តាមពិតហេតុផលនេះសោះ! ដាក់ផ្ទះលក់ ឬជួលមិនបានតម្លៃថ្លៃ

 

ជាការពិត នាពេលបច្ចុប្បន្នសម្រាប់អ្នកដែលមានអចលនទ្រព្យដាក់លក់ឬជួលប្រាកដជាត្រូវប៉ាន់ខ្លាំងណាស់ ពីព្រោះកំពុងមានតម្រូវការខ្លាំងនិងមានតម្លៃកើនឡើងឥតឈប់ឥតឈរ។

ផ្ទុយវិញ មានម្ចាស់អចលនទ្រព្យមិនតិចទេដែលកំពុងពិបាកចិត្ត ពិបាករកដើមចមដែលអចលនទ្រព្យរបស់ខ្លួនបែរជាដាក់លក់ឬជួលមិនបានថ្លៃទៅវិញ។តាមពិតទៅដោយសារតែផ្ទះយើងមានចំណុចខ្សោយ ហើយពេលអតិថិជនមកពិនិត្យមើល មិនត្រូវចិត្ត គេនឹងចាប់ចំណុចអវិជ្ជមានទាំងអស់ដើម្បីបន្ទាបតម្លៃ ដែលធ្វើយើងពិបាកនឹងទាមទារតម្លៃមួយដែលចង់បាន។

ខាងក្រោមនេះជាចំណុចខ្សោយមួយចំនួន ដែលបានតម្លៃផ្ទះរបស់យើងធ្លាក់ចុះ៖

ទីតាំងផ្ទះ៖ អ្នកដែលទិញផ្ទះភាគច្រើនគេសម្លឹងមើលទីតាំងជាធំ ជួនកាលផ្ទះខ្លះគេលែងនឹងចង់ទិញតាំងពីធ្វើដំណើរមកម្ល៉េះ។មូលហេតុនោះគឺផ្ទះអាចនឹងមានចម្ងាយឆ្ងាយ ក្រៅក្រុងពេក គ្មានទីផ្សារគ្រប់គ្រាន់ជាដើម មិនត្រឹមប៉ុណ្ណោះ វាអាចបណ្ដាលមកពីហេដ្ឋារចនាសម្ព័ន្ធជុំវិញទីតាំងគ្មានសក្ដានុពល គ្មានការអភិវឌ្ឍជាដើម។មូលហេតុនេះគឺធំណាស់ដែលធ្វើតម្លៃផ្ទះទាប​ មិនងាយងើបមុខបាន។

ផ្ទះគ្មានសោភ័ណ្ឌភាព៖ តាមពិតទៅម្ចាស់ផ្ទះខ្វះការប្រុងប្រយ័ត្នដោយមិនចាប់អារម្មណ៍ពីសភាពផ្ទះ ដូចជារខេករខាក គ្មានស្ដង់ដាសាកសមនឹងការរស់នៅជាដើម។សោភ័ណ្ឌភាពផ្ទះត្រូវមើលតាំងពីក្រៅរហូតក្នុងដូចជាផ្ទះខ្លះគ្មានតម្រូវការគ្រប់គ្រាន់ គ្មានផ្ទះបាយត្រឹមត្រូវ គ្មានអនាម័យគ្រប់គ្រាន់ជាដើម។ទាំងនេះហើយ ដែលថ្វើឱ្យអតិថិជនអាចចាប់ទម្លាក់តម្លៃបានយ៉ាងងាយ។

មិនចេះតុបតែង៖ ទាំងក្រៅផ្ទះនិងក្នុងផ្ទះគួរតែមានការតុបតែងឱ្យបានច្រើន ជាពិសេសគួរដាក់គ្រឿងសង្ហារឹមទំនើបៗ ដម្លើងវត្ថុផ្សេង ដើម្បីជួយលើកសម្រស់ផ្ទះបន្ថែម។ក្នុងការដេគ័រ ក៏ជាចំណុចសំខាន់ដែលត្រូវទាក់ទាញឱ្យអចលនទ្រព្យរបស់យើងមានតម្លៃទ្វេដង។

ក្រុមហ៊ុនសាងសង់៖ ក្នុងករណីដាក់ជួល អាចនឹងស្រួល។ក៏ប៉ុន្ដែ បើសម្រាប់អ្នកទិញវិញគឺពិបាក ដោយសារតែគេត្រូវការសំណង់ដែលរឹងមាំ គង់វង្សបានយូរអង្វែង ដូច្នេះគេត្រូវស្គាល់ម្ចាស់សាងសង់ផ្ទះ ហើយក៏ត្រូវពិនិត្យទៅលើផ្ទះ ព្រមប្លង់ផ្សេងៗផងដែរ។

ផ្ទះគ្មានហុងស៊ុយ៖ នៅប្រទេសយើងគេប្រកាន់ណាស់នូវហុងស៊ុយរបស់ផ្ទះ ជាពិសេសទិស ផ្លូវចេញចូលជាដើម ដែលអ្នកមានជំនឿគេប្រកាន់ ទោះផ្ទះស្អាត មានតម្លៃបែបណាក៏ដោយ។ជួនកាលផ្ទះរបស់យើងមានទម្រង់ដីមិនល្អ ជាផលពិបាកសម្រាប់អ្នកទិញឬជួលក្នុងការរស់នៅនិងប្រកបរបរអាជីវកម្មពុំសូវបានល្អ។

មានប្រវត្តិមិនល្អ៖ កេរ្ដិ៍ឈ្មោះគឺសំខាន់ណាស់ មិនថាមនុស្សឬផ្ទះនោះទេ។ដោយសារតែប្រវត្តិ វាជាការទាក់ទងសំខាន់បំផុត ដែលអ្នកទិញឬជួលត្រូវដឹង។គេខ្លាចផ្ទះដែលមានប្រវត្តិមិនល្អដូចជា ឃាតកម្មឬអំពើចោរកម្ម ខុសច្បាប់ផ្សេងៗ។ប្រសិនបើមានរឿងនេះគឺពិបាកបន្ដិច ដែលធ្វើឱ្យតម្លៃផ្ទះត្រូវបានគេបន្ទាប តែបើចង់កែប្រែត្រូវជួសជុលថ្មីទើបអាចស្រោចស្រង់វិញបាន។

មានភ្នាក់ងារមិនល្អ៖ ការសហការជាមួយភ្នាក់ងារគឺល្អ ក៏ប៉ុន្ដែក្នុងករណីខ្លះបែរជាជ្រើសរើសដែលមានវិជ្ជាជីវៈមិនត្រឹមត្រូវ គ្មានភាពស្មោះត្រង់ បែរជាចង់កេងចំណេញ បន្ទាបតម្លៃផ្ទះ ដើម្បីបានប្រាក់ចំណេញពីអ្នកទិញម្ខាងទៀត។ដូច្នេះត្រូវប្រុងប្រយ័ត្នក្នុងជ្រើសរើសភ្នាក់ងារ ចៀសវាងមានខាតបង់ហើយ ទើបស្ដាតក្រោយ។

អត្ថបទដោយ៖ នឹម ផានុន

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយ​កម្មវិធីថ្មីរបស់ Business Cambodiaដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958 ។​ ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០​ ៧៥៥

Adtag for Mobile Grow:-
Online

RELATED ARTICLES