ល្បីរឿងស៊ីគ្រឿង!តើសហគ្រិនខ្មែរគួរចេញហ្រ្វេនឆាយផ្នែកជួសជុលទូរស័ព្ទ-ម៉ូតូ-រថយន្ត ឬទេ?

កន្លងមកមានការមិនពេញចិត្តពីសំណាក់អតិថិជនជាច្រើន ពិសេសនៅពេលចង់ជួសជុលទូរស័ព្ទ ម៉ូតូ ឬរថយន្តផ្សេងៗ ដោយសារតែការខ្វះភាពស្មោះត្រង់របស់អ្នករកស៊ីមួយចំនួន ដោយធ្វើការបន្លំអតិថិជន ទៅលើសម្ភារៈ ឬតម្លៃលើសពីតម្លៃទីផ្សារ ដែលធ្វើឲ្យអតិថិជនខ្លះមានការមិនសប្បាយចិត្តទៅនឹងការចំណាយលើការជួសជុលម្តងៗ។

ហើយជាបន្តបន្ទាប់ក៏មានដែរ ម្ចាស់អាជីវកម្មមួយចំនួនខំប្រឹង បង្កើនទំនុកចិត្តពីអតិថិជនឡើងវិញ ស្របពេលដែលមានការប្រុងប្រយ័ត្នកាន់តែខ្លាំង។ ទាក់ទិននឹងបញ្ហានេះ ក៏ជាឱកាសមួយសម្រាប់សហគ្រិនខ្មែរ ខណៈមិនទាន់មានយីហោណាមួយលេចធ្លោខ្លាំង និងអាចកសាងយីហោឲ្យល្បីឈ្មោះដូចជា Pass App ដែលធ្វើឲ្យម៉ូតូឌុបបក់ដៃតាមផ្លូវពិបាករកម៉ូយ។

ជាការពិត ដើម្បីចេញហ្រ្វេនឆាយអាជីវកម្មណាមួយ ម្ចាស់អាជីវកម្មត្រូវស្វែងយល់ និងបង្កើតប្រព័ន្ធការងារមួយដែលគ្មានការគេងបន្លំ យកតម្លៃលើសពីទីផ្សារ និងទឹកដៃមានគុណភាពស្តង់ដារមួយ ដែលអាចទទួលយកបាន ព្រមទាំងមានការកំណត់ពេលវេលាត្រឹមត្រូវ ពោលគឺយ៉ាងយូរបំផុត២៤ម៉ោង ឬ៤៨ម៉ោង រាល់សម្ភារៈមកជួសជុលត្រូវរួចរាល់ លើកលែងតែករណីដែលចាំបាច់ខ្លាំង។

ទាំងនេះជាសារមួយសម្រាប់ យីហោក្នុងស្រុក ឲ្យចេះបង្កើតដំណោះស្រាយ សម្រាប់អតិថិជន ដែលត្រូវការយីហោមួយមានទំនុកចិត្ត និងមានសាខាគ្រប់ទីកន្លែង ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់គាត់ និងអាចជាយីហោដែលផ្តល់អត្ថប្រយោជន៍ច្រើន ដល់អ្នកទិញសិទ្ធិអាជីវកម្ម និងមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដែលមិនដើរតាមគន្លងចាស់ដោយប្រើបច្ចេកវិទ្យាជួយត្រួតពិនិត្យ៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES