ចង់ទិញផ្ទះទុកលក់ចំណេញ!! អ្នកជំនាញស្រ្ដី ផ្ដល់ចំណុច៣ ត្រូវវាងវៃ លក់ផ្ទះបានលុយចំណេញមកវិញ

សញ្ញាវិជ្ជមាននៃវិស័យអចលនទ្រព្យនៅកម្ពុជា ​កំពុងបើកភ្លើងខៀវខ្លាំងដល់អ្នករកស៊ីក្នុងវិស័យនេះ ពីព្រោះទីផ្សារអចលនទ្រព្យហាក់មានឥទ្ធិពលជាងមុន និងមានសេដ្ឋកិច្ចទីផ្សារដំណើរល្អផងដែរ។ដោយសារតែអំណោយផលនៃវិស័យនេះ មានភាពល្អប្រសើរ ទើបមានមនុស្សមួយចាប់ផ្ដើមប្រឡូករកស៊ី ដោយហ៊ានបោះទុនទិញអចលនវត្ថុនានា ដើម្បីទទួលបានផលចំណេញមកវិញ ពីព្រោះការទិញលក់អចលនទ្រព្យទទួលបានផលចំណេញខ្ពស់ ឆាប់រហ័ស និងចំណាយពេលមិនច្រើនទេ។

ជាក់ស្ដែងមានមិនតិចទេ អ្នកដែលនិយមរកស៊ីទិញអចលនវត្ថុហើយទុកលក់ ពីព្រោះតម្លៃអចលនវត្ថុនីមួយៗកើនតម្លៃតាមរយៈពេល ជាពិសេសនោះគឺការទិញផ្ទះទុកលក់ គឺនិយមខ្លាំងណាស់ ដោយសារគេមានរបៀបរបបទិញ ហើយបានចំណេញផងដែរ។

ក្នុងនោះផ្ទាល់ business Cambodia បានជួបសម្ភាសជាមួយលោកស្រីចន្ទី ទិវា ជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Century 21 Advanced Property បានប្រាប់ថា ការទិញផ្ទះ ទុកលក់នេះ គឺលោកស្រីទទួលអតិថិជនបានច្រើន ជាពិសេសអ្នកដែលមានជីវភាពធូរធារ គឺតែងតែមានជួបជាមួយក្រុមហ៊ុន ដើម្បីឱ្យជួយទិញផ្ទះមួយដែលត្រឹមត្រូវ និងផ្ដល់ផលល្អដល់ការលក់ចេញវិញ។

ស្រ្តីរូបនេះក៏បានបន្ដថា ទិញផ្ទះទុកលក់ គឺត្រូវមើលច្រើន ជាងការទិញរស់នៅ ដោយសារតែត្រូវមើលទីផ្សារផ្ទះឱ្យបានច្បាស់លាស់ និងប្រាកដវិជ្ជា។ក្នុងនោះផ្ទាល់ ស្រ្តីក្នុងវិស័យអចលនទ្រព្យរូបនេះបានផ្ដល់៣ចំណុចធំៗ ដល់ងអ្នកមានគម្រោងទិញផ្ទះទុកលក់ដូចជា៖

ទីតាំងភូមិសាស្រ្ត៖ដើម្បីទទួលបានផលចំណេញលឿន អ្នកគួរសិក្សាពីកត្តាទីតាំងភូមិសាស្រ្ត តាំងពីផ្លូវចេញចូល គម្រោងនានាដែលនៅជុំវិញ ជាពិសេសគឺជាបណ្ដុំមនុស្ស ដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ពីព្រោះអ្នកដែលទិញផ្ទះ ចូលចិត្តទីតាំងដែលមានទីប្រជុំជន បណ្ដុំទីផ្សារ សាលារៀន មន្ទីរពេទ្យជាដើម។អ្នកគួរ ពិនិត្យទៅលើសក្ដានុពល នាពេលអនាគតរបស់ទីតាំងផ្ទះ ថាតើនឹងមានអ្វីសាងសង់បន្ទាប់? មានគម្រោងអ្វីចូលមក? ពេលនោះហើយដែលតម្លៃផ្ទះកើនឡើងមួយពព្រិចភ្នែក។

តម្លៃ៖ជាធម្មតា ការទិញផ្ទះទុកលក់ ត្រូវតែស្វែងរកផ្ទះដែលមានតម្លៃក្រោមទីផ្សារ ដើម្បីទទួលបានផលចំណេញខ្ពស់ និងគ្មានហានិភ័យ ពេលមានអាសន្នណាមួយ។អ្នកគួរតែទិញផ្ទះក្នុងតម្លៃមួយដែលសមស្របជាមួយនឹងទីតាំង គុណភាពផ្ទះផងដែរ។

ប្រភេទផ្ទះ៖ទិញទុកលក់ គឺត្រូវមើលពីប្រភេទផ្ទះ ថាតើជាប្រភេទផ្ទះដែលពេញនិយមសម្រាប់ការរស់នៅឬទេ? ហើយអាចបំពេញតម្រូវការ ភាពចាំបាច់សម្រាប់ការស្នាក់នៅរបស់មនុស្សបានឬអត់? ពីព្រោះផ្ទះនីមួយៗមានតម្លៃខុសគ្នា ត្រូវជ្រើសរើសឱ្យបានសមស្រប ទៅនឹងភាពជាក់ស្ដែងក្នុងតំបន់នោះតែម្ដង៕

អត្ថបទដោយ៖ នឹម ផានុន

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES