុងការគាំទ្រដល់ គោលនយោបាយអភិវឌ្ឍន៍ និងវិស័យអាទិភាពនានារបស់រដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបន្ថែមថា ពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ ជាមិត្តភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងការជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដោយភាគីមិត្តភាពប្រកាន់ខ្ជាប់នូវគោលនយោបាយ ផ្តល់ឥណទានសម្បទានរបស់ខ្លួន ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបង្ហាញឱ្យឃើញនូវការជឿទុកចិត្ត និងការវាយតម្លៃខ្ពស់របស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការចូលរួមអនុវត្តន៍យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និង ឯកសារយុទ្ធសាស្រ្តស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៩-២០២៥ របស់រាជរដ្ឋាភិបាល និយាយជារួមគឺឆ្លើយតបទៅនឹងវិស័យអាទិភាពទាំង៤របស់រដ្ឋាភិបាលគឺ មនុស្ស ផ្លូវ ភ្លើង និងទឹក។
អត្ថបទ៖ ភោគ ម៉ារី
ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖
សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app
សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958
ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥
តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?សូមចូលរួមផ្តល់មតិកែតម្រូវ!