រោងចក្រ ស៊ីម៉ង់ត៍ ទាំង៥ក្នុងស្រុកខ្មែរ អាចចំណេញប្រាក់ពីការនាំចូលស៊ីម៉ង់ត៍ពីបរទេស៥០០លាន$

រោងចក្រផលិតស៊ីម៉ង់តិ៍ទាំង៤ដែលបានដំណើរការណ៍ផលិត ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក បូករួមទាំងរោងចក្រថ្មីរបស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលបានបើកសម្ពោធ​ដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះអាចរកប្រាក់ចំណេញរហូតទៅដល់៥០០លានដុល្លារអាមេរិក និងអាចផ្ដល់ឱកាសការងារ​ដល់​ប្រជាពលរដ្ឋរហូតទៅដល់២៧០០នាក់។

តាមរបាយការណ៍របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសនៃការប្រារព្ធពីធីបើកសម្ភោធរោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង»ឱ្យដំណើរ​ការផលិត​ជាផ្លូវនៅក្នុងខេត្តកំពតនាថ្ងៃទី១៤ ខែ វិច្ឆិកានេះ បានឱ្យដឹងថារោងចក្រទាំង៥ដែលមានវត្តមានក្នុងប្រទេសកម្ពុជានាពេលនេះនឹងអាចផលិតស៊ីម៉ង់តិ៍បានជិត ៨លានតោនក្នុងមួយឆ្នាំ ដែលប្រើទុនសរុបប្រមាណ៨០០លានដុល្លារអាមេរិក ហើយបានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុកសរុបប្រមាណ២៧០០នាក់។​សម្រាប់ការផ្គត់ផ្គង់ក្នុងឆ្នាំ២០១៧-២០១៨​កន្លងមកគឺមានការផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការ ដោយមិនមានការនាំចូលមកពីក្រៅប្រទេសឡើយ ប៉ុន្តែដោយសារតែការវិវត្តនៃវិស័យសំណង់មានល្បឿនលឿន ក្នុងកំឡុងពេលមួយរយៈចុងក្រោយ នេះ ទើបមានការនាំចូលស៊ីម៉ង់តិ៍បន្ថែមមកពីស្រុកក្រៅមួយចំនួនតូច។

បន្ថែមពីលើនេះ សម្ដេច ហ៊ុនសែនដែលមានវត្តមានក្នុងការបើកសម្ភោធរោងចក្រថ្មនេះ ក៏បានមានប្រសាសន៍ដែរថា វត្តមានរោងចក្រស៊ីម៉ង់តិ៍ទាំង៥នេះ ធ្វើឱ្យកម្ពុជាចំណេញប្រាក់សរុប ប្រមាណ៥០០លានដុល្លារអាមេរិក ពីការទិញស៊ីម៉ង់តិ៍ពីក្រៅប្រទេស។

សម្ដេចក៏បានបញ្ជាក់ផងដែរថាកម្ពុជាមានខេត្តតែ៣ប៉ុណ្ណោះ ដែលមានវត្ថុធាតុដើមសម្រាប់ផលិតស៊ីម៉ង់តិ៍ ក្នុងនោះរួមមាន ខេត្តកំពត បាត់ដំបង និងខេត្តបន្ទាយមានជ័យនៅមានបរិមាណតិចតួចផងដែរ។

គួររំលឹកផងដែរថារោងចក្រស៊ីម៉ង់តិ៍ ថៃប៊ុនរ៉ុងថ្មីដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពតនេះ បានធ្វើការសាងសង់លើផ្ទៃដីសរុបជិត ៧០០ហិកតា មានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ បើបូកសរុបក្នុងរយៈពេលមួយឆ្នាំ ផលិតបានជិត១លានតោន។ ចំពោះទុនដែលបានចំណាយលើរោងចក្រមួយនេះ សរុបប្រមាណ១១០លានដុល្លារអាមេរិក និងអាចផ្ដល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់ផងដែរ។

នេះពិតជាមោទនភាពមួយរបស់ជាតិដែលមិនត្រឹមតែអាចធ្វើឱ្យសេដ្ឋកិច្ចជាតិបន្តការកើនឡើងប៉ុណ្ណោះទេ ហើយក៏បានរួមចំណែកក្នុងការកាត់បន្ថយការធ្វើចំណាក់ស្រុករបស់ប្រជាពលរដ្ឋខ្មែរ បានរស់នៅជួបជុំសាច់ញាតិក្នុងទឹកដីកំណើតរបស់ពួគគេ​​ ក៏ដូចជាចូលរួមប្រើប្រាស់នូវវត្ថុធាតុដើមដែលយើងមាន មកធ្វើការកែច្នៃឱ្យអស់លទ្ធភាព ដោយមិនចាំបាច់ពឹងផ្អែកលើបរទេសទាំងស្រុងតទៅទៀត។

អត្ថបទ៖ ភោគ​ ម៉ារី

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES