ឧកញ៉ាវិស័យអចលនទ្រព្យ៖ មុននឹងជោគជ័យលើរឿងធំ អ្នកត្រូវជោគជ័យលើខ្លួនឯងសិន

លោកឧកញ៉ា សៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុន Worldbridge Group ជាសហគ្រិនជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា លោកតែងផ្តល់នូវដំបូន្មានល្អៗទាក់ទងនឹងការរកស៊ី ឬក៏មេរៀនអាជីវកម្មជោគជ័យជាច្រើនក្នុងនាមជាសហគ្រិនចាស់វស្សា។ មានមនុស្សមិនតិចទេ ដែលប្រាថ្នាចង់ក្លាយជាបុគ្គលិកជោគជ័យ ដែលភាពជោគជ័យទំាងនោះមានខុសៗគ្នា តែជារួមគឺដើម្បីជីវិតរស់ស្រួល និងមានកេរ្តិ៍ឈ្មោះក្នុងសង្គម។

ប៉ុន្តែពួកគាត់ហាក់ភ្លេចធ្វើឲ្យខ្លួនឯងជោគជ័យ មុនឈានទៅសម្រេចបំណងប្រាថ្នាទំាងអស់នោះ មានន័យថា ធ្វើខ្លួនឯងឲ្យក្លាយជាបុគ្គលមានសក្តានុពល ទើបមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឈោងចាប់មហិច្ឆតាបាន។

លោកឧកញ៉ាប្រធានក្រុមហ៊ុន WorldBridge Group ដែលមានចំណុះដោយក្រុមហ៊ុនប្រមាណជិត ៣០រូបនេះ បានលើកឡើងថា អ្នកមិនអាចធ្វើនូវរឿងធំណាមួយជោគជ័យបានឡើយ ប្រសិនបើអ្នកមិនទាន់ធ្វើខ្លួនឯង ឲ្យជោគជ័យជាមុនសិន ហើយអាចឈានទៅធ្វើឲ្យបុគ្គលនៅជុំវិញខ្លួនជោគជ័យ និងដៃគូជោគជ័យនោះ ទើបអ្នកសម្រេចបានជោគជ័យពិតប្រាកដ។

លោកឧកញ៉ាបន្ថែមថា មុននឹងលោកអាចឈានមកដល់ចំណុចនេះ គឺលោកបានរៀនសូត្រច្រើន តាមរយៈការរៀនពីការងារ ដែលលោកធ្វើ ថែមទំាងបានបន្តពង្រីកចំណេះដឹងតាមរយៈការរៀនវគ្គខ្លីៗទាក់ទងនឹងការធ្វើអាជីវកម្ម ហើយការៀននោះទៀតសោតមិនមែនរៀនត្រឹមតែនៅក្នុងស្រុកទេ លោកក៏បានទៅរៀនសូត្រពីជំនាញ ទំាងអស់នោះពីក្រៅប្រទេសផងដែរ។

លោកគួសបញ្ជាក់ថា លោកបានរៀនជាប់ជានិច្ចពោល គឺរកស៊ីផង រៀនផង។ រហូតដល់ឆ្នាំ២០០៨ លោកយល់ថា ខ្លួនមានបទពិសោធន៍ចាស់ទុំល្មម ទើបលោកឈប់រៀន ហើយចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ទៅលើការប្រតិបត្តិវិញម្តង៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

RELATED ARTICLES