ទើបប្រកាសឱ្យ១លានដុល្លារទៅអ្នកហេកបាន ឥឡូវ FaceIDរបស់ Apple គេហេកបានប្រើពេលតែ២នាទី

ចូលមកកាន់ឆ្នាំ ២០១៩ នេះ Apple ហាក់ដូចជាមាន​យីអ៊ុនមិនសូវល្អសោះ ដោយជួបប្រទះជាមួយបញ្ហា​ឥតដាច់​រាប់តាំង​ពីការ​រើរោងចក្រ​ចេញពីចិន​និងមានការរិះគន់មួយចំនួននឹង​ការបន្តតម្លើងកុំព្យូទ័រ Mac Pro របស់ខ្លួននៅចិនដដែល។

ប៉ុន្តែនាពេលថ្មីៗនេះផងដែរ មុខងារសុវត្ថិភាពបំផុតដែល Apple តែង​ធ្វើការ​ផ្សព្វផ្សាយនោះបែរជាត្រូវ​គេបំបែកបានដោយប្រើពេលត្រឹមតែ ២នាទីប៉ុណ្ណោះ ខណៈដែលទើបពី​ប្រកាស​ក្ដែងៗថានឹង​ឱ្យលុយរហូត១លានដុល្លារ​ដល់អ្នកដែលអាច​ធ្វើការ​ហេកចូល​ប្រព័ន្ធ​ណាមួយរបស់ផលិតផលខ្លួន។

ការ​ហេក​ FaceID របស់ Apple នេះធ្វើឡើង​នៅក្នុងព្រឹត្តិការណ៍ជួបជុំហេកឃើរកំពូលៗនាទីក្រុង Las Vegas។ យ៉ាងណាក៏ដោយការជ្រៀតជ្រែកចូលទៅក្នុង iPhone តាមរយៈការហេក FaceID នេះក៏មិនមែនជារឿងស្រួលនោះដែរ។

ក្នុងបទបង្ហាញនេះ ក្រុមអ្នកស្រាវជ្រាវ​បានធ្វើការហេក FaceID នោះដោយប្រើប្រាស់​ការ​បំពាក់​វែនតាពិសេស​មួយពាក់ទៅលើ​ជនរងគ្រោះ ដែលកំពុង​សម្រាន្តលង់លក់ឬសន្លប់ ក្រោយមក​ទៀត FaceID នឹង​ធ្វើការ​ស្កេនបានសម្រេច។

ជាទូរទៅ FaceID សុវត្ថិភាពខ្លាំង​ដោយសារ​បើម្ចាស់ទូរស័ព្ទ​នោះដេកលង់លក់គឺមិនអាចដោះសោរ​បានឡើយ ហើយមួយវិញទៀត​ បើទោះជាមានស្រោមមុខ​ដែល​ដូចទៅនឹង​ម្ចាស់ទូរស័ព្ទ​ក៏មិនអាចដោះសោរ​បានដែរ ដោយសារតែគ្មានភាពរស់។

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ​នោះ​បាន​បង្កើត​ឱ្យមានភាពរស់ចូលទៅក្នុងវែនតានោះ ហើយធ្វើការ​ដោះសោរត្រឹមតែរយៈពេល ១២០វិនាទីតែប៉ុណ្ណោះ។ នេះមិនមែនជាក្ដីបារម្ភធំខ្លាំង​នោះទេសម្រាប់អ្នកប្រើប្រាស់ iPhone ប៉ុន្តែ​ក៏ជាចន្លោះប្រហោង​មួយដែល Apple គួរ​គិតគូរ​ផងដែរ។

កន្លងមកថ្មីៗនេះ មានចន្លោះប្រហោងដ៏ធំមួយប៉ះពាល់ដល់អ្នកប្រើប្រាស់ iPhone ស្ទើរ​តែទាំង​អស់ ដែលមាននៅក្នុង App Contact ឬបញ្ជីរលេខទូរស័ព្ទនោះ ដែល Apple បា​នបណ្ដោយឱ្យកើតមានជាច្រើនឆ្នាំណាស់មកហើយ ទើបតែ​ពេលនេះក្រុមហ៊ុនខាង​សុវត្ថិភាពអ៊ីនធឺណេត​រកឃើញ។

គូសបញ្ជាក់ថា​នាពេលថ្មីៗនេះផងដែរ ខាងក្រុមហ៊ុន Apple ទើបពីប្រកាសពីរង្វាន់ ១លានដុល្លារ​សម្រាប់នរណា ឬអង្គភាពណាដែលអាច​ធ្វើការជ្រៀតជ្រែកចូលទៅក្នុង​ឧបករណ៍ ឬក៏ប្រព័ន្ធ​ណាមួយរបស់ Apple បាន។ មិនមែនតែ Apple ទេដែលធ្វើដូច្នោះ កន្លង​មកគេឃើញមានក្រុមហ៊ុនបច្ចេកវិទ្យា​ល្បីល្បាញដូចជា Amazon និង Microsoft ជាដើមសុទ្ធតែប្រកាសពីរង្វាន់លានៗដុល្លារសម្រាប់អ្នកហេកចូលផលិតផលឬ សេវាកម្មក្រុមហ៊ុនខ្លួន៕

អត្ថបទដោយ៖ ខុន សក្ក័ដា

USNews Logo
Online

RELATED ARTICLES