អ៊ឹម វីរៈ៖ ការវិនិយោគដែលរីកចម្រើនលឿនបំផុតគឺការវិនិយោគទាក់ទងនឹងទេសចរណ៍

សហគ្រិន និងជាវិនិយោគិនអចលនទ្រព្យ កើតចេញពីត្រកូលក្រីក្រ ខំរកស៊ី តាមចញ្ចើមថ្នល់ សន្សំលុយរហូតក្លាយជាម្ចាស់ក្រុមហ៊ុន វិនិយោគអចលនទ្រព្យ Relax Resort Investment  លោក អ៊ឹម វីរះ បានលើកឡើងទស្សនៈផ្ទាល់ខ្លួនថា “ការវិនិយោគណាដែលទាក់ទងនឹងវិស័យទេសចរណ៍ជាការវិនិយោគដ៏ល្អបំផុត និងរីកចម្រើនលឿនក្នុងរយៈពេល”

លោកបានពន្យល់បន្ថែមថា៖ វិស័យទេសចរណ៍គឺជារោងចក្រផលិតលុយគ្មានផ្សែង មានសក្តានុពលយូរអង្វែង និងល្បីល្បាញលឿន ប្រសិនបើអ្នករកស៊ី និងវិនិយោគក្នុងវិស័យនេះមានភាពច្បាស់លាស់ មានចំណុចពិសេសដាច់ពីគេ ឬចេះធ្វើទីផ្សារទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ។

លោក អ៊ឹម វីរះ គឺជាសហគ្រិនដែលប្រឡូកយ៉ាងឆ្អិនក្នុងពិភពអាជីវកម្ម រកស៊ីតាំងពីលក់សាំងវ៉ិច តាមចញ្ចើមថ្នល់ វិវឌ្ឍន៍ខ្លួនក្លាយជាម្ចាស់ម្ចាស់គម្រោងផ្ទះលំហែបែបធម្មជាតិ​តម្លៃ​រាប់​លានដុល្លារ រីឡេករីហ្ស នៅខេត្តកណ្តាល។

លោកធ្លាប់រៀបរាប់ប្រាប់ Business Cambodia ថា៖ ការចេះរកស៊ីដំបូងរបស់លោក គឺការចេញលក់សាំងវ៉ិចនៅតាមចញ្ចើមថ្នល់ ដែលរបរនេះហើយបានបង្រៀនលោកឲ្យស្គាល់នូវមេរៀននៃការរកស៊ីជាច្រើន ដែលលោកពុំដែលធ្លាប់បានជួប ។

ការរកស៊ីនោះបានធ្វើឲ្យលោកបោះបង់ភាពអៀនខ្មាស់ទាំងឡាយចេញពីខ្លួន ចេះពីរបៀបធ្វើម៉ាឃីតធីង ការលក់ ការរក្សាភ្ញៀវជាដើម ខណៈដែលពីមុនមកលោក ដែលធ្លាប់តែងខ្លួនស្អាតៗ ទៅធ្វើការបានប្រាក់ខែជិត១ពាន់ដុល្លារឯណោះ។

បន្ទាប់មកក៏បន្តផ្លាស់ប្តូររកស៊ីរបរបើកហាងលក់ទូរស័ព្ទ បើកហាងលក់បាយ ឈ្មោះថា កាហ្វេដី ដែលមានឈ្មោះបោះសម្លេងរហូតមកដល់សព្វថ្ងៃនេះ ហើយបន្តមកជាអ្នកអភិវឌ្ឍន៍គម្រោង Resort ក្នុងពេលបច្ចុប្បន្ននេះ៕

 

អត្ថបទដោយ៖ Jimmy

 

 

RELATED ARTICLES