ព្រោះតែរឿងផុស Twitter កាលពីពេលក្មេងថៃជាប់រូងភ្នំ ពេលនេះ Elon Musk ត្រូវបានតុលាការកោះហៅ

គ្រប់គ្នាប្រហែលជាចាំបានហើយថា​កាលពីឆ្នាំមុន​មាន​ព្រឹត្តិការណ៍ក្មេង​ថៃ​១២នាក់ និង​គ្រូបង្វឹកបាល់ទាត់​ម្នាក់បានជាប់នៅក្នុង​រូង​ភ្នំមួយនាខេត្តឈៀងរ៉ៃ​ប្រទេស​ថៃ ដែលល្បីល្បាញទូរទាំង​ពិភពលោក ល្បីរហូតដល់ Elon Musk ប្រុង​នឹង​ធ្វើកូននាវាមុជទឹក​ទៅជួយសង្គ្រោះអ្នកដែលជាប់ទាំង​នោះ។

ប៉ុន្តែ​ក្មេង​ៗនិង​គ្រូ​បង្វឹក​របស់ពួកគេ​ក៏ត្រូវ​ជួយសង្គ្រោះចេញយ៉ាង​សុវត្ថិភាព ដោយមិនបានប្រើប្រាស់​កូននាវាមុជទឹក​របស់ Elon នោះទេ។ ក្រោយមកក៏កើត​មាន​ជាការទាស់ទែង​ពាក្យសម្ដីតាមរយៈ​ពាក្យសម្ដីបន្តិច​បន្តួច​រងាង​អ្នក​មុជទឹក​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះនោះម្នាក់សញ្ជាតិអង់គ្លេសមានឈ្មោះថា Vernon Unsworth។

ក្រោយមក​ស្រាប់តែ Elon Musk បង្ហោះសារ​ធ្ងន់ៗតាមរយៈបណ្ដាញសង្គម Twitter ដែលគណនីរបស់គាត់មានអ្នក​ចុច Follow រហូត​ដល់ទៅជាង​ ២០លាននាក់នោះថា លោក Vernon ដែលជាអ្នកមុជទឹកនោះ ថាជាមនុស្ស​ដែលចូលចិត្ត​រំលោភសេព​សន្ថវៈទៅលើក្មេង (Pedophile)។

យ៉ាង​ណាក៏ដោយ​មុននឹង​ធ្វើឱ្យ Elon Musk ភ្លាត់​ដៃសរសេរពាក្យធ្ងន់បែបនេះនៅលើ Twitter អ្នកជ្រមុជទឹកសញ្ជាតិអង់គ្លេស​រូបនោះក៏បាន​លើកឡើង​ចម្អកខ្លះៗទៅលើ​ Elon ដែរថាកូននាវានោះប្រើមិនកើត ហើយក៏មានមជ្ឈដ្ឋានខ្លះទៀត​និយាយថាអ្វីដែល Elon ធ្វើគ្រាន់តែដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សតែប៉ុណ្ណោះ។

ដោយសារតែពាក្យមួយម៉ាត់ខាង​លើរបស់ Elon នោះហើយបានធ្វើឱ្យអ្នកមុជទឹកសញ្ជាតិអង់គ្លេស​ដាក់ពាក្យប្ដឹង​ ប៉ុន្តែ​ទារសំណង​ពី Elon ប្រមាណតែ ៧៥,០០០ដុល្លារ​តែប៉ុណ្ណោះ ហើយតម្រូវឱ្យ​ Elon កុំផុសអ្វីផ្ដេសផ្ដាស់បន្តទៀត។

ទុក្ខដោយសារការផុស​មិនមែនជារឿង​ថ្មី​សម្រាប់ Elon ឡើយ ហើយជាពិសេស​ថ្មីៗនេះ ក៏ដោយសារតែការផុស​ Twitter របស់គាត់ដែរដែលធ្វើឱ្យខ្លួនគាត់ស្ទើរ​តែខ្ទាត​ដំណែង​ចេញពី CEO ក្រុមហ៊ុន Tesla។

តែប៉ុន្មានថ្ងៃមុននេះ ក៏ចាប់ផ្ដើម​កើតមាន​ការស៊កសៀតគ្នា​រឿង​ហោះទៅអវកាស​ជាមួយនឹង​មហាសេដ្ឋី Jeff Bezos និង CEO ក្រុមហ៊ុនផលិត​យន្តហោះ Boeing។

គូសបញ្ជាក់ថា Elon Musk នឹង​ត្រូវ​ឡើង​ទៅបំភ្លឺ​នៅតុលាការ​នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩នេះ ហើយគេក៏មិនរំពឹង​ថា​ប៉ះពាល់អ្វីធ្ងន់ធ្ងរដល់អាជីវកម្មគាត់ឡើយ ក្នុងករណីដែលមិនមាន​ការបង្ហោះបង្ហើរ​មិនចាំបាច់តទៀតនៅលើគណនី Twitter របស់គាត់៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES