Zapata៖ អាចបង្កើតក្ដារហោះលើអាកាសដំបូងគេ ហោះក្នុងល្បឿន១៤០គីឡូម៉ែត្រក្នុង១ម៉ោង

អ្នកបង្កើតក្ដារហោះលើទឹក Flyboard ម្នាក់ឈ្មោះថាលោក Franky Zapata បានរកឃើញបច្ចេកវិទ្យាថ្មីស្រឡាងមួយទៀតហើយដែលជាក្ដារហោះលើអាកាសដោយប្រើថាមពលយន្ដហោះដំបូងបំផុតក្នុងពិភពលោក ដែលអាចឲ្យយើងហោះក្នុងល្បឿន១៤០គីឡូម៉ែត្រក្នុង១ម៉ោង ក្នុងរយៈកម្ពស់១៥០ម៉ែតផុតពីដី។

លោក Franky Zapata គឺជាបុរសជនជាតិបារាំងអាយុ៤១ឆ្នាំម្នាក់ ដែលជាជើងឯកប្រណាំងម៉ូតូទឹកលេខ១នៅក្នុងប្រទេសបារាំងម្នាក់ និងជាអតីតអ្នកបង្កើតក្ដារហោះលើទឹកដំបូងគេបំផុតដែលមានឈ្មោះថា Flyboard ដែលជាម៉ាស៊ីនហោះលើទឹក ហើយឥឡូវនេះគាត់បានរកឃើញបច្ចេកវិទ្យាឈានមុខគេមួយទៀតហើយ ដោយលើកនេះគាត់បានរកឃើញក្ដារហោះនៅលើអាកាសវិញម្ដង​ដែលក្ដារហោះនោះមានឈ្នោះថា Flyboard Air ។

 

មុននឹងលោក Zapata សម្រេចបាននូវគម្រោងមួយនេះ គាត់បានបរាជ័យជាច្រើនដងមកហើយ ដោយគាត់បានជួបបញ្ហាជាច្រើនមកហើយដូចជា ផ្ទុះម៉ាស៊ីន បាក់ម្រាមដៃ និង ប៉ូលីសចាប់ជាដើម ប៉ុន្តែបុរសម្នាក់នេះមិនដែលមានចិត្ដចង់បោះបង់ក្ដីស្រមៃរបស់គាត់ទេ។

កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ​​ ២០១៩ លោក Franky Zapata បានធ្វើដំណើរឆ្លងសមុទ្រ Channel របស់អង់គ្លេសដោយប្រើពេលត្រឹមតែ២២នាទីប៉ុណ្ណោះក្នុងការឆ្លងកាត់ ដោយការប្រើប្រាស់ក្ដារហោះ Flyboard Air របស់គាត់ជាមួយនឹងល្បឿន ១៤០គីឡូម៉ែត្រ/ម៉ោង។ គាត់បាននិយាយលាយឡំជាមួយនឹងទឹកភ្នែកថា “វាពិតជាមិនគួរឲ្យជឿទេ! ទីបំផុតខ្ញុំបានសម្រេចក្ដីស្រមៃរបស់ខ្ញុំហើយ!” គាត់ក៏បានលើកទឹកចិត្តឲ្យយុវជនទាំងអស់ឲ្យដើរតាមក្ដីស្រមៃរបស់ខ្លួនរហូតឲ្យដល់ទីបញ្ចប់កុំបោះបង់ព្រោះការបោះបង់មិនអាចផ្ដល់អ្វីឲ្យយើងបាននោះទេ។

លោក Zapata ក៏បានធ្វើឲ្យរដ្ឋមន្ដ្រីរបស់ប្រទេសបារាំងជាប់ចិត្តខ្លាំងផងដែរ ជាមួយនឹងការសម្ដែងហោះហើររបស់គាត់នៅក្នុងពិធីដង្ហែរក្បួនទិវា Bastille Day របស់ប្រទេសបារាំងនៅថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ដោយកាន់កាំភ្លើង M4A1 ដើម្បីសម្ដែងនៅក្នុងពីធីមួយនោះ។

​គាត់ក៏បានទទួលរង្វាន់ផ្គាប់ចិត្តចំនួន ១.៤លានដុល្លារពីទីភ្នាក់ងារការពារជាតិនិងរដ្ឋាភិបាលរបស់បាំងផ្ទាល់ផងដែរ ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុន Flyboard Air របស់គាត់។

លោក Franky Zatapa បានបន្តថា នៅថ្ងៃអនាគត Flyboard Air របស់គាត់អាចនឹងហោះហើរបានក្នុងល្បឿន 200គីឡូម៉ែត្រ/ម៉ោង ក្នុងកម្ពស់3000ម៉ែត្រក្នុងរយៈពេល30នាទី ប៉ុន្តែបច្ចេកវិទ្យានេះមិនទាន់បានកំណត់ដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅឡើយទេ ៕

ប្រភព៖ The Guardian

អត្ថបទដោយ៖ Tong McCannon

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES