CSX រៀបចំសិក្ខាសាលពីការវិនិយោគសម្រាប់វិនិយោគិនចិនលើកដំបូងបំផុត ខណៈចិនជាវិនិយោគិនបរទេស ឈរលេខ១

នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ដោយបានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំនូវសិក្ខាសាលាស្តីពីការវិនិយោគសម្រាប់វិនិយោគិនសញ្ជាតិចិននៅកម្ពុជា ជាលើកដំបូងបំផុត ក្រោមប្រធានបទ “ឱកាសនៃការវិនិយោគមូលបត្រនៅកម្ពុជា” នៅអាគារផ្សារមូលបត្រកម្ពុជា។ 

សិក្ខាសាលានេះ បានទាក់ទាញការចាប់អារម្មណ៍ និងទទួលបានការ​អញ្ជើញចូលរួម​យ៉ាង​ច្រើន​កុះករ​ពីសំណាក់ជន​ជាតិ​ចិន​ជិត១០០នាក់ ​ ដែលក្នុងនោះភាគច្រើនជាសហគ្រិន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាក្រុមហ៊ុននានា និងជាវិនិយោគិន។

ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំសិក្ខាសាលាមុនៗនៅបរទេស​ ពិសេសនៅ​ទីក្រុង​សិនជិន​នៃប្រទេសចិន​កាល​ពី​ខែមេសា ដែល​ទទួលបានការ​ចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនសញ្ជាតិចិនមកលើផ្សារមូលបត្រកម្ពុជា ផ.ម.ក.ក៏បានរៀបចំសិក្ខាសាលាក្នុងស្រុកនេះឡើងសម្រាប់វិនិយោគិនសញ្ជាតិចិនដែលមានសក្តានុពល ដែល​ស្ថិតនៅក្នុងប្រទេសកម្ពុជា​ផ្ទាល់​ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅនូវឱកាសវិនិយោគមូលបត្រនៅកម្ពុជា។

ក្នុងអំឡុងពេលសិក្ខាសាលាវាគ្មិនបានធ្វើបទបង្ហាញអំពីបេសសកម្ម និងយុទ្ធសាស្ត្រអភិវឌ្ឍរបស់ផ្សារមូលបត្រកម្ពុជា ក៏ដូចជាផ្តល់ជូនវិនិយោគិននូវព័ត៌មានសំខាន់ៗ​ រួមមាន ប្រភេទផលិតផលវិនិយោគ​ដែលមានស្រាប់លើទីផ្សារ ព័ត៌មានទាក់ទងនឹងក្រុមហ៊ុនចុះបញ្ជី ច្បាប់និងបទបញ្ញាតិសម្រាប់ការជួញដូរ ការលើកទឹកចិត្តផ្នែកពន្ធ និងមិនមែន​ពន្ធ លក្ខខណ្ឌ និងនិតិវិធីនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង និងមគ្គទេសក៍នៃការចុះបញ្ជីក្នុងផ.ម.ក.។

ក្នុង​ឱកាស​នា​សិក្ខាសាលា​​នេះ​ដែរ​ ផ.ម.ក.ក៏បានប្រកាសដាក់​ឲ្យ​ប្រើ​ប្រាស់​នៅមុខងារជា​ភាសាចិនដែលទើបតែបានបន្ថែម​ថ្មីទៅ​លើ​ប្រព័ន្ធជួញដូរចល័ត MTS ពីលើភាសាខ្មែរ និងអង់គ្លេស ​ដែលមានស្រាប់ ដើម្បីសម្រួលដល់វិនិយោគិនសញ្ជាតិចិន ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ MTS។ បន្ថែមពីលើនេះ សិក្ខាសាលាក៏បានផ្តល់ជាទីកន្លែងសម្រាប់អ្នកចូលរួម និងក្រុមហ៊ុនមូលបត្រ ដើម្បីជួប និងពិគ្រោះពិភាក្សាអំពីនិតិវិធីក្នុងការធានាទិញមូលបត្រ និងសេវាកម្មឈ្មួញជើងសារមូលបត្រផងដែរ។ 

USNews Logo

RELATED ARTICLES