អនុវត្តន៍ជំហានទាំងនេះដើម្បីកែប្រែជីវិតរបស់អ្នក ឲ្យក្លាយជាអ្នកមានក្នុងវ័យ៣០ឆ្នាំ

ជាទូទៅ ក្នុងចន្លោះវ័យ២០ឆ្នាំទៅ៣០ឆ្នាំគឺជាវ័យដែលត្រូវរៀនសូត្រនឹងធ្វើការ។ ក្នុងនោះផងដែរ មនុស្សដែលស្ថិតនៅក្នុងវ័យមួយនេះភាគច្រើនតែងមានឯករាជភាពក្នុងការសម្រេចចិត្ត​ ឬធ្វើអ្វីដែលខ្លួនចង់ធ្វើនិងចង់បាន។​ ហើយវាក៏ជាវ័យមួយដែលតម្រូវឲ្យអ្នកមានទំនួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ខ្លួនឯងផងដែរ។​ ដូច្នេះដើម្បីអាចទទួលបានជីវិតល្អប្រសើរក្នុងវ័យ៣០ឆ្នាំ តើអ្នកត្រូវធ្វើអ្វីខ្លះ?

ទាក់ទងនឹងរឿងនេះ Business Cambodia សូមលើកបង្ហាញជំហាន៣យ៉ាង ដែលអាចកែប្រែជីវិតរបស់អ្នកឲ្យក្លាយជាអ្នកមានក្នុងវ័យ៣០ឆ្នាំ ដែលរួមមានដូចខាងក្រោម៖

១. ខំប្រឹងធ្វើការឲ្យខ្លាំង

ប្រសិនបើអ្នកកំពុងស្ថិតក្នុងរូបភាពជានិយោជិក អ្នកត្រូវខំធ្វើការឲ្យខ្លាំងឲ្យលើសពីអ្វីដែលជាទំនួលខុសត្រូវរបស់អ្នក។ អ្នកមិនត្រូវធ្វើការលំៗ និងដើម្បីឲ្យរួចតែពីដៃនោះទេ ព្រោះភាពខ្ជះខ្ជាយរបស់អ្នកនឹងនាំឲ្យអ្នកមិនអាចរីចចម្រើន​ ហើយប្រសិទ្ធភាពនៃការងាររបស់អ្នកក៏មិនល្អនោះដែរ។ 

ដូច្នេះចូលអ្នកខិតខំធ្វើការឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ព្រោះជាសម្មតិផលនៃការខំប្រឹងប្រែងរបស់អ្នកវានឹងផ្តល់ឲ្យអ្នកនូវការតបស្នងយ៉ាងល្អបំផុត។ តម្លៃក្នុងការតបស្នងទាំងនោះអាចជា ប្រាក់បន្ថែម រង្វាន់លើកទឹកចិត្ត ការតម្លើងតួរនាទី មានកិត្តិយសនិងកេរ្តិ៍ឈ្មោះល្អ ហើយអ្វីដែលពិសេសនោះ គឺអ្នកមានការអភិវឌ្ឍន៍សមត្ថភាពកាន់តែរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត។

ជាមួយគ្នានេះដែរ ប្រសិនបើអ្នកជាសហគ្រិន វិនិយោគិន ឬអ្នកជំនួញ កាលណាដែលអ្នកមានការខិតខំប្រឹងប្រែងផ្តោតការយកចិត្តទុកដាក់ខ្លាំងចំពោះអ្វីដែលអ្នកកំពុងធ្វើ នោះវានឹងហុចផលឲ្យអ្នកយ៉ាងល្អប្រសើរ និងជាទីគាប់ចិត្ត។ តាមរយៈរូបភាពជា ការរីកចម្រើននៃអាជីវកម្ម ឬទទួលបានប្រាក់ចំណេញខ្ពស់ជាដើម។ 

២. បោះជំហានទៅមុខឲ្យលឿន          

មិនថាអ្នកជានិយោជិក សហគ្រិន វិនិយោគិន ឬអ្នកជំនួញនោះទេ កត្តាសំខាន់ដែលជាអតិភាពនៃអ្វីដែលអ្នកគួរធ្វើនោះ គឺការបោះជំហានទៅមុខឲ្យបានលឿនតាមដែលអ្នកអាចធ្វើបាន តាមរយៈការអភិវឌ្ឍន៍ខ្លួនជាប្រចាំទៅលើសមត្ថភាព ចំណេះដឹង និងជំនាញ។ ហើយអ្នកត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ និងធ្វើសកម្មភាពឲ្យខ្លាំង ព្រោះវាជាយាន្តមួយដែលនឹងដឹកនាំអ្នកឲ្យឈានឆ្ពោះទៅកាន់ការសម្រេចគោលដៅ និងក្តីស្រមៃដែលអ្នកបានកំណត់ទុក។ 

៣. ហានលះបង់

ជាការពិតមនុស្សដែលស្ថិតនៅក្នុងវ័យនេះ ភាគច្រើននៃពួកគេចូលចិត្តភាពសប្បាយច្រើន និងមានភាពរំភើបរីករាយក្នុងជីវិតស៊ីវីល័យនៃសម័យកាលបច្ចេកវិទ្យា។ វាពិបាកណាស់ក្នុងការបង្ខំខ្លួនឯងមិនឲ្យចំណាយ ឬទិញនូវអ្វីដែលខ្លួនស្រលាញ់ និងចង់បាន ប៉ុន្តែអ្នកត្រូវតែហានលះបង់ការសប្បាយដែលគ្មានសណ្តាប់ធ្នាប់ទាំងនេះ ដើម្បីឲ្យអ្នកអាចមានលទ្ធភាពដើម្បីសម្រេចនូវអ្វីដែលអ្នកបានគ្រោងទុក។ វាគឺជាកម្លាំងចលករមួយយ៉ាងខ្លាំងក្នុងការកែប្រែជីវិតអ្នកឲ្យមានភាពល្អប្រសើរ ប្រសិនបើអ្នកអាចបម្លែងការចំណាយខ្ជះខ្ជាយទាំងនោះ ទៅជាការសន្សំសម្រាប់ធ្វើការវិនិយោគដើម្បីបង្កើនប្រាក់ចំណូលវិញ។

អត្ថបទដោយ៖ កាន់ ដារ៉ា

Facebook: 

https://www.facebook.com/dear.ex.90

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES