ឃើញ Netflix រកស៊ីកាក់កប ពេលនេះ Disney បញ្ចេញកម្មវិធីមើលរឿង យកថ្លៃទាបជាងគេ

កាលពីថ្ងៃព្រហស្បតិ៍កន្លង​ទៅ ក្រុមហ៊ុន​ដែលល្បីល្បាញខាង​ខ្សែរភាពយន្ត​ក៏ដូចជា​បានទិញយក​នូវ​ក្រុមហ៊ុនផលិត​រឿង​ Avenger គឺ​ Marvel នោះទើបនឹង​ប្រកាសបញ្ចេញនូវសេវាកម្ម​ខាង​មើលវីឌីអូនៅលើអនឡាញ គ្រោង​នឹង​ប្រកួត​ប្រជែង​ជាមួយនឹង​ Netflix។

សេវាកម្មថ្មីរបស់​ Disney នេះគ្រោង​នឹង​យកសេវាប្រចាំខែប្រមាណជា ៦.៩៩ដុល្លារក្នុងមួយខែ ដោយអ្នកប្រើប្រាស់នឹង​អាចទស្សនាខ្សែរភាពយន្តច្រើនរឿង​ពី Disney និង​ក្រុមហ៊ុន​ដែល Disney ទិញយកដូចជា Marvel ជាដើមនោះ។

ការប្រកាសថ្មីនេះ ហាក់បីដូចជា​ប្រកួតប្រជែង​ជាមួយនឹង​សេវាកម្មមើលរឿង​តាមអនឡាញចាស់វស្សារ Neflix ខ្លាំងដោយសារតែតម្លៃដែល Disney ដាក់នេះទាបជាង​ Netflix ស្ទើរ​តែពាក់កណ្ដាលទៅហើយ ខណៈ​ក្នុងមួយខែអ្នកប្រើប្រាស់​ Netflix ត្រូវ​ចំណាយ​ថវិការអស់ប្រមាណពី ១១ដុល្លារ​ទៅ ១៣ដុល្លារ។

យ៉ាងណាក៏ដោយសម្រាប់តម្លៃថោកជាងគេ សេវាកម្មថ្មីរបស់ Disney ដែលមានឈ្មោះថា Disney+ នេះ នៅខ្វះខាត​កម្មវិធីកម្សាន្តច្រើនបើប្រៀបធៀបទៅនឹង Netflix។ បើនិយាយ​ពីវិស័យកីឡាវិញ សេ​វាកម្មថ្មីនេះ គ្មានសោះឡើយ។

សម្រាប់សេវាកម្មថ្មីនេះត្រូវ​បានគេដឹង​ថា​ ភាគច្រើនផ្ដោតទៅលើក្មេងៗច្រើនជាងមនុស្សចាស់។ ជាមួយគ្នានេះផងដែរ​អ្នកជាវ​នូវសេវាកម្មរបស់ Disney+ នឹងទទួលបាន​នូវ​រឿង​ផ្សេងៗរបស់ក្រុមហ៊ុនផលិត​ភាពយន្តល្បីៗដូចជា Pixar, Marvel និង រឿង​ផលិត​ដោយ Disney ផ្ទាល់ជាដើម។

ខាងសេវាកម្មមើលទូរទស្សន៍ ខ្សែរភាពយន្ត​នៅតាមអនឡាញនេះមិនមែនជាអ្វីថ្មីនោះឡើយ ដោយឥឡូវ​នេះគេឃើញមាន App រាប់ភ្លេច​ ព្រមទាំង​ Website ជាច្រើនមួយគំនរគដឹក រាប់ទាំង​វេបសាយ​ស្របច្បាប់ និង​ខុសច្បាប់ផ្សេងៗ។

បើតាមសារពត៌មានល្បីល្បាញរបស់អាមេរិក CNBC បានឱ្យដឹង​ថាក្រោយពី Disney ប្រកាសអំពីសេវាកម្មថ្មីរបស់ខ្លួនរួចមក ភាគហ៊ុនរបស់ខ្លួននៅលើផ្សារហ៊ុនបានកើនឡើង​ក្រឺតៗរហូតដល់ទៅ ១០%ឯណោះ។ សម្រាប់ទីផ្សារស្រុកយើង​វិញ ក្រៅតែពីសេវាកម្មមើលវីឌីអូអនឡាញឥតគិតថ្លៃ YouTube មានសេវាកម្មជាវប្រចាំខែ ដូចជា JaiKon TV, iFlix, និង Netflix ជាដើម៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES