ស្ងាត់ៗ!!! វិនិយោគិនបារាំង ចង់មកវិនិយោគលើវិស័យអាកាសចរនៅខេត្តបាត់ដំបង

ព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលសម្តែងការគួរសមជាមួយលោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company នៅសាលាខេត្តបាត់ដំបង ក្នុងជំនួបនេះកម្ពុជាមានឱកាសអាចទទួលបាននៅដំណឹងល្អមួយ ខណៈពេលដែលអ្នកវិនិយោគិន និងជាអ្នកបើកយន្តហោះ(Pilot) ជនជាជាតិបារាំងម្នាក់ មានបំណងចង់មកបោះទុនវិនិយោគលើវិស័យអាកាសចរនៅក្នុងខេត្តបាត់ដំបង។

គោលបំណងនៃជំនួបពិភាក្សានេះគឺ លោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) បានធ្វើបទបង្ហាញជូន ឯកឧត្តម អភិបាលខេត្ត ហើយនៅក្នុងបទបង្ហាញនេះលោកមានបំណងមកវិនិយាគលើវិស័យអាកាសចរដឹកអ្នកដំណើរតាមរយៈការហោះហើរនៅក្នុងស្រុក ដោយការប្រើប្រាស់នូវយន្តហោះខ្នាតតូចមួយ។ លោកបានបន្តថា គោលបំណងដែលលោកចង់មកវិនិយោគវិស័យអាកាសចរនៅក្នុងប្រទេសកម្ពុជានេះដោយសារតែលោកចង់ជំរុញឲ្យវិស័យទេសចរណ៍នៅកម្ពុជាមានកំណើនកើនឡើង ក៏ដូចអ្នកជម្រុញឲ្យភ្ញៀវទេសចរណ៍មកលេងចខេត្តបាត់ដំបងកាន់តែច្រើនឡើងផងដែរ។

នៅក្នុងជំនួបពិភាក្សានេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងរបស់លោកEmmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) ដែលចង់វិនិយោគលើវិស័យអាកាសចរ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបង មានដំណើរការឡើងវិញម្តងទៀត។ ឯកឧត្តម បានបន្តទៀតថា បើគម្រោងនេះទទួលបានជោគជ័យវាអាចផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរណ៍ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES