





ជាការពិតណាស់ដើម្បីក្លាយជាមេដឹកនំាម្នាក់ដ៏អស្ចារ្យ គឺមិនមែនអ្នកគ្រាន់តែនៅតែមួយកន្លែង ហើយប្រើតែម្រាមដៃដើរចង្អុលនោះទេ ហើយចង់ឲ្យចំណូលរបស់ក្រុមហ៊ុន មានការកើនឡើងស្រួលៗនោះទេ។ គឺវាទាមទាឲ្យអ្នកក្លាយជាមេដឹកនាំដ៏ខ្លាំងម្នាក់ ក្នុងការដឹកនាំក្រុមការងារមួយក្រុម នឹងបង្វឹកពួកគេឲ្យក្លាយជាក្រុមមួយដែលខ្លាំងដែរ។ ក្នុងនាមជាមេដឹកនំាដ៏ល្អម្នាក់អ្នកគួរតែយល់ដឹងឲ្យបានច្បាស់ ពីរបៀបដែលពួកគេគួរធ្វើការ តើអ្វីដែលពួកគេត្រូវការ? ហើយថ្ងៃនេះដែរ Business Cambodia នឹងផ្តល់អនុសាសន៍អំពីគន្លឹះសម្ងាត់ទំាងនេះដែលជួយអ្នកឲអ្នកឈានដល់ ជាអ្នកដឹកនំាដ៏អស្ចារ្យ នឹងដើម្បីស្ដារ ប្រាក់ចំណូលរបស់អាជីវកម្មអ្នក ឲ្យមានការកើនឡើងវិញបាន៖
១. ស្តាប់មតិបុគ្គលិក
ដើម្បីឲដឹងស្ថានភាពក្រុមហ៊ុនលំអិត ដឹងពីការគិតរបស់បុគ្គលិកគ្រប់ពេល គ្មានអ្វីប្រសើរជាងការស្តាប់ពួកគេទេ។ នេះគឺជាហេតុផលដែលហេតុអ្វី ការធ្វើពាណិជ្ជកម្មជាច្រើនតែងតែរក្សា នូវការញុំាបាយថ្ងៃត្រង់សំរាប់ក្រុមហ៊ុនទំាងមូល ក្នុងគោលបំណងដើម្បីអោយមេដឹកនំាមានឱកាសក្នុងការទំនាក់ទំនងជាមួយបុគ្គលិក និងស្តាប់បញ្ហាប្រចំាថ្ងៃរបស់ពួកគេ និងមតិយោបល់របស់ពួកគេ។
២. លើកទឹកចិត្តពួកគេ
នៅពេលដែលបុគ្គលិកម្នាក់ មិនសូវបំពេញការងារបានជោគជ័យ នោះជួនកាលក៏ពីព្រោះតែបុគ្គលិកម្នាក់នោះគាត់អាចនឹងមានបញ្ហាអ្វីមួយ ដែលត្រូវការអ្នកលើកទឹកចិត្តពួកគេ។ នេះជាបញ្ហាដែលអ្នកគ្រប់គ្រង ត្រូវសួរនាំគាត់ពីបញ្ហដែលគាត់កំពុងតែជួបប្រទះ និងជួយរកដំណោះស្រាយជូនពួកគេ ឬអ្នកអាចបង្កើតប្រព័ន្ធការងារមួយដែលជួយកែសម្រួល ព្រមទាំងជួយលើកកម្ពស់ឲ្យពួកគេស្គាល់ខ្លួនឯងកាន់តែច្បាស់។
៣. ដាក់មនុស្សឲ្យត្រូវជំនាញ
មែនទែនទៅការប្រើប្រាស់មនុស្សតាមជំនាញ គឺជារឿងដែលសំខាន់បំផុតមួយ។ ព្រោះថាបើកាលណាអ្នកមិនដឹងពីសមត្ថភាពរបស់ពួកគេ ត្រូវជាមួយផ្នែកអ្វីនោះទេ មិនថាអ្នកមានការងារច្រើនល្អប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនអាចប្រើប្រាស់ទេពកោសល្យបានតាមសមត្ថភាពពិតប្រាកដរបស់ពួកគេដែរ។
៤. ចេះធ្វើឲ្យពួកគេស្រលាញ់ការងារជាងប្រាក់ខែ
ជាការពិតណាស់ប្រាក់ខែ អាចជាហេតុផលដំបូងមួយ ដែលធ្វើអោយមនុស្សជ្រើសរើសធ្វើការងារមួយ។ ប៉ុន្តែការគ្រប់គ្រងមនុស្សអោយជោគជ័យ គឺនៅពេលដែលអ្នកអាចធ្វើអោយគេយល់ថា ការងារមានតម្លៃជាងប្រាក់ដែលអ្នកផ្តល់អោយគេទៅទៀត។
៥. អបអសាទរនូវរាល់សមិទ្ធផល ដែលពួកគេសម្រេចបាន
ជារឿងដែលអ្នកដឹកនាំត្រូវធ្វើដោយខានតែបាននោះគឺ ការអោយតម្លៃទៅលើស្នាដៃរបស់បុគ្គលិកនីមួយៗ នៅពេលដែលពួកគេសម្រេចបានលទ្ធផលអ្វីមួយ ទោះបីជាលទ្ធផលនោះតូចឬធំក៏ដោយ។ ការធ្វើរឿងទាំងនេះហើយ គឺសុទ្ធតែជារឿងដ៏ចាំបាច់មួយ ប្រសិនជាអ្នកចង់អោយមនុស្សដែលនៅក្រោមបង្គាប់នោះគោរព និងស្រលាញ់អ្នក។ ជៀសវាងការស្តីបន្ទោសនៅពេលដែលពួកគេធ្វើខុស អ្នកគួរតែព្យាយាមប្រាប់ពីកំហុស និងលើកទឹកចិត្តអោយពួកគេរៀនសូត្រពីកំហុសនោះវិញទើបជារឿងដែលត្រឹមត្រូវ៕
អត្ថបទដោយ៖ សេងហ៊ាង