បើមិនចង់ស្តាយក្រោយទេ!!! កុំដោយសារលេសធំៗ ៣នេះ ឈប់ធ្វើការឱ្យគេ ចេញរកស៊ីឱ្យសោះ

បច្ចុប្បន្ននេះ គំនិតចង់ចេញរកស៊ីដោយខ្លួនឯង ត្រូវបានមនុស្សជាច្រើនយកមកជជែកវែកញ៉ែកគ្នា ដោយមានអ្នកខ្លះចោទជាសំនួរ ថាតើគួរចេញរកស៊ីមុនរៀបការ ឬក៏ធ្វើការឱ្យគេហើយ ចាំចេញរកស៊ីផ្សេងៗ ជាដើម។ អ្វីដែលគួរឱ្យស្មុគស្មាញជាងនេះ គឺគេជជែកគ្នា ដោយលើកយកបញ្ហា និងឱកាសមកវែកញ៉ែក ដើម្បីស្វែងរកផ្លូវក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ទាក់ទិននឹងបញ្ហានេះ Business Cambodia សូមលើកយកលេសអាក្រក់៣ ដែលមនុស្សភាគច្រើនប្រើវា ដើម្បីចេញរកស៊ីដោយខ្លួនឯង ហើយវាធ្វើឱ្យពួកគាត់បរាជ័យ។ លេសទាំងនោះ រួមមានដូចខាងក្រោម៖ 

១. អត់ចង់ធ្វើការឱ្យគេ ព្រោះមិនចង់ឱ្យគេស្តីឱ្យ និងចង់មានសេរីភាពផ្ទាល់ខ្លួន

មនុស្សដែលចង់ចេញរកស៊ីដោយខ្លួនឯង ប្រហែលជាមាន ៩៥ ភាគរយហើយ ដែលលើកយកលេសផ្ទាល់ខ្លួនដ៏ពេញនិយមមួយគឺថា “ខ្ញុំចង់ចេញរកស៊ី ព្រោះខ្ញុំមិនចង់ធ្វើការឱ្យគេទៀតនោះទេ” ។ ប៉ុន្តែពេលសួរបន្តថា ក្រៅពីមិនចង់ធ្វើការឱ្យគេ តើគាត់ចេញរកស៊ីដើម្បីអ្វីទៀតនោះ គឺមិនសូវមានអ្នកឆ្លើយចេញឡើយ។ អ្នកដែលយកលេសនេះ ដើម្បីចេញរកស៊ី ប្រហែលជាមិនដឹងទេថា នៅពេលអ្នកធ្វើការឱ្យគេ អ្នកអាចមានមេដែលនូវចាំស្តីឱ្យអ្នក យ៉ាងច្រើនពីរនាក់ប៉ុណ្ណោះ ហើយគេមិនសូវហ៊ានស្តីឱ្យអ្នកខ្លាំងទេ ព្រោះខ្លាចអ្នកឈប់ធ្វើការ ប៉ុន្តែនៅពេលអ្នកចេញរកស៊ីដោយខ្លួនឯង អ្នកនឹងមានមនុស្សជាច្រើនចាំស្តីឱ្យអ្នក ហើយគេមិនខ្លាចនឹងស្តីឱ្យអ្នកនោះទេ ហើយមនុស្សទាំងអស់នោះ គឺជាភ្ញៀវរបស់អ្នកនឹងឯង។ ហើយអ្វីដែលអាក្រក់នោះ គឺអ្នករឹតតែមិនសូវមានពេលច្រើន ដូចនៅធ្វើការឱ្យគេឡើយ ហើយបើសិនជាអ្នកអាចមានពេលគ្រប់គ្រាន់ ក៏យ៉ាងហើចណាស់ អ្នកត្រូវចំណាយពេលគ្រប់គ្រងក្រុមហ៊ុនដាច់បាយដាច់ទឹកយ៉ាងតិច ៣ ទៅ ៥ឆ្នាំដែរ ទើបក្រុមហ៊ុនអាចដំណើរការបានស្រួល។ ដូច្នេះ ប្រសិនបើអ្នក មិនមានគោលដៅច្បាស់លាស់ នៅក្នុងការធ្វើអាជីវកម្មទេ ច្បាស់ណាស់អ្នកនឹងបោះបង់អាជីវកម្មដែលខ្លួនធ្វើនោះ ត្រឹមរយៈពេលដ៏ខ្លីណាមួយ ព្រោះអ្នកមិនមានគោលដៅ ដើម្បីលួចចិត្តខ្លួនឯង។ 

២. ចង់បានលុយច្រើន

ជាការពិតប្រកែកមិនបាន ការធ្វើអាជីវកម្មអ្វីក៏ដោយ អ្នកណាក៏ចង់បានផលពីអាជីវកម្មនោះវិញដែរ ប៉ុន្តែការធ្វើអាជីវកម្មដែលផ្តោតសំខាន់ទៅលើប្រាក់ចំណេញតែមួយមុខនោះ អ្នកមិនអាចធ្វើឱ្យអាជីវកម្មរបស់អ្នកជោគជ័យបានឡើយ។ អ្នកត្រូវចាំថា នៅពេលដែលអ្នកចេញរកស៊ី ទោះបីជាអ្នកមើលឃើញថា អាជីវកម្មអ្នកពិតជាមានតម្រូវការ ហើយធ្វើទៅវានឹងជោគជ័យក៏ដោយ ក៏វាមិនច្បាស់លាស់យ៉ាងដូច្នោះដែរ ពោលគឺវាអាចមានចន្លោះប្រហោងណាមួយដែលអ្នកមើលមិនច្បាស់។ ដូច្នេះ ប្រសិនបើអ្នកធ្វើអាជីកម្មដើម្បីតែប្រាក់ចំណេញ ហើយនៅរយៈពេលមួយឆ្នាំ ឬក៏ពីរឆ្នាំដំបូង អ្នកមិនអាចរកប្រាក់ចំណេញបាន ច្បាស់ណាស់អ្នកនឹងមានអារម្មណ៍បាក់ទឹកចិត្ត ហើយលែងចង់ធ្វើវាទៀតហើយ ព្រោះគោលដៅចង់បានប្រាក់របស់អ្នក មិនដូចបំណង។ ផ្ទុយមកវិញ បើអ្នកធ្វើអាជីវកម្ម ដើម្បីចង់ដោះស្រាយបញ្ហាអ្វីមួយនៅក្នុងសង្គម ដូចជាលោកមហាសេដ្ឋីចិន Jack Ma នោះអ្នកនឹងមានកម្លាំងចិត្តបន្តបើកអាជីវកម្មជានិច្ច បើទោះបីជាមិនមានប្រាក់ចំណេញជាង ៣ឆ្នាំ ដូចស្ថាបនិកក្រុមហ៊ុន Alibaba នេះក៏ដោយ។ 

៣. ច្រណែនមេខ្លួនឯង 

មានមនុស្សជាច្រើន តែងរអ៊ូរទាំយ៉ាងដូច្នេះថា “ខ្ញុំខំប្រឹងធ្វើការ ហើយជួយឱ្យក្រុមហ៊ុនរកចំណូលបានច្រើនមែនទែន ប៉ុន្តែមេរបស់ខ្ញុំ បែរជាផ្តល់ប្រាក់បៀវត្តន៍មកខ្ញុំត្រឹមប៉ិននេះ ឬប៉ិននោះ ដែលវាមិនសាកសម្យនឹងអ្វីដែលក្រុមហ៊ុនទទួលបានទាល់តែសោះ” ។ ប្រសិនជាអ្នក ចង់ចេញរកស៊ី ព្រោះតែអ្នកមិនសប្បាយចិត្តនឹងប្រាក់បៀវត្តន៍ប្រចាំខែរបស់អ្នកបែបនេះនោះ អ្នកនឹងបរាជ័យខ្លាំងបំផុត។ ត្រូវចាំថា នៅពេលអ្នកបើកអាជីវកម្មដោយខ្លួនឯង មិនមែនគ្រាន់តែអ្នកចំណាយលុយ ទៅលើបុគ្គលិករួច ចប់នោះទេ ពោលគឺអ្នកត្រូវចំណាយគ្រប់សព្វបែបយ៉ាងទាំងអស់នៅក្នុងក្រុមហ៊ុន ទាំងការជួលការិយាល័យ បង់ថ្លៃទឹកភ្លើង និងបង់ពន្ធចូលរដ្ឋ ព្រមទាំងការត្រៀមលុយទុកសម្រាប់ខាត និងពង្រីកអាជីវកម្មផ្សេងៗ ជាដើម ៕

អត្ថបទដោយ៖ LeEmon 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES