អ្នកមានគំនិតរកស៊ីផ្នែកកសិកម្មដាក់ពាក្យទៅ! កម្មវិធីនេះបង្រៀនឱ្យរកស៊ី ហើយឱ្យលុយយកធ្វើទុនទៀត

វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យ​មួយសំខាន់ខ្លាំង​សម្រាប់ប្រទេសកម្ពុជាយើង ប៉ុន្តែសន្ទុះទៅលើអាជីវកម្មបង្កើតថ្មី ឬ Startup នៅលើវិស័យកសិកម្មនោះហាក់ដូចជាពុំសូវ​មាននោះទេ ដោយសារកត្តាផ្សេងៗ ហើយជួនកាលទៅអ្នកមានគំនិត​ គាត់មិនដឹង​ថាត្រូវ​ធ្វើយ៉ាង​ណា។

យ៉ាង​ណាក៏ដោយ ថ្មីៗនេះមានកម្មវីធីដ៏ល្អមួយដែលរៀបចំឡើយ​ដោយ Impact Hub សហការ​ជាមួយនឹង​អង្គារ​ ស្ថាប័នដ៏ទៃទៀត​បង្កើត​ជាវគ្គបណ្ដុះបណ្ដាលមួយក្រោមឈ្មោះថា “ដាក់ដាំ” ដើម្បី​ជួយគាំទ្រ​និង​អភិវឌ្ឍអាជីវកម្ម​របស់អ្នកដែលមានគំនិត​ល្អ​ចូលទៅក្នុងទីផ្សារ។

អ្នកដែលមានគំនិត​អាជីវកម្មបង្កើត​ថ្មី នឹង​អាចទទួលបាន​កញ្ចប់លុយរហូតដល់ទៅ ៧៥០០ដុល្លារ​ ដើម្បី​ទុកយកមករកស៊ីនិង​អភិវឌ្ឍ​អាជីវកម្មរបស់ខ្លួន បន្ថែមពីនោះមានការ​ជួយបណ្ដុះបណ្ដាលនូវជំនាញខ្វះខាតផ្សេងៗពីសំណាក់​អ្នកជំនាញ និង​អ្នកមានបទពិសោធន៍ពិតៗ។

សម្រាប់លក្ខខណ្ឌក្នុង​ការ​ចូលរួមវិញ មិនមានអ្វីជាការលំបាកឡើយ ដោយបេក្ខជន​មិនតម្រូវ​ឱ្យមានបទពិសោធន៍ធ្វើអាជីវកម្មអ្វីនោះទេ ពោលអ្វីដែលសំខាន់គឺផ្នត់គំនិត​ជាសហគ្រិន ចង់ចូលរួមដោះស្រាយបញ្ហា​សង្គមទាក់ទងទៅនឹង​កសិកម្ម ក៏ដូចជាបរិស្ថាន។

បន្ថែមពីនោះអ្នកដែលមានគំនិត​អាជីវកម្ម ក៏គួរ​មានសមាជិកក្រុមយ៉ាង​តិច​ពីរនាក់ ដែលមានជំនាញ និង​សមត្ថភាព​បច្ចេកទេស​ក្នុង​ការ​ធ្វើគំនិត​អាជីវកម្ម​ឱ្យដើរ​ទៅមុខ។ ក្រៅពីនេះត្រូវ​មាន​ពេលវេលាគ្រប់គ្រាន់សម្រាប់ចូលរួមនៅក្នុង​វគ្គបណ្ដុះបណ្ដាល​របស់គេ ដែលមានរយៈពេល ១២ម៉ោង​ក្នុង​មួយសប្ដាហ៍ កំឡុង​ពេល ៧ខែ។

រីឯការ​ដាក់ពាក្យវិញមិនមែនជារឿង​អ្វីស្មុគស្មាញនោះទេ ដោយខាង​ Impact Hub គេមានជាសំណុំបែបបទសម្រាប់បំពេញនៅលើ អនឡាញស្រាប់ ជាមួយនឹង​ការណែរនាំត្រូវ​បានធ្វើឡើង​ជាភាសាខ្មែរ។ បើសិនជាអ្នកទាំងអស់គ្នា​ចង់ដាក់ពាក្យអាចចុចចូលតាមតំណរនេះបាន៖ (https://impacthubphnompenh.typeform.com/to/JbQTLF)។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ឆាប់រុះរាន់ឡើង ដោយកាលផុត​កំណត់ក្នុងការ​ដាក់ពាក្យ​ នៅថ្ងៃទី ១៦ ខែសីហានេះហើយ។ ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីមួយនេះអាចចូលទៅអាននៅក្នុងគេហទំព័ររបស់ Impact Hub ផ្ទាល់តាមរយៈតំណរនេះ (https://phnompenh.impacthub.net/dakdamincubator/)។

អត្ថបទដោយ៖ ខុន សក្ក័ដា

USNews Logo

RELATED ARTICLES