មិនធម្មតា!ថៅកែទុរេនកោះកុង ដាំទុរេន ៨០០ ដើម រំពឹងទាញប្រាក់ចំណូល ១២ ម៉ឺន$/ឆ្នាំ

 

ទុរេនក្នុងស្រុកកំពុងតែមានទីផ្សារកាន់តែខ្លាំង ខណៈប្រជាជនកម្ពុជាមានការគំទ្រខ្លាំង ដោយតែទុរេនដែលដាំដោយប្រជាកសិករខ្មែរ គឺមិនមានប្រើជីគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។ ម្ចាស់ចំការទុរេន ស្ថិតក្នុងឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង លោក ឆន ភារៈបានឲ្យដឹងថា ចំការទុរេ របស់លោកគឺចំការទុរេនធម្មជាតិព្រោះលោក បានប្រើតែជីធម្មជាតិ និងជីកំប៉ុសសរិរាង្គជាដើម។ លោកបានបន្ដទៀតថា ក្នុងចំការធុរេនរបស់លោក មានដើមទុរេនចំនួន ៨០០ ដើម ដែលចែកចេញជា ៧ ពូជផ្សេងៗគ្នា។ 

ក្នុងនោះដែរ ប្រភេទទុរេនដែលប្រជាជនខ្មែរយើងនិយមទិញបរិភោគ គឺពូជម៉ាន់ថន ដែលទុរេនម៉ាន់ថននេះទៀតសោតលក់ក្នុងតម្លៃថ្លៃជាងគេ គឺមួយគីឡូក្រាមលក់ក្នុងតម្លៃចន្លោះពី ១៦០០០ រៀល ទៅ ១៨០០០ រៀលឯណោះ។ ពិសេសជាងនេះទៀតនោះ ទុរេន របស់លោក ភារៈ ត្រូវបានម៉ូយទៅទិញដល់ចំការតែម្ដង មិនបាកដឹងលក់តាមផ្សារខ្លួនឯងនោះទេ។ 

ម្ចាស់ចំការអ្នកខេត្ដកោះកុងរូបនេះបានបង្ហើបថា ក្នុងឆ្នាំដែលទុរេនមានផ្លែដំបូង ក្នុងមួយដើមអាចប្រមូលទិន្នផលបានពី ៣០ ដុល្លារទៅ ៥០ ដុល្លារ រហូតដល់ទុរេនមានអាយុពី ៣ ឆ្នាំទៅ ៥ ឆ្នាំអាចប្រមូលទិ្នផលបានពី ៣០០ ដុល្លារទៅ ៥០០ ដុល្លារក្នុងមួយដើម។

ដោយឡែកបើនិយាយពីការប្រមូលផលក្នុងមួយវិញ លោកបានលើកឡើងថា កាលពីឆ្នាំមុនៗចំការរបស់លោកមិនសូវជាទទួលទិន្នផលបានច្រើនទេ ដោយហេតុថាពួកគាត់មិនទាន់មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការថែរក្សាផ្លែទុរេនឲ្យបានច្រើន។ ជាក់ស្ដែងកាលពីឆ្នាំដែលទុរេនផ្លែដំបូង លោកប្រមូលផលបានត្រឹមតែ ១ម៉ឺនដុល្លារទៅ ២ ម៉ឺនដុល្លារប៉ុណ្ណោះ។ ប៉ុន្ដែនៅឆ្នាំបន្ទាប់ៗលោករំពឹងទុកថាក្នុង ២៥០ ដើមដែលផ្លែដំបូងនេះ លោកនឹងអាចកើបប្រាក់ចំណូលបានប្រមាណ ១២ ម៉ឺនដុល្លារ ព្រោះដោយសារដើមទុរេនរបស់លោកកាន់តែធំនិងមានផ្លែកាន់តែច្រើន។ លោក ភារៈ បានបញ្ជាក់ថា ដើមទុរេន ខ្លះអាចផ្ទុកផ្លែបានពី ១០០ ផ្លែ ទៅ ២០០ ផ្លែឯណោះ វាជាចំនួនដ៏ច្រើនពិតមែន។

ទន្ទឹមនឹងការរំពឹងប្រាក់ចំណូលច្រើនពីការប្រមូលផល ថៅកែទុរេនវ័យក្មេង ក៏បានប្រាប់ពីការចំណាយផងដែរ ថាក្នុងមួយឆ្នាំៗលោកបានចំណាយច្រើនមែនទែនទៅ ព្រោះចំការទុរេនរបស់លោកជាចំការទុរេនសុវតិ្ថភាពដែលមិនប្រើប្រាស់ជីគីមី។ សូម្បីតែស្មៅក៏មិនប្រើថ្នាំបាញ់សម្លាប់ដែរ គឺលោកប្រើម៉ាស៊ីនកាត់។ ដូច្នេះវាទាមទារឲ្យមានឲ្យមានការចាយលុយច្រើនទៅលើ កម្មករ សាំង និង ជីជាដើម។ លោក ភារៈ បានបន្ថែមថា ប្រសិនបើយើងប្រើជីគីមីក្នុងមួយដើមអាចប្រើតែកន្លះគីឡូក្រាមទេ ប៉ុន្ដែបើប្រើជីធម្មជាតិគឺត្រូវដាក់ ៥ គីឡូក្រាម។ កត្ដាទាំងនេះហើយ ដែលធ្វើឲ្យរបស់លោកចាយដើមទុនពី ៣០០០ ទៅ ៤០០០ ដុល្លារក្នុង ១០០ ដើម ខណៈដែលចំការគេផ្សេងចាយទុនតែពី ១៥០០ ដុល្លារ ទៅ ២០០០ ដុល្លារប៉ុណ្ណោះ។

គួរជម្រាបថា ត្បិតតែចំការរបស់លោក ភារៈប្រើដើមទុនច្រើនជាងគេក៏ពិតមែន ប៉ុន្ដែលោកក៏នៅតែអាចចំណេញបានច្រើនគួរសម ដែលក្នុងទុរេន ១០០ ដើម បន្ទាប់កាច់ថ្លៃដើមទាំងអស់ទៅ លោកអាចនៅសល់ប្រាក់ចំនេញពី ១ ម៉ឺនដុល្លារទៅ ២ ម៉ឺនដុល្លារក្នុងមួយរដូរប្រមូលផល។ លើសពីនេះទៅទៀតដោយសារតែទុរេនរបស់ជាទុរេនធម្មជាតិ ដូច្នេះមិនខ្វះទេទីផ្សារចាំទទួលយកទៅលក់បន្ដ ពិសេសនោះគឺហាងលក់ផ្លែឈើធម្មជាតិតែម្ដង៕

អត្ថបទដោយ៖ សារ ធូរា៉

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES