អនុវត្តន៍វិធីសាស្ត្រទាំងនេះ អ្នកនឹងអាចដោះបំណុលបានលឿនប្រកបដោយប្រសិទ្ធភាពខ្ពស់

បំណុលប្រៀបដូចជាច្រវាក់មួយដែលធ្វើឲ្យយើងពិបាកក្នុងការរើបំរាស់​ និងបន្តដាក់សម្ពាធកាន់តែធ្ងន់ឡើងៗមកដល់យើង។ ហើយអ្វីដែលកាន់តែស្មុគស្មាញជាងនេះទៅទៀតនោះ គឺមនុស្សភាគច្រើនពិបាកក្នុងការរកដំណោះស្រាយដោះបំណុលរបស់ខ្លួនណាស់។

ទាក់ទឹននឹងរឿងនេះ Business Cambodiaសូមលើកបង្ហាញពីវិធីសាស្ត្រមួយចំនួន ដែលអាចជួយអ្នកឲ្យដោះបំណុលបានលឿន និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលវិធីសាស្ត្រទាំងនោះរួមមានដូចខាងក្រោម៖

១. បង្កើនចំណូលរបស់អ្នក

មធ្យោបាយលឿនបំផុតមួយក្នុងការដោះខ្លួនចេញពីបំណុលគឺអ្នកត្រូវបង្កើនចំណូលរបស់អ្នកឲ្យបានច្រើនជាងមុន ដូច្នេះអ្នកអាចមានលទ្ធភាពធ្វើការទូទាត់បំណុលទាំងនោះបានកាន់តែធំ។ ប្រសិនបើខណៈពេលនេះអ្នកមានប្រភពចំណូលជាប់លាប់មួយហើយ អ្នកអាចឆ្លៀតពេលដែលអ្នកនៅសល់ចាប់យកការងារទីពីរ ដែលអនុញ្ញាតឲ្យអ្នកអាចទាញចំណូលបានបន្ថែមទៀត។ បន្ទាប់មកធ្វើការបែងចែកសាច់ប្រាក់នោះដោយផ្ទាល់ទៅលើការទូទាត់បំណុលប្រចាំខែ។

អ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលដែលការទូទាត់បន្ថែមទាំងនោះអាចកាត់បន្ថយបំណុលបានយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះដែរ នៅពេលដែលបំណុលរបស់អ្នកត្រូវបានសងហើយវាមានចំនួនកាន់តែតិចទៅៗ អ្នកនឹងមានសាច់ប្រាក់បន្ថែមដើម្បីសន្សំឬចំណាយលើទ្រព្យដែលអ្នកចង់បាន។

២. កាត់បន្ថយការចំណាយប្រចាំខែ

អ្នកអាចធ្វើការត្រួតពិនិត្យទៅលើការចំណាយប្រចាំខែរបស់អ្នក ថាតើវាមានស្ថានភាពដូចម្តេច។ នៅពេលដែលអ្នកធ្វើការត្រួតពិនិត្យ អ្នកនឹងអាចរកឃើញនូវការចំណាយមួយចំនួនដែលមិនមានភាពចំបាច់សម្រាប់អ្នក។

ដូច្នេះអ្នកអាចធ្វើការកាត់បន្ថយការចំណាយដែលមិនចាំបាច់ទាំងនោះ ហើយវានឹងអនុញ្ញាតឲ្យអ្នកសល់ប្រាក់មួយចំនួនពីការចំណាយប្រចាំខែរបស់អ្នក។ ប្រាក់ដែលនៅសល់នោះ មិនថាមានចំនួនតិច ឬច្រើននោះទេ អ្នកអាចយកវាទៅបូកបញ្ចូលជាមួយប្រាក់ដែលអ្នកត្រូវសងបំណុល។ ការធ្វើសកម្មភាពបែបនេះជាដដែរៗ អ្នកនឹងឃើញថាចំនួននៃបំណុលរបស់អ្នកនឹងមានការថយចុះយ៉ាងឆាប់រហ័ស។

៣. រស់នៅតាមរបៀបរបស់អ្នក

អ្នកត្រូវរស់នៅតាមរបៀប និងស្ថានភាពរបស់អ្នកនៅពេលនេះ។ អ្វីដែលអ្នកអាចធ្វើបានអ្នកគួរតែធ្វើក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់អ្នកនៅគ្រប់រូបភាពដូចជា ចម្អិនម្ហូបញ៉ាំដោយខ្លួនឯងនៅផ្ទះជំនួយឲ្យការទៅញ៉ាំខាងក្រៅ ឬយកអាហារថ្ងៃត្រង់ទៅញ៉ាំនៅកន្លែងធ្វើការជំនួយឲ្យទិញខាងក្រៅជាដើម។ វាអាចធ្វើឲ្យអ្នកសល់លុយមួយចំនួនបន្ទាប់ពីកាត់បន្ថយការចំណាយទាំងនោះ ដូច្នេះអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការយកលុយទាំងនោះទៅរំលោះបំណុលរបស់អ្នកបន្ថែម។

៤. បង្កើតផែនការដោះបំណុល

ដើម្បីអាចដោះបំណុលបានឆាប់រហ័ស អ្នកត្រូវបង្កើតផែនការ។ ហើយចំពោះផែនការដើម្បីចេញធ្វើសកម្មភាព អ្នកអាចជ្រើសរើសយកវិធីសាស្ត្រដោះបំណុលបែប snowball។​ វិធីសាស្ត្រនេះមានទម្រង់ដែលតម្រូវឲ្យអ្នកធ្វើការអនុវត្តន៍ដោះបំណុលដែលមានចំនួនតិចបំផុតទៅបន្តបន្ទាប់រហូតដល់បំណុលដែលមានចំនួនច្រើន។ ការធ្វើបែបនេះ អ្នកនឹងឃើញថាបំណុលរបស់អ្នកមានការធូរស្បើយពីមួយកម្រិតទៅមួយកម្រិតជាក់ជាមិនខាន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (Financial Writer)

Facebook: Kan Dara 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES