ស្ថាបនិក ណ កាហ្វេ ប្រាប់គន្លឹះដើម្បីបង្កើនគុណតម្លៃយីហោឲ្យខ្លាំង និងអាចពង្រីកខ្លួនបានលឿន!

ណ កាហ្វេ ជាហាងកាហ្វេបែបខ្មែររបស់ លោក ទិត្យ សុធារ៉ា ដែលចាប់ផ្ដើមឡើងនៅខេត្តសៀមរាប និងបានចូលទីផ្សារទីក្រុងភ្នំពេញជាច្រើនសាខានៅចុងឆ្នាំ ២០១៩ និងគ្រោងពង្រីកបន្ទាប់រហូតដល់ខេត្តសក្តានុពលដទៃទៀត។ ក្រៅពីផ្សព្វផ្សាយបទពិសោធន៍ម្ហូប និងរសជាតិបែបខ្មែរ អាជីវកម្មមួយនេះមានគោលការណ៍បង្កើតគុណតម្លៃ៣តាមរយៈសេវាកម្មបុគ្គលិ ដែលជាវប្បធម៌ការងារស្នូលខាងក្នុងធ្វើឲ្យអតិថិជន ទទួលបានអារម្មណ៍ពិសេសម្យ៉ាងខុសពីអាជីកម្មដទៃ និងចង់ត្រឡប់មកជាថ្មីមិនចេះចប់មិនចេះហើយឡើយ។

១ ការឲ្យតម្លៃលើមនុស្ស

នៅក្នុងវប្បធម៌ការងាររបស់ ណ កាហ្វេ ម្ចាស់ហាង និងបុគ្គលិកត្រូវតម្លៃគ្នាទៅវិញទៅមកដោយស្មើភាពគ្នា បើម្ចាស់ហើយមានអាយុតិចជាងបុគ្គលិក ត្រូវហៅបុគ្គលិកបង បើបុគ្គលិកមានអាយុតិចជាងត្រូវហៅត្រឹមឈ្មោះ ដែលនេះជាវប្បធម៌មួយសាមញ្ញ ប៉ុន្តែមានចក្ខុវិស័យវែងឆ្ងាយនៅក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ ពីព្រោះបុគ្គលិកដែលចេញពីទីនេះអាចក្លាយជាថៅកែ ឬជាអ្នកគ្រប់គ្រង ដែលមានវប្បធម៌ឲ្យតម្លៃមនុស្ស ដូចអ្វីដែលគេធ្លាប់បានធ្វើនៅ ណ កាហ្វេ។

២ រកស៊ីត្រូវទៀងត្រង់

ភាពស្មោះត្រង់ទាំងម្ចាស់អាជីកម្មជាមួយបុគ្គលិក បុគ្គលិកទៅកាន់អតិថិជន និងអាចបញ្ជាក់បានតាមរយៈការផ្ដល់វត្ថុធាតុដើមជាផលិតផលធម្មជាតិ ដោយយកបន្លែពីកសិករដាំដោយដៃផ្ទាល់ជាដើម ជាគោលការណ៍មួយដែលម្ចាស់យីហោមួយនេះយល់ឃើញថាគុណតម្លៃមួយដែលត្រូវមានជាចាំបាច់នៅក្នុងយីហោមួយ។

៣ បុគ្គលិកធ្វើការបែបសហគ្រិន

ណ កាហ្វេប្រើវិធីលើកទឹកចិត្តឲ្យបុគ្គលិកធ្វើការតាមរបៀបជាម្ចាស់អាជីវកម្ម ឬលក់បានបែបសហគ្រិនដោយបុគ្គលិកត្រូវតែនិយាយសួស្ដី ញញឹម និងការរួសរាយរាក់ទាក់ប្រៀបដូចជាមួយគាត់ជាម្ចាស់អាជីវកម្មនោះដែរ។ ប្រសិនបើបុគ្គលិកធ្វើការគ្រាន់តែដើម្បីបំពេញតួនាទីរបស់ខ្លួនទេនោះ ពួកគាត់មិនអាចចាត់ចូលជាអ្នកលក់បែបសហក្រិន ដែលទុកកន្លែងរបស់គាត់ធ្វើការដូចអាជីវកម្មរបស់ខ្លួនបាននោះទេ៕

ដកស្រង់ពី៖ សៀវភៅ ហ្រ្វេនឆាយ

អត្ថបទដោយ៖ ប៉ិច សេងហ៊ាង

 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES